លោក ហ៊ុន សែន បញ្ជាឱ្យកងទ័ព និងកងកម្លាំងប្រដាប់អាវុធ បំផ្លាញកម្ទេចអ្នកគាំទ្រវិលត្រឡប់ចូលស្រុក របស់លោក សម រង្ស៊ី

លោក ហ៊ុន សែន បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ ពិសេសកងទ័ព ត្រូវដាក់ពង្រាយ ដើម្បីចាត់វិធានការលើអតីតមន្ត្រីនិងសកម្មជនគណបក្សសង្រ្គោះជាតិ ដែលចេញមុខគាំទ្រការវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី នៅថ្ងៃទី ៩ ខែវិច្ឆិកា ខាងមុខ។

សារព្រមាននេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិបាននិទ្ទេសA នៅវិមានសន្តិភាពនាព្រឹកនេះ។

លោក ហ៊ុន សែនបានលើកឡើងថា លោកសម្រេចផ្តល់សិទ្ធិឱ្យកងទ័ពចេញធ្វើសកម្មភាព ពីព្រោះសកម្មភាពរបស់លោក សម រង្ស៊ី បានដើរហួសពីបន្ទាត់ក្រហម ហើយក៏មិនមែនជាការទាមទារធម្មតាឡើយ ប៉ុន្តែជាការចង់ធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល និងផ្តួលរំលំរបបរាជានិយមតែម្តង។ ក្រៅពីនេះ លោកប្រកាសឱ្យកងកម្លាំងទាំងអស់ ចាត់វិធានការកម្ទេចអ្នកទាំងឡាយណា គាំទ្រសារ ឬ សកម្មភាពគាំទ្រការវិលត្រឡប់របស់ លោក សម រង្ស៊ី ដោយថា ឃើញពេលណា នៅកន្លែងណា គឺ ចាត់ត្រូវវិធានការនៅកន្លែងនោះតែម្តង ដោយពុំចាំបាច់មានដីកាចាប់ខ្លួនឡើយ។

លើសពីនេះ លោកហ៊ុន សែន ក៏បានប្រើពាក្យញុះញង់ឱ្យកងទ័ព ប្រើអំពើហិង្សាលើអតីតក្រុមប្រឆាំងតែម្តង ដោយត្រូវវ៉ៃនៅនឹងកន្លែងតែម្តង មិនចាំបាច់មានដីកាចាប់ខ្លួនទេ ឬ មិនបាច់ចាប់ខ្លួនទេ ពីព្រោះក្រុមប្រឆាំងបានដើរហួសពីបន្ទាត់ក្រហមរបស់ខ្លួនរួចទៅហើយ ។ លោកក៏បានព្រមាន អ្នកធ្វើយុទ្ធនាការម្រាមដៃ៩ ថា នឹងមិនអត់អោនឱ្យអ្នកទាំងនោះឡើយ គឺ មានន័យថា ឃើញមួយវ៉ៃមួយ។

លោកហ៊ុន សែន បញ្ជាក់ថា អ្នកទាំងឡាយណាដែលប្រើបណ្តាញសង្គមហ្វេសប៊ុកធ្វើយុទ្ធនាការ គាំទ្រការវិលត្រឡប់របស់អតីតមេបក្សប្រឆាំង នឹងមិនឱ្យពួកគេរួចខ្លួននោះឡើយ។

បុរសខ្លាំងដែលក្រាញអំណាចជាង៣០ឆ្នាំរូបនេះ ក៏បានព្រមានដល់ក្រុមអតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិដែលកំពុងរត់ភៀសខ្លួនទៅជ្រកកោននៅប្រទេសថៃ ថា នឹងមិនឱ្យពួកគេរួចខ្លួន             ឡើយ។ លោកបន្តថា នឹងអាចចាប់អតីតសកម្មជនទាំងនោះពីប្រទេសថៃ ដើម្បីយកមកផ្តន្ទាទោសទៀតផង ព្រោះកម្ពុជានឹងថៃ មានកិច្ចសហប្រតិបត្តិការណ៍ជាមួយគ្នាសម្រាប់ធ្វើការងារបែបនេះ។

យ៉ាងណាក៏ដោយ អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានអះអាងថា លោក និងថ្នាក់ដឹកនាំគណបក្សប្រឆាំងផ្សេងទៀតនឹងត្រូវចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី ៩ វិច្ឆិកាឱ្យបាន ដើម្បីមកយកអំណាចពីលោកហ៊ុន សែន ជូនពលរដ្ឋខ្មែរវិញ។ ជាងនេះទៅទៀតលោកក៏បានកំណត់ផែនការផ្តល់កញ្ចប់ថវិកាសម្រាប់កងកម្លាំងប្រដាប់អាវុធផ្តាច់ខ្លួន មកឈរនៅជាមួយពលរដ្ឋ នៅថ្ងៃទី ៩វិច្ឆិកាទៀតផង។

ក្រោយការប្រកាសវិលចូលស្រុករបស់លោក សម រង្ស៊ី មានអតីតមន្ត្រី និងសកម្មជនបក្សប្រឆាំងជាង៤០នាក់ហើយ ត្រូវបានអាជ្ញាធរលោក ហ៊ុន សែន ចាប់ និងឃុំខ្លួន ព្រមទាំងចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាថ៌ និងបទរួមគំនិតក្បត់ជាដើម។

ទោះបីជាយ៉ាងនេះក្តី អ្នកឃ្លាំមើលបញ្ហាសង្គម និងអ្នកវិភាគធ្លាប់លើកឡើងថា ការរុញច្រានស្ថានការណ៍ និងការដឹកនាំប្រទេសទៅរកភាពអាសន្ន ពុំមែនជាជម្រើសល្អសម្រាប់កម្ពុជាឡើយ។

បញ្ហាវិបត្តិនយោបាយខ្មែរកាន់តែចម្រូងចម្រាសខ្លាំង ស្របពេលអឺរ៉ុបកំពុងបន្តនីតិវិធីឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ។

កាលពីថ្ងៃទី ២៥ កញ្ញា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំអាល្លឺម៉ង់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោក ស ខេង បានអះអាងប្រាប់ថ្នាក់ដឹកនាំគណៈកម្មាធិការសភាអាល្លឺម៉ង់អំពីការដោះស្រាយបញ្ហា EBA ជាមួយសហភាពអឺរ៉ុប។

លោក សង្កត់ធ្ងន់ថា កម្ពុជា នៅតែមានឆន្ទៈរក្សាការអនុគ្រោះពន្ធ ព្រមទាំងបន្តទំនាក់ទំនងល្អជាមួយសហភាព n អឺរ៉ុប និងជាមួយគ្រប់ប្រទេសទាំងអស់។

អ្វីដែលសំខាន់នោះ លោក ស ខេង បញ្ជាក់ថា តាមរយៈបទពិសោធន៍នៃការផ្លាស់ប្ដូររបបពីអតីតកាល កម្ពុជាបានដឹងយ៉ាងច្បាស់ថា គឺមានតែរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដូចបច្ចុប្បន្ននេះទេ ដែលធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយបើទោះបីជាមានការយល់ឃើញផ្សេងគ្នាខ្លះ ក៏ប៉ុន្តែគោលការណ៍នេះបានចាក់គ្រឹះនៅកម្ពុជារួចទៅហើយ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.