34 C
Phnom Penh

លោកហ៊ុន សែន ព្រមានចាត់វិធាការលើក្រុមបក្សប្រឆាំង ដែលធ្វើយុទ្ធនាការគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរសខ្លាំងដែលក្រាញអំណាចជាង ៣០ឆ្នាំ នៅកម្ពុជា បានគំរាមធ្ងន់ៗ ទៅដល់អតីតសកម្មជន និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិណាដែលហ៊ាន ធ្វើយុទ្ធនាការគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី នៅថ្ងៃទី ៩ វិច្ឆិកាខាងមុខ ត្រូវតែចាប់ខ្លួនទាំងអស់។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតនៅសាលាឯកជនមួយ លោក ហ៊ុន សែន បានគំរាម ក្រុមអ្នកគាំទ្រលោកសម រង្ស៊ី នៅក្នុងប្រទេសថា ពួកគេនឹងត្រូវបានតុលាការចោទពីបទរួមគំនិតក្បត់ជាតិ ដោយចង់ផ្តួលរំលំរដ្ឋាភិបាល ប្រសិនបើពួកគេហ៊ានចេញមុខធ្វើយុទ្ធនាការគាំទ្រការវិលត្រឡប់អតីតប្រធានគណបក្សសង្រ្គោះជាតិ គឺលោក សម រង្ស៊ី នៅថ្ងៃទី ៩ វិច្ឆិកា។ លើសពីនេះ លោកថា អ្នកធ្វើយុទ្ធនាការម្រាមដៃ៩ ក៏មិនរួចខ្លួនដែរ ប្រសិនបើពួកគេហ៊ានងើបឡើងធ្វើយុទ្ធនាការនេះ នៅក្នុងស្រុក។

ការព្រមានរបស់លោក ហ៊ុន សែន ក្រោយពេលអតីតសកម្មជន និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសបាននាំគ្នាធ្វើយុទ្ធនាការ ម្រាមដៃ៩ ដែលជាសញ្ញាថ្ងៃវិលត្រឡប់របស់ លោក សម រង្ស៊ី នៅថ្ងៃទី ៩ វិច្ឆិកា។ សញ្ញា ម្រាម៩នេះ ត្រូវបានរដ្ឋាភិបាលលោកហ៊ុន សែន ចាត់ទុកថាជាសញ្ញាខុសច្បាប់ និងចង់ផ្តួលរំលំរដ្ឋាភិបាលផងដែរ។

មុនការព្រមានរបស់លោកហ៊ុន សែន ជាផ្លូវការនេះ មានអតីតសកម្មជននិងអ្នកគាំទ្រគណបក្សជាតិជិត៤០នាក់ហើយត្រូវចាប់ និងឃុំខ្លួន ដោយគិតត្រឹមខែតុលានេះ។ ដោយឡែកមានសកម្មជនជាង១០នាក់ ក្នុងចំណោមមនុស្សជិត៤០នាក់នោះ ត្រូវបានតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរ និងចេញដីកាតាមចាប់ខ្លួនជាហូហែផងដែរ។

អ្នកវិភាគនយោបាយលោក គឹម សុខ ជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវភ្ញាក់ខ្លួនឡើង ហើយថា កម្លាំងជើងព្រួលអំណាចរបស់លោក ហ៊ុន សែន បើគាត់នៅតែស្រវឹងអំណាច គាត់អាចស្រវឹងមួយជីវិតបានព្រោះគាត់កាន់តែចាស់ និងមើលទៅទំនងជាមានជម្ងឺធ្ងន់ធ្ងរជាប់កាយផង។ លោកបន្តថា លោក គឹម សុខ ជាសត្រូវធំៗទាំងផ្ទៃក្នុង និងខាងក្រៅ ហើយក៏ជាសត្រូវដ៏ធំនឹងប្រជារាស្ត្រជិតមួយនគរដែលស្រែកឃ្លានការផ្លាស់ប្ដូរ។ សត្រូវគណបក្សមាននិន្នាការប្រជាធិបតេយ្យ និងជាសត្រូវដ៏ធំនឹងសហគមន៍អន្តរជាតិលោកសេរី។

លោកបន្តថាមេដឹកនាំឆ្លាត គេមិនសាកល្បងនឹងការឈឺចាប់ដល់ប្រជារាស្ត្រនោះទេ ពីព្រោះបើដល់ដំណាក់កាលធ្លាក់ដួល ដោយពុំមានការសម្រុះសម្រួលផ្ទៃក្នុងជាតិជាមុន លោកថាសូម្បីតែឱកាសលាក់ខ្លួន ក៏គ្មានផង ហើយកុំស្រមៃដល់លទ្ធភាពស្ដារមុខមាត់ខ្លះឡើងវិញនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស