28 C
Phnom Penh

រដ្ឋសភាឯកបក្ស សម្រេចអនុម័តលើសន្ធិសញ្ញាបំពេញបន្ថែមជាមួយវៀតណាមរឿងព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋសភាឯកបក្សដែលមានតែគណបក្សប្រជាជនកម្ពុជា បានអនុម័តលើសន្ធិសញ្ញាបំពេញបន្ថែមរឿងព្រំដែនរវាងកម្ពុជា-វៀតណាម ជាផ្លូវការហើយនៅព្រឹកនេះ។ ការសម្រេចអនុម័តនេះ ត្រូវបានធ្វើឡើងស្របពេលកម្ពុជាកំពុងមានវិបត្តិនយោបាយ ដោយមិនទាន់មានឯកភាពជាតិត្រឹមត្រូវនៅឡើយ។

អតីតអ្នកជាប់ឃុំមនសិការដោយស្នាដៃរដ្ឋាភិបាលោកហ៊ុន សែន និងជាតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបពីគណបក្សសង្រ្គោះជាតិលោក អ៊ុំ សំអាន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកដោយច្រានចោលការសម្រេចអនុម័តទទួលស្គាល់ការចុះហត្ថលេខារវាងកម្ពុជា-វៀតណាម កាលពីថ្ងៃទី៥ ខែតុលា ២០១៩ ស្តីពីការទទួលស្គាល់បង្គោលព្រំដែននៃប្រទេសទាំងពីរដែលបោះបានចំនួន៨៤%ពីសំណាក់រដ្ឋសភាឯកបក្សលោកហ៊ុន សែននៅថ្ងៃនេះ ។

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦នៅថ្ងៃនេះ បានបញ្ជាក់ថា មានសមាជិកផ្តើមប្រជុំចំនួន១១០រូប ដែលមានប្រធានរដ្ឋសភា លោក ហេង សំរិន ជាអធិបតី។

សម័យប្រជុំរដ្ឋសភានៅថ្ងៃនេះ បានពិភាក្សា និងសម្រេចយល់ព្រម ជាឯកច្ឆន្ទ នូវសេចក្តីព្រាងច្បាប់ចំនួន៥ ។ សេចក្តីព្រាងច្បាប់១ ក្នុងចំណោម៥ ដែលសំខាន់ជាគេនោះ គឺរដ្ឋសភា បានអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមនៃសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងកម្ពុជា និងវៀតណាម។

សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះមានចំនួន៣ មាត្រា ហើយអ្នករាយការណ៍ពីសេចក្តីព្រាងច្បាប់នេះគឺជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា លោក ហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់លោក ហ៊ុន សែន។

ចំណែកអ្នកថែ្លងការពារសេចក្តីព្រាងច្បាប់នេះ គឺរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ហើយអ្នកមានមតិលើសេចក្តីព្រាងច្បាប់នេះគឺ សមាជិករដ្ឋសភាមួយរូប លោក ទី សុគន្ធ ប៉ុន្តែរដ្ឋសភាមិនបានបង្ហាញលម្អិតអំពីខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះនៅជាសាធារណៈនោះ ឡើយ។

យ៉ាងនេះក្តី ក្រៅពីមិនទទួលស្គាល់ការអនុម័តរបស់រដ្ឋសភាឯកបក្ស លោក អ៊ុំ សំអាន បានសម្តែងការសោកស្តាយជាថ្មីទៀត ជាមួយប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស អំពីការបាត់បង់ទឹកដីខ្មែរបន្ថែមទៀត តាមរយៈរដ្ឋសភាឯកបក្សដែលបានអនុម័តយល់ព្រមជាឯកច្ឆន្ទនៅថ្ងៃនេះទៅលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨៥ ក្នុងសសម័យវៀតណាមគ្រប់គ្រងកម្ពុជា។ ជាងនេះទៅទៀតលោកក៏មានការសោកស្តាយជាខ្លាំងចំពោះ ការចុះហត្ថលេខាកាលពីថ្ងៃទី៥ តុលា ២០១៩ រវាងលោក ហ៊ុន សែន និង នាយករដ្ឋមន្រ្តីវៀតណាម នៅប្រទេសវៀតណាម ស្តីពីការទទួលស្គាល់បង្គោលព្រំដែននៃប្រទេសទាំងពីរដែលបោះបានចំនួន៨៤%។

