Opinion

សហ​រដ្ឋ​អាមេរិក​ហៅ​ការ​ផ្តន្ទាទោស​លោក​រ៉ាត់ រត្នមុនី​ជាប់​គុក​២​ឆ្នាំថា ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​​

សហ​រដ្ឋ​អាមេរិក​តាម​រយៈ​ស្ថានទូត​របស់​ខ្លួន​នៅ​កម្ពុជា​នា​ថ្ងៃ​នេះ​ បាន​បង្ហាញ​ក្តី​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ការ​កាត់​ទោស​ឱ្យ​ប្រធាន​សហព័ន្ធ​សហជីព​សំណង់​កម្ពុជា​លោក​រ៉ាត់ រត្នមុនី​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​ដោយ​គ្រាន់​តែ​លោក​បាន​ជួយ​នៅ​ក្នុង​ការ​ផលិត​ភាពយន្ត​ឯកសារ​ ស្តីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​ឲ្យ​បណ្តាញ​សារ​ព័ត៌មាន​Russia Today​(RT)។​

ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃ​នេះ ​បាន​លើក​ឡើង​ថា​របាយ​ការណ៍​ស្តីពី​សវនាការ​របស់​លោក​រត្នមុនី​បញ្ជាក់​ថា ​ប្រធាន​សហជីព​រូប​នេះ​ មិន​បាន​ទទួល​បាន​ការ​ធានា​លើ​សវនាការ​ប្រកប​ដោយ​យុត្តិធម៌​ទេ​ ហើយ​ថា​ ការ​ដាក់​ទោស​លោក​ដោយ​តុលាការ​ក្រុង​ភ្នំពេញ​គឺ​ រឹត​តែធ្វើ​ឲ្យ​គេ​បាត់​បង់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​កម្ពុជា​ថែម​ទៀត។​

សហ​រដ្ឋ​អាមេរិក​គាំទ្រ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​ទូទាំង​ពិភពលោក​ដោយ​ចាត់​ទុក​ថា​ វា​ជា​ផ្នែក​សំខាន់​មួយ​នៃ​អភិបាល​កិច្ច​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ។​

ជាង​នេះ​ទៅ​ទៀត ​អាមេរិក​ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់​រូប​អនុវត្ត​ដោយ​សេរី​នូវ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ដែល​ត្រូវ​បាន​ការពារ​នៅ​ក្រោម​ច្បាប់​អន្តរជាតិ ​និង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ​ដោយ​គ្មាន​រង​ការ​គំរាម​កំហែង​ និង​សងសឹក។​

ប្រទេស​មហា​អំណាច​មួយ​នេះ​បញ្ជាក់​ថា ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​មាន​សារៈ​សំខាន់​ចាំបាច់​ណាស់​ដល់​ការ​ចង​ក្រង​ឯកសារ​និង​លើក​កម្ពស់​ការ​យល់​ដឹង​ទៅ​លើ​បញ្ហា​ជួញ​ដូរ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។​

សារ​ព័ត៌មាន​VOD​បាន​ដក​ស្រង់​សម្តី​លោក​ជិន ម៉ាលីន​អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ចុះ​ផ្សាយ​ថា​ ស្ថាន​ទូត​អាមេរិក​កំពុង​ជ្រៀត​ជ្រែក​កិច្ច​ការ​របស់​តុលាការ​ដោយ​មិន​បាន​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់ ​ហើយ​ថា​ ការ​លើក​ឡើង​របស់​ស្ថានទូត​អាមេរិក​ខុស​ពី​ការណ៍​ពិត​ទាក់ទង​នឹង​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា។​

កាលពី​ថ្ងៃ​ពុធ​ទី​២៦​ខែ​មិថុនា​កន្លង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្ដន្ទាទោស​លោក​រ៉ាត់​ រត្នមុនី​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ​ពីបទ​ «ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង»​ដោយ​ចោទ​ថា ​លោក​បាន​បំពេញ​ការ​ងារ​ជាមួយ​បណ្តាញ​សារ​ព័ត៌មាន​RT​ អំឡុង​ពេល​ផលិត​ភាព​យន្តឯក​សារ​រឿង​«ម្តាយ​ខ្ញុំ លក់​ខ្ញុំ»​ដែល​និយាយ​អំពី​រឿង​រ៉ាវ​របស់​ក្មេង​ស្រី​កម្ពុជា​ ដែល​បាន​លក់​ខ្លួន​ដើម្បី​ជួយ​សម្រាល​ភាព​ក្រីក្រ​ក្នុង​គ្រួសារ​របស់​ពួក​គេ។​

ទោះ​ជា​យ៉ាងណា ​​ក្រោយ​ការ​សម្រេច​នេះ​ស្ថាប័ន​បណ្តាញ​សារ​ព័ត៌មាន​RT​បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​ផ្តន្ទាទោស​អ្នក​បក​ប្រែ​ជនជាតិ​ខ្មែរ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​ ជុំវិញ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​លោក​នៅ​ក្នុង​ការ​ផលិត​ភាព​យន្ត​ឯក​សារ​មួយ​នេះ​នៅ​កម្ពុជា​នោះ។​

ម្យ៉ាង​ទៀត ​សាល​ក្រម​សម្រេច​នេះ ​ក៏​រង​ការ​រិះគន់​ជា​បន្ត​បន្ទាប់​ពី​អង្គការ​អន្តរជាតិ​ ដូចជា​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​ ឬ​ ហៅ​ថា ​Reporters Without Border ​និង​អង្គការ ​Human Right Watch ​ជាដើម ​ដែល​ចាត់​ទុក​សាលក្រម​​នេះ​ថា​  ជា​សាល​ក្រម​អយុត្តិធម៌​ ​ជា​សវនាការ​ក្លែងក្លាយ​ និង​ជា​ការ​ប្រមាថ​ដល់​សេរីភាព​សារ​ព័ត៌មាន​ធ្ងន់ធ្ងរ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.