អតីតសមាជិកក្រុមប្រឹក្សាឃុំគណបក្សសង្រ្គោះជាតិនៅខេត្តត្បូងឃ្មុំ ម្នាក់ទៀត ត្រូវបានចាប់ខ្លួន

សមត្ថកិច្ចបានចាប់ខ្លួនស្រ្តីអតីតមន្ត្រីមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តត្បូងឃ្មុំមួយរូបពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការចូលរួមរួមគំនិតក្បត់ និងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។

អតីតសមាជិកក្រុមប្រឹក្សាឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អ្នកស្រី មាន ឡា ត្រូវបានកម្លាំងសមត្ថកិច្ចនៅច្រកព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចាប់ខ្លួន កាលពីថ្ងៃម្សិលមិញ ហើយបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់វិធានការតាមនីតិវិធីនៅថ្ងៃដដែលនោះ។

ការចាប់ខ្លួនមន្ត្រីមូលដ្ឋានឃុំដូនតី គណបក្សសង្រ្គោះជាតិរូបនេះ ក្រោយពេលអ្នកស្រី និង មនុស្សពីរនាក់ទៀត ត្រូវបានតុលាការខេត្តត្បូងឃ្មុំ បានចេញដីកាបញ្ជាឲ្យចាប់ខ្លួន ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោម ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញ របស់លោក សម រង្ស៉ី នៅថ្ងៃទី ៩វិច្ឆិកា។

ការចាប់អ្នកស្រី មាន ឡា នេះ គឺ ២ថ្ងៃក្រោយ បន្ទាប់ពីអ្នកនាំពាក្យសាលាដំបូងខេត្តត្បូងឃ្មុំ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយសម្រេចចោទប្រកាន់មនុស្សទាំង៣នាក់នោះរួមមាន ឈ្មោះ ស៊ឹម ស៊ាងឡេង ភេទប្រុស ឈ្មោះ យ៉ែម វណ្ណណែត ភេទស្រី និង អ្នកស្រី មាន ឡា ។

តុលាការខេត្តត្បូងឃ្មុំ បានសម្រេចចោទប្រកាន់អ្នកទាំង៣ និងបក្ខពួក ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ប្រទេសកម្ពុជា។

លើសពីនេះ សេចក្តីប្រកាសព័ត៌មានរបស់តុលាការលោកហ៊ុន សែនដដែល អះអាងថាពួកគេបានធ្វើសកម្មភាពកៀរគរ និងបំផុសឲ្យមហាជននឹងឡើងមករាជធានីភ្នំពេញដើម្បីចូលរួម ក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញ របស់ សម រង្ស៉ី»នៅថ្ងៃទី ៩វិច្ឆិកា ។

ទិន្នន័យរបស់គណបក្សសង្រ្គោះជាតិឱ្យដឹងថាគិតមកទល់ថ្ងៃម្សិលមិញ មានថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្រ្គោះជាតិ ប្រមាណ៤០នាក់ហើយ ដែលត្រូវបានរដ្ឋាភិបាលលោកហ៊ុន សែន ចាប់ឃុំខ្លួន និងចោទប្រកាន់ ក្នុងឆ្នាំ២០១៩នេះ។

ក្រៅពីចាប់ និងឃុំខ្លួន ក៏មានជាច្រើនទៀត កំពុងរត់ភៀសខ្លួនទៅស្នាក់នៅក្រៅប្រទេស ហើយអ្នកនៅក្នុងស្រុកវិញ ក៏រងការធ្វើទុក្ខបុកម្នេញដោយការវ៉ៃប្រហារជាបន្តបន្ទាប់ ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនជនដៃដល់ណាម្នាក់យកមកផ្តន្ទាទោសនៅឡើយទេ។

ទោះបីជា អតីតកូនចៅរបស់ខ្លួន កំពុងរងទុក្ខទោសយ៉ាងនេះក្តី ប៉ុន្តែសម្រាប់អតីតប្រធានគណបក្សសង្រ្គោះជាតិដែលរស់នៅក្រៅប្រទេស លោក សម រង្ស៊ី វិញ នៅតែបន្តដុតកម្តៅលោកហ៊ុន សែន សែន ឥតឈប់ឈរ តាមរយៈសារវាយប្រហារ និងជេរប្រមាថ ទៅលើដៃគូរប្រគួតនយោបាយរបស់ខ្លួន ។

កាលពីថ្ងៃទី៥ ខែតុលា លោក សម រង្ស៊ី បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបានវាយប្រហារ និងជេរប្រមាថធ្ងន់ៗ ទៅលើលោកនាយករដ្ឋមន្ត្រី ដោយថា លោក ហ៊ុន សែន ក្បត់ពាក្យបណ្តាំអតីតប្រធានរបស់ខ្លួន គឺ លោក  ជា ស៊ីម ដែលតម្រូវឲ្យបង្រួបបង្រួមអ្នកស្នេហាជាតិមកពីគណបក្សធំៗទាំងពីរ ដើម្បីធ្វើឲ្យប្រជារាស្ត្រខ្មែរ ទទួលបានសេចក្តីសុខ និងភាពរុងរឿង។ ប៉ុន្តែលោកថា បណ្តាំនេះ ត្រូវបានជនផ្តាច់ការ លោក  ហ៊ុនសែន បំផ្លាញចោល ព្រោះចូលចិត្តធ្វើសង្រ្គាមប្រឆាំងនឹងរាស្ត្រ  ហើយគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមគ្រួសារគាត់ប៉ុណ្ណោះ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.