ខេមបូឌា ដេលី គឺជាកាសែតឯករាជ្យមិនស្វែងរកប្រាក់ចំណេញមួយ ដែលចេញផ្សាយរយៈពេលប្រាំមួយថ្ងៃក្នុងមួយសប្ដាហ៍ ក្នុងរាជធានីភ្នំពេញ។ កាសែតនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់មូលដ្ឋានគ្រឹះសម្រាប់សារព័ត៌មានសេរីនៅក្នុងប្រទេសកម្ពុជា និងដើម្បីបណ្តុះបណ្តាលអ្នកសារព័ត៌មានជំនាន់ថ្មី។ ស្ថាបនិកនិងជាបណ្ណាធិការរបស់កាសែតនេះគឺជាអ្នកកាសែតសញ្ជាតិអាមេរិកជើងចាស់មួយរូប ដែលបានធ្វើសេចក្តីរាយការណ៍ព័ត៌មានអំពីប្រទេសកម្ពុជា អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ឲ្យទស្សនាវដី្ត ញូវស៍វីក (Newsweek) ហើយបានសម្លឹងឃើញឱកាសក្នុងការជួយប្រទេសប្រជាធិបតេយ្យដ៏ក្មេងខ្ចីនេះ តាមរយៈការបង្កើតកាសែតមួយនៅទីនេះក្រោយការបោះឆ្នោត ដែលរៀបចំដោយអង្គការសហប្រជាជាតិនៅក្នុងឆ្នាំ១៩៩៣។
ប្រទេសកម្ពុជា ដែលបានទទួលរងការឈឺចាប់ខ្លោចផ្សានិងសោកនាដកម្មដោយសាររបបប្រល័យ ពូជសាសន៍ ប៉ុល ពត ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ដែលបានសម្លាប់មនុស្សអស់ជាង១លាននាក់នោះ គឺនៅតែស្ថិតនៅក្នុងចំណោមប្រទេសក្រីក្របំផុតនៅក្នុងតំបន់អាស៊ី នេះ។ ប្រទេសនេះត្រូវប្រឈមនឹងបញ្ហាជាច្រើន ក្នុងនោះរួមមានទាំងមេរោគហ៊ីវ/អេដស៍ មីនកប់ក្នុងដីរាប់លានគ្រាប់ ការឆ្លងជំងឺគ្រុនចាញ់ក្នុងកម្រិតខ្ពស់នៅតាមតំបន់ជនបទ និងកង្វះជំនាញផ្នែកវេជ្ជសាស្ត្រជាទូទៅផងដែរ។ បទឧក្រិដ្ឋ អំពើពុករលួយ និងការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅក្នុងប្រទេសកម្ពុជា បានបន្តបន្ទុចបង្អាក់ការអភិវឌ្ឍរបស់ប្រទេសនេះ។
សម្រាប់ ចំណុចវិជ្ជមានវិញ ប្រជាជនកម្ពុជាវ័យក្មេងជំនាន់ថ្មីដែលមានការតាំងចិត្តមោះមុត កំពុងខំសង្វាតបោះជំហានចេញពីសម័យអន្ធកាល។ ពលរដ្ឋកម្ពុជាប្រកបដោយមហិច្ឆតាទាំងនេះកំពុងនាំគ្នាពពាក់ពពូន ក្រេបយកចំណេះដឹងផ្នែកវេជ្ជសាស្ត្រ ច្បាប់ រដ្ឋបាលពាណិជ្ជកម្ម រួមជាមួយនឹងជំនាញផ្នែកភាសាអង់គ្លេសនិងកុំព្យូទ័រ។ ពួកគេបានចូលសិក្សានៅតាមសាកលវិទ្យាល័យ សាលាបច្ចេកទេសនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីទទួលបានការអប់រំដែលនឹងជួយពួកគេក្នុងការបង្កើតបរិយាកាស កាន់តែរីករាយមួយសម្រាប់ខ្លួនឯងនិងសម្រាប់ប្រទេសជាតិរបស់ខ្លួន។
តាមរយៈ ការផ្តល់សេចក្តីរាយការណ៍ព័ត៌មានឥតលម្អៀងអំពីប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀតជុំវិញពិភពលោក ដល់មិត្តអ្នកអានទាំងជាភាសាខ្មែរនិងភាសាអង់គ្លេស កាសែតនេះសង្ឃឹមថា នឹងអាចរួមចំណែកដល់ការស្តារប្រទេសកម្ពុជាឡើងវិញ។ យើងមានគោលបំណងបញ្ជ្រាបព័ត៌មាននិងចំណេះដឹងក្នុងចំណោមសាធារណជន ដែលនឹងមានលទ្ធភាពពេញលេញក្នុងការជ្រើសរើសថ្នាក់ដឹកនាំស័ក្តិសម បំផុតដែលអាចសម្រេចបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាគ្រប់ៗរូប តាមរយៈការបោះឆ្នោត។
គេហទំព័រនេះគឺមានតែអត្ថបទពណ៌នាសំខាន់ ៗ អត្ថបទព័ត៌មានស៊ើបអង្កេត និងអត្ថបទបន្ថែមពិសេសដែលបោះពុម្ពផ្សាយដោយកាសែត ខេមបូឌា ដេលី ប៉ុណ្ណោះ។ កាសែតនេះផ្ទាល់គឺមានចេញផ្សាយប្រចាំថ្ងៃនៅក្នុងប្រទេសកម្ពុជា (៥.០០០ច្បាប់) និងមានអត្ថបទប្រចាំសប្ដាហ៍សម្រាប់មិត្តអ្នកអាននៅបរទេស (ក្នុងតម្លៃ២៥០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ)។ អត្ថបទប្រចាំសប្ដាហ៍ (Weekly Review) នេះ មានអត្ថបទព័ត៌មានសរុបអំពីប្រទេសកម្ពុជាពីកាសែតប្រចាំថ្ងៃដែល ចេញផ្សាយមួយសប្ដាហ៍មុន៕
បណ្ណាធិការ
ប៊ើណាត គ្រីស័រ