លោក ស ខេង អះអាងថាការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ មិនមែនជាការរឹតដ្បិតសិទ្ធិសេរីភាពនោះទេ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអះអាងថា ការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ដែលគាំទ្រចលនាលោក សម រង្ស៊ី មិនមែនជាការរឹតដ្បិតសិទ្ធិសេរីភាពនោះទេ។

លោក ស ខេង បានប្រាប់ក្រុមអ្នកសាព័ត៌មានក្រោយពេលបញ្ចប់មហាសន្និបាតអាណត្តិទី២ របស់សមាគមជាតិប្រឹក្សារាជធានី-ខេត្ត នៅព្រឹកថ្ងៃទី០៩ ខែតុលា នេះថារាល់សកម្មភាពដែលបង្ហាញពីបំណងគាំទ្រ ចលនាលោក សម រង្ស៊ី ត្រូវបានគេចាត់ទុកជាសកម្មភាពខុសច្បាប់ ដែលសមត្ថកិច្ចត្រូវចាត់វិធានការភ្លាមៗ។

លោកបន្តថា លោកគាំទ្រ និងយល់ព្រមចំពោះអ្នកដែលមានមតិខុសគ្នា ប៉ុន្តែលោក មិនគាំទ្រសកម្មភាពរបស់លោក សម រង្ស៉ី ដែលបានប្រមថព្រះមហាក្សត្រ ការប្រកាសប្រមូលកំលាំងមហាជនដើម្បីផ្តួលរំលំរដ្ឋាភិបាល ឬការប្រកាសចូលស្រុកដើម្បីចាប់លោក ហ៊ុន សែនជាដើម។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះអះអាងថា សកម្មភាពរបស់លោក សមរង្ស៊ី បានដើរហួសបន្ទាត់ក្រហមហើយ។
រហូតមកទល់ពេលនេះយ៉ាងហោចណាស់មានសកម្មជនគណបក្សសង្គ្រោះជាតិ ជិត៥០នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទ«ញុះញុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» «បទរួមគំនិតក្បត់» និងពីបទឧបឃាត ក្រោមគំរោងមាតុភូមិនិវត្តន៍របស់លោក សមរង្ស៊ី។

កាលពីពេលថ្មីៗនេះ តុលាការបានចេញដីកាចាប់ខ្លួនលោក សម រង្ស៉ី និងមនុស្ស៨ទៀត រួមមានលោក អេង ឆៃអ៊ាង,លោកស្រី  មូរ សុខហួរ, លោក អ៊ូ ច័ន្ទឬទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោក នុត រំដួល និងអ្នកស្រី ជូឡុង សូមួរ៉ា និងមនុស្សជាច្រើនទៀត ពីបទឧបឃាត តាមមាត្រា៤៥១ នៃក្រមព្រហ្មទណ្ឌ ដែលអាចមានទោសពី ១៥ឆ្នាំ ទៅ៣០ឆ្នាំ។

ក្រុមអ្នកឃ្លាំមើលនិយាយថាការចាប់ខ្លួនក្រុមសកម្មជនរបស់បក្សសង្គ្រោះជាតិកាលពីពេលថ្មីៗនេះ មិនមែនជាការរឹតបន្ដឹង និងអនុវត្តច្បាប់ទេ ប៉ុន្តែវាពាក់ព័ន្ធនឹងរឿងជម្លោះផ្ទាល់ខ្លួន របស់អ្នកនយោបាយនិងជាការរឹតដ្បិតសិទ្ធិសេរីភាពពលរដ្ឋទៅវិញទេ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.