ក្រសួងយុត្តិធម៌បានចាត់ទុកសកម្មភាពគ្រោងវិលចូលស្រុករបស់លោក សម រង្ស៊ី ជារដ្ឋប្រហារ

ក្រសួងយុត្តិធម៌ ដែលគេចាត់ទុកថាជាដៃឆ្វេងដ៏សំខាន់របស់ ហ៊ុន សែន បានហៅសកម្មភាពរបស់អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលគ្រោងនឹងចូលស្រុក ព្រមទាំងការអំពាវនាវឱ្យពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលនោះថា ជារដ្ឋប្រហារតែម្តង។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌នៅថ្ងៃនេះ អះអាងថា ផែនការវិលចូលស្រុករបស់ លោក សម រង្ស៊ី អមដោយការអំពាវឱ្យកងទ័ពផ្តាច់ខ្លួនចេញពីរដ្ឋាភិបាល ហើយមកឈរខាងពលរដ្ឋ ដើម្បីប្រឆាំងរដ្ឋាភិបាលវិញនោះ គឺជាអំពើធ្វើ «រដ្ឋប្រហារ» ដែលជាបទល្មើសឧក្រិដ្ឋកម្មយ៉ាងធ្ងន់ធ្ងរ។

កាលពីថ្ងៃទី១៥ ខែកញ្ញា គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយសម្រេចរៀបចំផែនការសកម្មភាពសម្រាប់ដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី។

ផែនការទាំងនោះ មាន ៥ចំណុច ដោយចំណុចមួយគឺការរៀបចំថវិកាសម្រាប់គាំទ្រដល់កងកម្លាំងផ្ដាច់ខ្លួនពីលោកហ៊ុន សែន ហើយមកឈរជាមួយពលរដ្ឋ ដើម្បីត្រៀមទទួលលោក សម រង្ស៊ី នៅថ្ងៃទី៩               ខែវិច្ឆិកា។ 

២ថ្ងៃក្រោយ បន្ថែមពីលើសេចក្តីប្រកាសព័ត៌មាននេះ លោក សម រង្ស៊ី បានជំរុញឱ្យកងកម្លាំងប្រដាប់អាវុធស្នេហាជាតិ ត្រូវរើបម្រះខ្លួន ហើយផ្តាច់ខ្លួន ពីរដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីទៅចូលរួមជាមួយប្រជាពលរដ្ឋ។ ការងើបឈរនោះ លោកបញ្ជាក់ថា គឺដើម្បីរួមគ្នា ជាធ្លុងមួយ ទាមទារសេរីភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ២០១៩ នេះ              តទៅ។

យ៉ាងនេះក្តី ក្រសួងយុត្តិធម៌បានអះអាងថា ផែនការបែបនេះ ពុំមែនជា ករណីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ ប៉ុន្តែគឺជាផែនការប៉ុនប៉ង ធ្វើរដ្ឋប្រហារ និងបដិវត្តដោយហិង្សា ដើម្បីផ្តួលរំលំ រដ្ឋាភិបាល បច្ចុប្បន្នតែប៉ុណ្ណោះ។

សេនាធិការរបស់រដ្ឋាភិបាលនេះ បានបង្ហើបពីទិដ្ឋភាពច្បាប់មួយចំនួន ដូចជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម «បទល្មើសឧបឃាត» តាមបញ្ញត្តិមាត្រា ៤៥១ និងមាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌ ត្រូវដាក់ពន្ធនាគារពី ១៥ឆ្នាំទៅ៣០ឆ្នាំ ហើយប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈទោសសម្រាប់ «បទល្មើសឧបឃាត»នេះ ត្រូវដាក់ពន្ធនាគារអស់មួយជីវិត។

ដោយឡែកពលរដ្ឋ ទាំងឡាយដែលចូលរួមនៅក្នុងគម្រោងការនេះ ត្រូវជាប់ទោសពី«បទល្មើសរួមគំនិតក្បត់» ដែលត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ហើយទោសនេះ ត្រូវបន្ថែមទម្ងន់ដាក់ពន្ធនាគារពី ១០ទៅ២០ឆ្នាំ ប្រសិនបើជនល្មើស គឺជាអ្នករាជការសាធារណៈជាដើម។

តែយ៉ាងណាក៏ដោយចុះ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌នេះ ត្រូវបានគេមើលឃើញថាជាការគំរាមដល់ពលរដ្ឋ និងមន្ត្រីរាជការសាធារណ

ៈ មុនពេលការវិលត្រឡប់របស់លោក សម រង្ស៊ី ដើម្បីបញ្ចៀសការប្រមូលផ្តុំកម្លាំងកាន់តែច្រើន ប្រឆាំងរដ្ឋាភិបាលតាមផ្លូវច្បាប់របស់អតីតប្រធានគណបក្សប្រឆាំងរូបនេះចង់បាន។

កម្ពុជាធ្លាប់មានប្រវត្តិធ្វើរដ្ឋប្រហារ មិនតិចជាង៤លើកឡើយ ក្រោយពេលកម្ពុជាទទួលបានឯករាជ្យពីបារាំងកាលពីឆ្នាំ១៩៥៣មក។

កាលពីដើមខែកញ្ញា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំក្នុងផ្ទះ លោក កឹម សុខា បានណែនាំទៅអ្នកនយោបាយទាំងអស់គប្បីបញ្ឈប់ការចង់ឈ្នះចង់ចាញ់គ្នាឯង ដោយយករាស្ត្រ និងជាតិជាឈ្នាន់បន្តទៀត ដោយសារពលរដ្ឋ និងជាតិខ្មែរបានស្គាល់ពីភាពឈឺចាប់គ្រប់គ្រាន់ហើយ៕ 

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.