លោក​គឹម សុខ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​បង្ហាញ​វីដេអូ​បាញ់​សម្លាប់​លោក​បណ្ឌិត​កែម ឡី​

អ្នក​វិភាគ​នយោបាយ​ឥត​សំចៃ​មាត់​ ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​លោក​គឹម សុខ​បាន​លើក​ឡើង​ថា ​ប្រសិន​បើ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ក្លាហាន​លាត​ត្រដាង​រូប​ភាព​នៃ​អង្គ​ចង​ចាំ​លើ​ករណី​សម្លាប់​លោក​បណ្ឌិត​កែម ឡី​លោក​នឹង​វិល​ត្រឡប់​ចូល​ស្រុក​ភ្លាម។​

អ្នក​វិភាគ​នយោបាយ​លោក​គឹម សុខ​បាន​ថ្លែង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃ​នេះ​ថា ​លោក​តែង​តែ​ផ្ទៀង​ស្ដាប់​ប្រសាសន៍​របស់​លោក​ហ៊ុន សែន​រហូត​ គឺ​ស្តាប់​ស្ទើរ​តែ​មិន​ដែល​បាត់​មួយ​មាត់​ឡើយ។ ​

លោក​គឹម សុខ​អះអាង​ថា​ មេ​ដឹកនាំ​ដែល​កាន់​អំណាច​យូរ​ជាង​គេ​ក្នុង​តំបន់​រូប​នេះ​ថ្លែង​អួតអាង​អំពី​ការ​ចិញ្ចឹម​ចិត្ត​និង​សកម្ម​ភាព​ព្យាបាទ​អ្នក​នេះ​ឬ​អ្នក​នោះ​មិន​ចេះ​ស្វាង។​ ប៉ុន្តែ​លោក​មិន​ដែល​ឮ​សោះ​ឡើយ​ថា​ តើ​ពេល​ណា​ទៅ​ទើប​លោក​នាយក​រដ្ឋមន្ត្រី​បង្គ្រប់​កិច្ច​រូប​នេះ​មាន​ផែន​ការ​ចាក់​បង្ហាញ​អង្គ​ចង​ចាំពិត​ នៅ​ស្តាម៉ាត​ស្តុប​បូកគោ​ចំ​ថ្ងៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម ឡី ​ដែល​ជា​ភ័ស្តុតាង​សំខាន់​ជាង​គេ​ ក្នុង​រឿង​ក្តី​រវាង​លោក​ហ៊ុន សែន​និង​លោក​គឹម សុខ។​

យ៉ាង​នេះ​ក្តី​អ្នក​វិភាគ​រូប​នេះ​មិន​ដឹង​ថ្ងៃ​ណា​ទើប​បាន​ឮ​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា​ហ៊ាន​និយាយ​ចេញ​អំពី​រឿង​នេះ​ឡើយ?  ​

លោក​បណ្ឌិត​កែម ឡី​ត្រូវ​បាន​ឃាត​ករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​ក្នុង​ស្តារ​ម៉ាត់​ស្តុប​បូកគោ​កាល​ពី​ថ្ងៃ​ទី​១០​កក្កដា​២០១៦​គឺ​ពីរថ្ងៃ​ក្រោយ​លោក​វិភាគ​ទៅ​លើ​របាយ​ការណ៍​អង្គការ​Global Witness​អំពី​អធិរាជ​ជំនួញ​ត្រកូល​ហ៊ុន​ដែល​មាន​ទឹក​ប្រាក់​រាប់​រយ​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក ​ដោយ​ក្តោប​ក្តាប់​ជំនួញ​ធំៗ​ក្នុង​ស្រុក​ខ្មែរ​ស្ទើរ​តែ​ទាំង​ស្រុង។​

ក្រោយ​ការ​ស្លាប់​លោក​បណ្ឌិត​កែម ឡី​ អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​សម រង្ស៊ី​បាន​ចោទ​ចំៗ​ថា​ លោក​ហ៊ុន សែន​ជាអ្នក​នៅ​ពី​ក្រោយ​នៃ​ឃាតកម្ម​នេះ។ ​លោក​ហ៊ុន សែន​ក៏​ធ្លាប់​ថ្លែង​អំពី​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​ស្លាប់​នេះ​ដោយ​ថា​ អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​សម្លាប់​លោក​កែម ឡី​គឺ​ជា​អ្នក​ដែល​ទទួល​បាន​ប្រយោជន៍​ពីការ​ស្លាប់​នោះ។​

មក​ទល់​ពេល​នេះ ​មាន​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​ឈ្មោះ​អឿត អាង​ហៅ​ជួប​សម្លាប់​ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​គុក​មួយ​ជីវិត​ជុំវិញ​ការ​សម្លាប់​លោក​បណ្ឌិត​កែម ឡី​ហើយ​សំណុំ​រឿង​នេះ​ក៏​ស្ងាត់​សូន្យ​ឈឺង។​

អ្នក​វិភាគ​និង​អ្នក​ឃ្លាំ​មើល​នៅ​តែ​ចង់​ឃើញ​រដ្ឋាភិបាល​ពិសេស​តុលាការ​ស្វែង​រក​ជន​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​សម្លាប់​លោក​បណ្ឌិត​កែម ឡី​បើ​​ពុំ​ដូច្នេះ​ទេ​ រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​នៅតែ​ត្រូវ​បាន​គេ​ចោទ​ថា ​​ពាក់​ព័ន្ធ​នៃ​អំពើ​ឃាត​កម្ម​ដ៏​ធំមួយ​នេះ​ផង​ដែរ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.