លោកថា រដ្ឋសភាឯកបក្សបានប្រថាប់ត្រាយល់ព្រមការកាត់ដីខ្មែរអោយទៅ វៀតណាម តាមសំណើររបស់លោក ហ៊ុន សែន ហើយសភាឯកបក្សនេះជារដ្ឋសភាកើតចេញពីការបោះឆ្នោតក្លែងក្លាយកាលពីឆ្នាំ២០១៨។ ដូច្នេះលោកយល់ថា ការអនុម័តរបស់រដ្ឋសភាឯកបក្សថ្ងៃនេះលើសន្ធិសញ្ញាបំពេញបន្ថែម ត្រូវបានទុកជាមោឃៈ។ លោកបន្ថែមថា កម្ពុជានឹងលុបចោលសន្ធិសញ្ញានេះនៅពេលមានរដ្ឋសភាដែលកើត ចេញពីការបោះឆ្នោតដោយសេរី យុត្តិធម៌។

លោកថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសង្រ្គោះជាតិ នឹងសើរើការបោះបង្គោលព្រំដែនឡើងវិញជាមួយប្រទេសវៀតណាមទៀតផង។
កាលពីថ្ងៃម្សិលមិញ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឬហៅថា GDP បានចេញសេចក្តីថ្លែងការណ៍មួយដោយមើលឃើញ ក្នុងស្ថានភាពនយោបាយប្រទេសកម្ពុជានៅមិនទាន់មានឯកភាពជាតិ  និងក្នុងពេលដែលសភាជាតិគ្រប់គ្រងដោយគណបក្សតែមួយ រដ្ឋសភាខ្មែរពុំគួរផ្ដល់សច្ចាប័នលើសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងលើបញ្ហាព្រំដែននោះឡើយ។

ការអនុម័តសេចក្តីព្រាងច្បាប់រឿងព្រំដែនជាមួយវៀតណាមនេះ ត្រូវ គេមើលឃើញថាធ្វើឡើងយ៉ាងកត់ក្រហល់ ហើយធ្វើឡើងតាមការចង់បានរបស់មេដឹកនាំវៀតណាមម្តងហើយម្តងទៀត ស្របពេលស្ថានការណ៍ប្រទេសជាតិពលរដ្ឋកំពុងមានការចាប់អារម្មណ៍ខ្លាំងរឿងផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី។

សន្ធិសញ្ញាព្រំដែនគោកឆ្នាំ១៩៨៥ និងសន្ធិសញ្ញាមួយចំនួនទៀតដែលធ្វើជាមួយវៀតណាម ដោយសាររដ្ឋាភិបាលលោកហ៊ុន សែន ដែលគេហៅថាជារដ្ឋាភិបាលអាយ៉ងវៀតណាមពេលនោះ ត្រូវបានសម្រេចឱ្យលុបចោលវិញដោយអន្តរជាតិ ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ប៉ុន្តែរដ្ឋាភិបាលលោកហ៊ុន សែន បច្ចុប្បន្នបានដាស់ព្រលឹងសន្ធិសញ្ញានេះឱ្យរស់ឡើងវិញ តាមរយៈសន្ធិសញ្ញាបំពេញបន្ថែមមួយកាលពីឆ្នាំ ២០០៥ ទោះបីជាព្រះមហាក្សត្រខ្មែរពេលនោះមិនយល់ព្រមឡាយព្រះហស្ថលេខាយ៉ាងណាក៏ដោយ ក៏លោកហ៊ុន សែន រិះរកវិធីគ្រប់បែបយ៉ាងដើម្បីឱ្យសន្ធិសញ្ញាបំពេញបន្ថែមនេះពេញលក្ខណៈច្បាប់។ លោក ហ៊ុន សែន ពេលនោះថែមទាំងគំរាមរំលាយរបបរាជានិយមចោលថែមទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស