តុលាការខេត្តត្បូងឃ្មុំ ចោទប្រកាន់អតីតសកម្មជនបក្សប្រឆាំង៣រូប ពីបទរួមគំនិតក្បត់

ក្រោយការប្រកាសឱ្យចាត់វិធានការឬ ចាប់ខ្លួនសកម្មជនគណបក្សសង្រ្គោះជាតិទាំងឡាយណាដែលគាំទ្រសារមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ពីសំណាក់លោក ហ៊ុន សែន មិនបានប៉ុន្មានថ្ងៃផង តុលាការតាមបណ្តា ខេត្តមួយចំនួនបានចេញដីកាចោទប្រកាន់អតីតសកម្មជនបក្សប្រឆាំងជាហូរហែ។

នៅថ្ងៃសុក្រ ទី០៤ ខែតុលា នេះ តុលាការខេត្តត្បូងឃ្មុំ បានសម្រេចចោទប្រកាន់អតីតមន្ត្រីនិងសកម្មជនគណបក្សសង្រ្គោះជាតិចំនួន៣រូប និងបក្ខពួក ពីបទ «រួមគំនិតក្បត់» តាមផែនការផ្តួលរំលំរដ្ឋាភិបាល។

អតីតមន្ត្រីនិងសកម្មជនទាំងនោះរួមមាន លោក ស៊ីម  ស៊ាងឡេង ហៅ វែង, អ្នកស្រី យ៉ម វណ្ណណែត និងកញ្ញា មាន ឡា ព្រមទាំងបកុ្ខពួក ពីបទរួមគំនិតក្បត់ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ប្រទេសកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំនៅថ្ងៃនេះ បញ្ជាក់ថា ការចោទប្រកាន់នេះ ដោយសារពួកគេបានធ្វើសកម្មភាពកៀរគរ និងបំផុសឲ្យមហាជននឹងឡើងមករាជធានីភ្នំពេញដើម្បីចូលរួម ក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ក្រោមឧបាយកល «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញ របស់ សម រង្ស៉ី» នៅថ្ងៃទី ៩វិច្ឆិកា ។

ដោយឡែក អតីតសកម្មបក្សប្រឆាំងនៅខេត្តផ្សេងទៀត ដូចជាខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ជាដើម ក៏ត្រូវបានតុលាការចោទប្រកាន់អំពីបទរួមគំនិតត្បត់នេះផងដែរ។ 

គិតត្រឹមថ្ងៃនេះ មានអតីតសកម្មជននិងអ្នកគាំទ្របក្សប្រឆាំងចំនួន៣៩នាក់ហើយ ត្រូវបានចាប់និងឃុំខ្លួន ហើយជិត២០នាក់ទៀត ត្រូវបានតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់ ដែលត្រូវជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ។

កាលពីថ្ងៃ២ តុលា លោក ហ៊ុន សែន បានព្រមានចាប់ខ្លួន អតីតសកម្មជនគណបក្សសង្រ្គោះជាតិទាំងឡាយណាដែលហ៊ានចេញមុខគាំទ្រសារវិលត្រឡប់របស់លោក សម រង្ស៊ី និងហ៊ានធ្វើយុទ្ធនាការម្រាមដៃ៩ ដែលជាសញ្ញានៃការវិលត្រឡប់របស់អតីតមេបក្សជំទាស់រូបនេះនៅថ្ងៃទី ៩ វិច្ឆិកា។

យ៉ាងនេះក្តី លោក សម រង្ស៊ី បានហៅការអនុវត្តច្បាប់របស់តុលាការថា ជាច្បាប់ព្រៃស្ថិតនៅលើបបូរមាត់របស់លោកហ៊ុន សែនប៉ុណ្ណោះ ។

អតីតមេបក្សប្រឆាំងដែលរស់នៅក្រៅប្រទេសរូបនេះ ថា បើលោក ហ៊ុន សែន ចង់គំរាមកំហែង និងចាប់ចងពលរដ្ឋ មែននោះ លោកត្រូវតែរៀបចំមន្ទីរឃុំឃាំងសម្រាប់ដាក់ពលរដ្ឋខ្មែរ យ៉ាងតិចមួយលាននាក់ ដែលនឹងមកទទួលស្វាគមន៍រូបលោក នៅលើទឹកដីប្រទេសកម្ពុជា ក្នុងថ្ងៃ ០៩ វិច្ឆិកា ២០១៩។

លោកបន្តថា ផ្ទុយទៅវិញបើលោក ហ៊ុន សែន រៀបចំមន្ទីរឃុំឃាំងបែបនេះមិនបានទេ គាត់ត្រូវតែត្រៀមខ្លួនចូលគុកតែម្នាក់ឯងចុះ ពីព្រោះគាត់ជាជនក្បត់ជាតិតែម្នាក់គត់។

ជម្លោះអ្នកនយោបាយខ្មែរនៅតែរកច្រកចេញមិនបាន ស្របពេលដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធEBA របស់អឺរ៉ុប ពីកម្ពុជាកំពុងឈានជិតដល់ផ្លូវមរណៈ ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន មិនព្រមស្តារស្ថានការណ៍នយោបាយ និងបង្ហាញជំហជាក់លាក់ក្នុងការគោរពសិទ្ធិមនុស្សឡើងវិញនោះទេ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.