គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បង្ហាញក្តីបារម្ភក្រោយការចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម

គណបក្សប្រជាធិបតេយ្យមូលដ្ឋានឬ ហៅថា GDP បានលើកឡើងពីក្តីបារម្ភចំពោះព្រឹត្តិការណ៍ចុះហត្ថលេខាទទួលស្គាល់ព្រំដែនគោក ដែលបោះបង្គោលសម្រេចបាន៨៤%  រវាងថ្នាក់ដឹកនាំកម្ពុជានិងវៀតណាម កាលពីថ្ងៃទី៥ ខែតុលា។ 

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីថ្ងៃម្សិលមិញ បានចេញ សេចក្តីថ្លែងការណ៍មួយដោយទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន បង្ហាញសាធារណជននូវឯកសារព្រំដែនចំនួន២ ដែលបានចុះហត្ថលេខាជាមួយភាគីវៀតណាជាសាធារណៈ ដើម្បីបង្ហាញតម្លាភាព និងបញ្ចប់មន្ទិលសង្ស័យទាំងឡាយ។

គណបក្សដដែលនេះ បានលើកឡើងថា ដោយសារកម្ពុជាមិនមានគណៈកម្មការជំនាញលើបញ្ហាព្រំដែន ប្រវត្តិសាស្ត្រ ច្បាប់ និងប្រជាសាស្ត្រ ហើយ GDP ក៏មិនអាចដឹងបានថា តើការចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលព្រំដែនសម្រេច៨៤ភាគរយ រវាងរដ្ឋាភិបាលកម្ពុជានិងវៀតណាម កាលពីថ្ងៃទី ៥ តុលា នោះ នាំឱ្យកម្ពុជាខាតទឹកដី ឬ វៀតណាមជាអ្នកចំណេញ។

យ៉ាងនេះក្តី អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផានបានថ្លែងប្រាប់សារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD នៅថ្ងៃនេះ ដោយបដិសេធ ការទាមទារឱ្យបង្ហាញឯកសារនៃកិច្ចព្រមព្រៀងរឿងព្រំដែនជាសាធារណៈ តាមការចង់បានរបស់គណបក្ស GDP។

គណបក្ស GDP យល់ថាការមានព្រំដែនជាក់លាក់មួយគឺជារឿងប្រសើរ ប៉ុន្តែគណបក្សមួយនេះ អះអាងថាក្នុងស្ថានភាពនយោបាយប្រទេសមិនទាន់មានឯកភាពគ្នា និងក្នុងពេលសភាជាតិគ្រប់គ្រងដោយគណបក្សតែមួយនោះ រដ្ឋសភា ពុំគួរផ្តល់សច្ចាប័ន លើសន្ធិសញ្ញាឬ កិច្ចព្រមព្រៀងជុំវិញបញ្ហាព្រំដែននេះឡើយ។

ឯកសារច្បាប់ចំនួន២នោះពាក់ព័ន្ធបញ្ហាព្រំដែនប្រទេសកម្ពុជា-វៀតណាម រួមមានទី១ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងទី២ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ ត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក កាលពីសប្តាហ៍មុននៅប្រទសកុម្មុយនីស្តមួយនេះ។

កម្ពុជា និងវៀតណាមមានព្រំដែនគោករួមគ្នាប្រវែងជាង១២០០គីឡូម៉ែត្រ  ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាបោះបង្គោលសម្រេចចំនួន ៣១៤ ឬស្មើប្រមាណ៨៤ភាគរយ  ពោលគឺនៅសល់១៦ភាគរយទៀត មិនទាន់ឯកភាព ប៉ុន្តែរដ្ឋាភិបាលប្រទេសទាំងពីរបានប្តេជ្ញាដោះស្រាយបញ្ហានៅសេសសល់ឱ្យចប់ក្នុងពេលឆាប់ៗ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.