25 C
Phnom Penh

លោកហ៊ុន សែន ណែនាំឱ្យបណ្តាប្រទេសទទួលយកពលករក្នុងតំបន់អាស៊ានចូលរួមលើកកម្ពស់សិទ្ធិពួកគាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា លើកឡើងថា បណ្តាប្រទេសក្នុងតំបន់អាស៊ានចំនួន៥ រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ឬហៅកាត់ថា CLMTV បានឯកភាពគ្នាដោយជំរុញឱ្យមានយន្តការក្នុងការផ្ទេរអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ពីប្រទេសទទួលយកពលករ និងប្រទេសបញ្ជូនពលករ។

ថ្លែងបើកសន្និសីទថ្នាក់រដ្ឋមន្រ្តីក្រសួងការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម

លោកហ៊ុន សែន អះអាងថាប្រទេសទាំង៥ នេះ បានផ្ដួចផ្ដើមគំនិតសំខាន់ជាច្រើនស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍។ លើសពីនេះ លោកលើកឡើងថា ការធ្វើទេសន្តរប្រវេសន៍ដើម្បីស្វែងរកការងារធ្វើ គឺជាចរន្តសកលមួយដែលកំពុងតែជះឥទ្ធិពលស្ទើរគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក។

ដូច្នេះលោកថា ក្នុងនាមរដ្ឋាភិបាលនៃប្រទេសនីមួយៗ គឺតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់ពលករទេសន្តរប្រវេសន៍ទាំងអស់ ដោយបានអនុវត្តគោលនយោបាយសម្រាប់ការពារ ការគោរពសិទ្ធិនិងលក្ខខណ្ឌការងារ ស្របតាមបទដ្ឋានអាស៊ាន និងលិខិតូបករណ៍អន្តរជាតិ ដោយចាត់ទុកការអនុវត្តសិទ្ធិការងារ និងកិច្ចគាំពារសង្គមគឺជាការអនុវត្តសិទ្ធិមនុស្សដូចគ្នាផងដែរ។

ជាមួយគ្នានោះ លោកថ្លែងទៀតថា សម្រាប់កម្ពុជា ការបញ្ជូនពលករទៅធ្វើការងារនៅក្រៅប្រទេស ពុំមែនសម្រាប់ធ្វើជាខ្ញុំបម្រើគេនោះទេ ប៉ុន្តែពលករកម្ពុជា បានរួមចំណែកដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។

របាយការណ៍របស់ក្រសួងការងារ កាលពីឆ្នាំ២០១៨ ឱ្យដឹងថាពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសមានចំនួនជាង១លាន២សែននាក់ ដោយជាង១លាននាក់កំពុងធ្វើការងារនៅប្រទេសថៃ ប៉ុន្តែមកទល់ពេលបច្ចុប្បន្នរដ្ឋាភិបាលនៅមិនទាន់បញ្ជាក់តួលេខជាក់លាក់ពីចំនួនពលករកំពុងបម្រើការងារនៅក្រៅប្រទេសដោយខុសច្បាប់នោះឡើយ។

កាលពីដើមឆ្នាំ២០១៨ អង្គការអន្តរជាតិ Human Right Watch បានចេញរបាយការណ៍របស់ខ្លួនស្តីពីការរំលោភសិទ្ធិពលករខ្មែរ និងឡាវ ពីសំណាក់ថៅកែថៃ ដោយពួកគេផ្តោតទៅលើពលករចុះទូកនេសាទ។

Human Right Watch បានរកឃើញថាពលករទាំងពីរប្រទេសនេះ រងការរំលោភបំពានសិទ្ធិ និងកេងប្រវ័ញ្ចកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ ដូចជាការបង្ខិឱ្យធ្វើការងារគ្មានថ្ងៃសម្រាក និងមិនសូវបានចូលមកខាងនោះឡើយ។

លើសពីនេះ ករណីបង្ខំឱ្យពលករប្រើប្រាស់ថ្នាំញៀន ការដកហូតឯកសាររបស់ពលករ។ ការបង្ខំឱ្យធ្វើការ ដោយគ្មានប្រាក់ខែ ការហូបចុកមិនគ្រប់គ្រាន់ និងត្រូវបានថៅកែលក់បន្តដូចសត្វធាតុជាដើម។

ពលករខ្មែរមួយដែលទៅធ្វើការងារនៅស្រុកថៃ តែងជួបហានិភ័យអំពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ពិសេសត្រូវបានអាជ្ញាធរថៃចាប់និងឃុំខ្លួន ក្រោរកឃើញថាពួកគេឆ្លងដែនចូលស្រុកថៃដោយខុសច្បាប់។ ដោយឡែកមានពលករខ្មែរមួយចំនួនទៀតត្រូវបានបាត់បង់ជីវិតនៅស្រុកគេឬ ត្រូវវិកលចរឹតទៀតផងក្រោយពេលត្រឡប់មកពីបម្រើការងារនៅក្រៅប្រទេសវិញ។

បញ្ហាទាំងនេះ មន្ត្រីគណបក្សសង្គ្រោះជាតិតែងចោទប្រកាន់  រដ្ឋាភិបាលថាគ្មានសមត្ថភាពបង្កើត និងរកការងារដែលមានប្រាក់បៀវត្សរ៍សមរម្យឱ្យពលរដ្ឋខ្មែរធ្វើក្នុងស្រុកបាន ហើយចេះតែបញ្ជូនពលករខ្មែរឱ្យទៅធ្វើជាទាសករគេទៅវិញ។ លើសពីនេះ រដ្ឋចេះតែបង្ខំឱ្យពលរដ្ឋខ្លួនរត់ចេញទៅក្រៅប្រទេស ដោយទុកដីនិងការងារឱ្យបរទេសចូលមកជំនួសវិញជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស