ថ្នាំ​អាបែត​១៨៤​តោន​ត្រៀម​ចែក​ជូន​ពលរដ្ឋ​ដើម្បី​ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​

ក្រសួង​សុខាភិបាល​ត្រៀម​ថ្នាំ​អាបែត​១៨៤​តោន​ ចែក​ជូន​ពលរដ្ឋ​ដើម្បី​ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម ​នា​រដូវ​វស្សា​នេះ​ដែល​ជា​ពេល​ផ្ទុះ​ជំងឺ​គ្រុន​ឈាម។​

ការ​បើក​យុទ្ធនាការ​ចុះ​ចែក​ថ្នាំ​នេះ​ ធ្វើឡើង​បន្ទាប់​ពី​ជំងឺ​គ្រុន​ឈាម​បាន​ផ្ទុះ​ឡើង​ នៅ​ទូទាំង​ប្រទេស​ចំនួន​១​ម៉ឺន​៣​ពាន់​ករណី​ ដោយ​សម្លាប់​មនុស្ស​ចំនួន​២៤​នាក់ ​ដែល​ចំនួន​នេះ​កើន​ឡើង​ប្រមាណ​ ៥​ ដង​ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​កន្លង​មក។​

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ប៉ារ៉ាស៊ីត​សាស្ដ្រ ​និង​បាណក​សាស្ដ្រ​ លោក​វេជ្ជ​បណ្ឌិត​ហ៊ុយ រ៉េកុល​ឲ្យ​ដឹង​ថា​ ក្រៅពី​ចុះ​ចែក​ថ្នាំ​ហើយ​ មន្រ្តី​ជំនាញ​នឹង​ចុះ​បាញ់​ថ្នាំ​បង្កា​តាម​ផ្ទះ​ពលរដ្ឋ​ ដើម្បី​ការពារ​ជំងឺ​គ្រុន​ឈាម​កុំ​ឱ្យ​រាត​ត្បាត។​

លោក​វេជ្ជ​បណ្ឌិត​បន្ត​ទៀត​ថា​ ក្រសួង​សុខាភិបាល​បាន​បញ្ជូន​គ្រូ​ពេទ្យ​ជា​ច្រើន​នាក់​ទៅ​ប្រចាំ​ការ​នៅ​ទីតាំង​ដែល​ផ្ទុះ​ជំងឺ​គ្រុន​ឈាម​ ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍​ព្យាបាល​ឱ្យ​បាន​ទាន់​ពេល​វេលា។ ​ជំងឺ​គ្រុន​ឈាម​ បាន​ផ្ទុះ​ឡើង​កាលពី​ចុង​ខែ​ឧសភា​នៅ​ក្នុង​ស្រុក​និង​ក្រុង​ចំនួន​៣ ​នៃ​ខេត្ត​រតនគិរី​ក្នុង​នោះ​មាន​ស្រុក​វើនសៃ​ស្រុក​បកែវ​ និង​ក្រុង​បាន​លុង។​ ក្រៅពី​ខេត្ត​រតនគិរី​ជំងឺ​នេះ​ក៏​បាន​ផ្ទុះ​នៅ​ខេត្ត​ក្រចេះ​ផង​ដែរ។​

មន្រ្តី​ជំនាញ​អះអាង​ថា ​ជំងឺ​គ្រុន​ឈាម​តែងតែ​ផ្ទុះ​ឡើង​រៀង​រាល់​៤​ទៅ​៥​ឆ្នាំ​ម្ដង។​ ជំងឺ​គ្រុន​ឈាម​មិនមែន​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ដោយ​ផ្ទាល់​នោះ​ទេ​គឺ​ជំងឺ​នេះ​ត្រូវ​បាន​ចម្លង​តាម​រយៈ​ការ​ខាំ​របស់​សត្វ​មូស​ខ្លា​ញី​ដែល​វា​មាន​ឈ្មោះ​ជា​ភាសា​បច្ចេកទេស​ហៅ​ថា ​អាអេ​ដែស​ អាអេហ្ស៊ីបស៊ី​(AedesAegypti)។​

នៅ​ពេល​រដូវ​ធ្លាក់​ភ្លៀង​មាន​ទឹក​ដក់​ មាន​ជម្រក​មូស​គឺ​ជា​ពេល​ដែល​ជំងឺ​នេះ​រាតត្បាត។​ មន្ត្រី​ជំនាញ​ជំរុញ​ឲ្យ​ពលរដ្ឋ​លុប​បំបាត់​នូវ​ទី​ជម្រក​មូសពង​ដែល​អាច​បង្កើត​ជា​ដង្កូវ​ទឹក ​ជា​ពិសេស​ព្រៃ​ជុំវិញ​ផ្ទះ​ សំបក​កង់​ឡាន​ចាស់ៗ​សំបក​កំប៉ុង​ចាស់ៗ​ ការ​គ្រប់​គ្រង​ និង​លុប​បំបាត់​ដង្កូវ​ទឹក។​​ការ​ប្រើ​ថ្នាំ​បាញ់​សម្លាប់​សត្វ​មូស។​ យុទ្ធនាការ​អប់រំ​និង​ការ​លើក​​កម្ពស់​ការ​យល់​ដឹង​ដល់​ប្រជា​ពលរដ្ឋ​ទូទៅ​តាម​រយៈ​បណ្តាញ​ផ្សព្វ​ផ្សាយ​បណ្តាញ​សង្គម ​សាលា​រៀន​ និង​យុទ្ធនាការ​ផ្សេងៗ​ក្នុង​សហគមន៍​ជា​ដើម៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.