សកម្មជនបក្សប្រឆាំងដែលភៀសខ្លួន នៅក្រៅប្រទេសអំពាវនាវឱ្យពលរដ្ឋចូលរួមដណ្តើមអំណាចពីរដ្ឋាភិបាលលោក ហ៊ុន សែន

សកម្មជនគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់ភៀសខ្លួននៅក្រៅប្រទេសជំរុញឱ្យពលរដ្ឋនាំគ្នាទៅដណ្តើមអំណាចពីលោកនាយករដ្ឋ            មន្ត្រី ហ៊ុន សែន ដើម្បីយកមកសងជូនពលរដ្ឋខ្មែរវិញ។

ពួកគេបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករៀងៗខ្លួននៅថ្ងៃពុធ ទី០៤ ខែកញ្ញា នេះ ដោយសរសេរសារអំពាវនាវស្រដៀងគ្នាទៅនឹងការអំពាវនាវរបស់អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីពេលកន្លងមកដែរ។

សកម្មជនរបស់គណបក្សសង្គ្រោះជាតិចំនួន៦រូប ដែលកំពុងស្ថិតក្នុងបញ្ជីខ្មៅនៃការតាមចាប់ខ្លួនរបស់សមត្ថកិច្ចរបស់លោក ហ៊ុន សែន ទាំងនោះ បានអំពាវនាវឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសរួមគ្នាជាកម្លាំង ដើម្បីដណ្ដើមយកប្រទេសកម្ពុជា ពីរដ្ឋាភិបាលលោកហ៊ុន សែន មកប្រគល់សងជូនពលរដ្ឋវិញ។

សកម្មជនទាំង៦នាក់នោះ រួមមានលោក តោ និមល លោក សោភ័ណ្ឌ ឡារី លោក នាង សុឃុន លោក ស៊ុម សីហា លោក អាត វិចិត្រ និងលោក ករុណា ពៅ ជាដើម។

រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មាន ថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិជាង២០នាក់ហើយ ត្រូវបានរដ្ឋាភិបាលលោកហ៊ុន សែន ចាប់និងឃុំខ្លួន។

ទោះជាយ៉ាងណាក៏ដោយក្រុមសកម្មជនទាំង៦នាក់ដែលកំពុងរស់ភៀសខ្លួនៅក្រៅប្រទេស ព្រមានថា គ្មានសេរីភាព និងយុត្តិធម៏ណា មួយបានមកពីការបួងសួង បន់ស្រន់ ឬដេកចាំនោះទេ ប្រសិនបើមិនមានការតស៊ូ ទាមទារ និងការធ្វើពលិកម្មនោះ។ សកម្មជនទាំងនេះ បានស្នើឱ្យ ពលរដ្ឋ ជាពិសេសយុវជនខ្មែរទូទាំងប្រទេស ត្រូវក្រោកឈរឡើងអោយបានព្រមៗគ្នា ដើម្បីផ្លាស់ប្ដូររដ្ឋាភិបាលបច្ចុប្បន្នដែលពួកគេហៅថាជា របបផ្ដាច់ការនៅថ្ងៃទី៩ ខែវិច្ឆិការ ឆ្នាំ២០១៩ ខាងមុខនេះឲ្យបាន។

ទោះជាយ៉ាងណាក៏ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីចុងខែសីហា បានប្រកាសហើយថារាល់ផែនការចង់ផ្តួលរំលំ               រដ្ឋាភិបាលបច្ចុប្បន្នពីសំណាក់ក្រុមអតីតគណបក្សសង្រ្គោះជាតិត្រូវចាត់ទុកថាជាទង្វើខុសច្បាប់ទាំងស្រុង ដែលរដ្ឋាភិបាលត្រូវតែចាត់វិធានការ។

លោកបន្តថារាល់ការប្រមូលផ្តុំគ្នានៅក្នុងប្រទេសដោយជ្រកក្រោមស្លាកគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលរំលាយរួចទៅហើយនោះ គឺជារឿងខុសច្បាប់ និងត្រូវតែកម្ចេចចោលតាមផ្លូវ ច្បាប់។ 

ប៉ុន្តែអតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅក្រៅប្រទេសលោក សម រង្ស៊ី បានអំពាវនាវពីក្រៅប្រទេសម្តងជាពីរដង ដោយលោកសច្ចាថានឹងចូលមកយកប្រទេសកម្ពុជា សងពលរដ្ឋខ្មែរវិញឱ្យខាងតែបាននៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ។ លើសពីនេះ លោកបានផ្តាំផ្ញើទៅកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឱ្យតម្រង់ចុងកាំភ្លើងរបស់ខ្លួនទៅរកលោក ហ៊ុន សែន ប្រសិនបើពួកគេត្រូវបានបញ្ជាឱ្យសម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់នោះ។

សាររបស់អតីតមេដឹកនាំបក្សប្រឆាំងរូបនេះហាក់ផ្ទុយពីអ្វីដែលលោកតែងអះអាងថាប្រើនយោបាយអហិង្សា និងមិនយកខ្មែរណាជាសត្រូវនោះ។

ទោះបីជាយ៉ាងនេះក្តីសម្រាប់ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំក្នុងផ្ទះគឺ លោក កឹម សុខា កាលពីថ្ងៃទី២ ខែកញ្ញា បានអំពាវនាវឱ្យអ្នកនយោបាយទាំងអស់ត្រូវបញ្ឈប់ការយកឈ្នះចាញ់ខ្មែរគ្នាឯងដោយហិង្សានិយម ហើយឈប់យកវាសនាប្រជារាស្ត្រជាឈ្នាន់ឬជារបាំងនយោបាយផ្ទាល់ខ្លួនតទៅទៀត ពីព្រោះខ្មែរគ្រប់ស្រទាប់វណ្ណៈបានឈឺចាប់គ្រប់គ្រាន់ហើយ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.