រដ្ឋាភិបាលប្រកាសឱ្យត្រៀមកម្លាំងបង្ក្រាបសកម្មភាពគាំទ្រ លោក សម រង្ស៊ី

រដ្ឋាភិបាលតាមរយៈ អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឱ្យកងកម្លាំងទាំងអស់ចូលរួមទប់ស្កាត់ និងបង្ក្រាបសកម្មភាពទាំងឡាយដែលគាំទ្រអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី។

ក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការងារសន្តិសុខទៅដល់កម្លាំងនគរបាលទូទាំងប្រទេស នៅព្រឹកនេះ អគ្គស្នងការនគរបាលជាតិ លោកនេតសាវឿន ដាក់បទបញ្ជាទៅកាន់ស្នងការនគរបាលទូទាំងប្រទេសឱ្យត្រៀមកម្លាំងទប់ស្កាត់ និងបង្ក្រាបសកម្មភាពទាំងឡាយរបស់អ្នកគាំទ្រលោក សម រង្ស៊ី។

សារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD បានដកស្រង់សម្តី អ្នកនាំពាក្យអគ្គស្នងការនគបាលជាតិ លោកឆាយ គឹមឃឿន ចុះផ្សាយថា កិច្ចប្រជុំនេះផ្តោតសំខាន់លើការអប់រំចិត្តសាស្ដ្រកងកម្លាំង ការពង្រឹងសន្តិសុខរដូវភ្ជុំនិងការត្រៀមកម្លាំងបង្ក្រាបចលនាចលនាគាំទ្រ លោក សម រង្ស៊ី ដោយលោកថាការគាំទ្រអតីតមេបក្សប្រឆាំងរូបនេះគឺជាទង្វើខុសច្បាប់។

ការលើកឡើងនេះ ក្រោយពេលក្រុមគណបក្សសង្រ្គោះជាតិដែលគាំទ្រលោកសមរង្ស៊ីនៅក្រៅប្រទេសកាលពីថ្ងៃទី១៥ខែកញ្ញា បានចេញសេចក្ដីប្រកាសព័ត៌មានមួយឲ្យមានការត្រៀមថវិកាឱ្យកងកម្លាំងដែលផ្តាច់ខ្លួនពីលោក ហ៊ុនសែនមកគាំទ្រចលនាលោក សម រង្ស៊ី វិញ។ ការពីចុងខែសីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក៏បានព្រមានរួចហើយថា សកម្មភាពទាំងឡាយណាដែលជ្រកក្រោមឆ័ត្រគណបក្សសង្រ្គោះជាតិ នឹងត្រូវបានបង្ក្រាប ព្រោះជាទង្វើខុសច្បាប់។

ក្រោយការប្រកាសនេះ មិនបានប៉ុន្មានថ្ងៃផង យ៉ាងហោចណាមានអតីតមន្ត្រីនិងសកម្មជនគណបក្សសង្រ្គោះជាតិជាង១០នាក់ត្រូវបានចាប់ និងឃុំខ្លួនជាបន្តបន្ទាប់ ក្រោយការចោទប្រកាន់ថាទទួលបានបញ្ជាពីលោក សម រង្ស៊ី ដើម្បីត្រៀមប្រឆាំងរដ្ឋាភិបាល។

យ៉ាងនេះក្តី លោក សម រង្ស៊ី ដែលកំពុងរស់នៅប្រទេសលោកខាងលិច បានប្រកាសជំហច្បាស់ហើយថា លោកនឹងថ្នាក់ដឹកនាំក្រុមមន្រ្តីរបស់លោក ត្រឡប់មកកម្ពុជាឱ្យបាននៅថ្ងៃទី៩ ខែវិច្ឆិកា ហើយនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះ លោក និងថ្នាក់ដឹកនាំបក្សប្រឆាំងនឹងឈានជើងចូលទឹកដីតំបន់អាស៊ី មុនពេលចូលមកកម្ពុជា៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.