អ្នកវិភាគថា លោក សម រង្ស៊ី នឹងមិនបានចូលប្រទេស ប្រសិនបើលោក ហ៊ុន សែន ដើរចូលអន្ទាក់របស់ខ្លួន

ក្រុមអ្នកឃ្លាំមើលនិយាយថា អន្ទាក់នយោបាយរបស់ថ្នាក់ដឹកនាំបក្សប្រឆាំង និងបក្សកាន់អំណាចមានរៀងខ្លួន។ ប៉ុន្តែអ្វីដែលសំខាន់នៅត្រង់ថា តើរវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន អ្នកណាជាអ្នកដើរចូលអន្ទាក់របស់នរណា?

អ្នកវិភាគនយោបាយលោក គឹម សុខ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃនេះ ដោយប្រមើលថា  ប្រសិនបើថ្ងៃទី៩ ខែវិច្ឆិកា គ្រាន់តែជាយុទ្ធសាស្ត្រដំណើរទេសចរណ៍នយោបាយរបស់លោក សម រង្ស៊ី ចូលមកកាន់ប្រទេសក្នុងទ្វីបអាស៊ី តាមផែនការ                    ៥វិច្ឆិកា ដោយគ្រាន់តែអើតៗមើលកម្ពុជាពីចំងាយ នោះកម្ដៅនយោបាយបច្ចុប្បន្ន អាចរាប់ថា លោក ហ៊ុន សែន ដើរចូលអន្ទាក់លោក សម រង្ស៊ី ហើយ។

លោកបញ្ជាក់ថា ការធ្លាក់ចូលអន្ទាក់ លោក សម រង្ស៊ី ពីព្រោះលោក សម រង្ស៊ី បានសម្រេចបំណងរបស់គាត់ ក្នុងការរុញឲ្យលោក ហ៊ុន សែន ច្រលោត ហើយឈានដល់ការប្រើកងទ័ពលែងដឹងខុសត្រូវ ដែលអាចរអិលធ្លាក់ក្នុងស្ថានការណ៍នយោបាយជាតិតឹងតែងបំផុតនៅមុនថ្ងៃ៩ ខែវិច្ឆិកា។

លោក គឹម សុខ អះអាងថា រូបភាពនេះ នឹងធ្វើឲ្យលោក សម រង្ស៊ី មានលេសសមល្មមដើម្បីលុបចោលដំណើរវិលចូលប្រទេស  ដោយលោក សម រង្ស៊ី នឹងចេញពន្យល់អ្នកគាំទ្រថា  បើលោកពិតជាចូលស្រុកតាមការកំណត់មែននោះ លោក ហ៊ុន សែន នឹងក្រពុលមុខកាន់តែខ្លាំង ហើយធ្វើទុក្ខបុកម្នេញលើអ្នកគាំទ្ររបស់ខ្លួនកាន់តែខ្លាំងឡើងដែរ។  ហេតុផលនេះ លោក សមរង្ស៊ី នឹងយកលេសសម្រាប់លុបចោលគម្រោងចូលស្រុកនៅថ្ងៃទី ៩ វិច្ឆិកានោះតែម្តង។

ផ្ទុយទៅវិញ លោកគឹម សុខ អះអាងថាប្រសិនបើថ្ងៃទី ៩វិច្ឆិកា ជាយុទ្ធសាស្ត្រមាតុភូមិនិវត្តន៍ពិតប្រាកដរបស់លោក សម រង្ស៊ី មែន នោះ អតីតប្រធានគណបក្សប្រឆាំងរូបនេះ នឹងចូលអន្ទាក់របស់លោក ហ៊ុន សែន វិញម្តង។ លោកមើលឃើញថា យុទ្ធវិធីរបស់លោក សម រង្ស៊ី ចូលស្រុក នឹងធ្វើឲ្យលោក ហ៊ុន សែន បង្កើតជាលេសសមរម្យ មួយ ដើម្បីបន្លាចពលរដ្ឋ ជាពិសេសបំបាក់ស្មារតីក្រុមអ្នកគាំទ្រលោក សម រង្ស៊ីជាលក្ខណៈទ្រង់ទា្រយធំតែម្តង។

អ្នកវិភាគរូបនេះ យល់ថាទាំងនេះ ជាឧបសគ្គកាន់តែធំ សម្រាប់រាំងខ្ទប់ ដល់ដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ក្រោមលេសប្រើឧបាយកលរបស់លោក ហ៊ុន សែន ដើម្បីគ្រប់គ្រងស្ថានភាពប្រទេសក្នុងគ្រាអាសន្នរបស់ជាតិ។

កាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែន បានបោះជំហ៊ានថ្មីមួយទៀត ដោយលោកបញ្ជាទ័ពឱ្យចេញប្រតិបត្តិការកម្ទេចក្រុមអ្នកគាំទ្រការវិលត្រឡប់ចូលស្រុក របស់លោក សម រង្ស៊ី។ លោក ហ៊ុន សែន អះអាងថាអតីតមេបក្សប្រឆាំងរូបនេះ បានដើរចេញផុតពីបន្ទាត់ក្រហម                    តាមរយៈ ផែនការផ្តួលរំលំរដ្ឋាភិបាល និងប្តូររបបផងដែរ។

យ៉ាងនេះក្តី សម្រាប់លោក សម រង្ស៊ី នៅតែអះអាងថា ថ្ងៃទី ៩ វិច្ឆិកា គឺជាថ្ងៃប្រវត្តិសាស្ត្រ ក្នុងការផ្លាស់ប្តូរដ៏ធំធេងរបស់កម្ពុជា ដោយថាថ្ងៃនោះលោកនឹងមកជាន់ដីកម្ពុជា ហើយឈានទៅបណ្តេញ ឬ ចាប់លោក ហ៊ុន សែន និងបក្ខពួក ដើម្បីយកប្រទេសជូនប្រជារាស្ត្រវិញ។

ទោះបីជាយ៉ាងនេះក្តី ក្រុមអ្នកវិភាគយល់ថា នយោបាយរបស់ថ្នាក់ដឹកនាំគណបក្សធំៗទាំងពីរនេះដែលជានយោបាយចង់ឈ្នះចង់ចាញ់គ្នានេះ មិនបានជួយអ្វីដល់ជាតិឡើយ ស្របពេលអន្តរជាតិកំពុងត្រៀមដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងនយោបាយ មកលើរដ្ឋាភិបាលលោក ហ៊ុន សែន នៅពេលខាងមុខ ប្រសិនបើស្ថានភាពលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅតែអាក្រក់ដូចពេលបច្ចុប្បន្នទៀត៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.