អ្នកធ្វើដំណើរប្រាំបីនាក់ បានរងរបួសពេលរថយន្តក្រុងមួយគ្រឿង បានក្រឡាប់នៅក្នុងខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃអង្គារ។ ឧប្បតិ្តហេតុនេះបង្ហាញឲ្យឃើញថា ជាគ្រោះថ្នាក់រថយន្តក្រុងដ៏ធ្ងន់ធ្ងរលើកទី៣ នៅក្នុងរយៈពេលមួយសប្តាហ៍ ដោយបានធ្វើឲ្យមានការបារម្ភ ចំពោះការគោរពគោលការណ៍សុវត្ថិភាពរបស់បណ្តាក្រុមហ៊ុនដឹកអ្នកដំណើេរ។
លោក ខេង ស៊ុំ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា រថយន្តក្រុងរបស់ក្រុមហ៊ុន រិទិ្ធ មុនី មួយគ្រឿងនេះ ចេញដំណើរពីក្រុងប៉ោយប៉ែត មកកាន់រាជធានីភ្នំពេញ បានរេចង្កូតធ្លាក់ចេញពីផ្លូវជាតិលេខ៥ នៅវេលាម៉ោង៧ៈ២០នាទីយប់ថ្ងៃអង្គារ ហើយបង្កឲ្យអ្នកធ្វើដំណើរប្រាំបីនាក់ រងរបួសដោយក្នុងចំណោមនោះ មានស្ត្រីជនជាតិអុីតាលីម្នាក់ បុរសជនជាតិបារាំងម្នាក់ បុរសជនជាតិប៉ាគីស្ថានម្នាក់ និងមានខ្មែរប្រាំនាក់។
លោក ខេង ស៊ុំ បានមានប្រសាសន៍ថា រថយន្តក្រុងមួយគ្រឿងនេះបានព្យាយាមជែងទាំង ពេលកំពុងភ្លៀងធ្លាក់ខ្លាំង ហើយនៅពេលនោះបានរអិលធ្លាក់ចេញពីផ្លូវ រួចក្រឡាប់តែម្តង។ លោកបានថ្លែងបន្ថែមថា ប្រហែល២០នាទី ក្រោយមក មានរថយន្ត Lexus មួយគ្រឿងក៏បានជួបគ្រោះថ្នាក់នៅលើផ្លូវនេះដែរ ដោយធ្វើឲ្យស្ត្រីអ្នកធ្វើដំណើរបីនាក់ រងរបួសបាក់ជើង។
លោកបានមានប្រសាសន៍ថា ស្ត្រីជនជាតិអីុតាលី អាយុ៣៤ឆ្នាំ ដែលគេស្គាល់ឈ្មោះថា អេលីហ្សាបេត ( Elizabeth) កំពុងសម្រាកការព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង ចំណែកឯបុរសជនជាតិបារាំងអាយុ៦២ឆ្នាំ និងបុរសជនជាតិបា៉គីស្ថាន អាយុ៣០ឆ្នាំ ដែលរងរបួសស្រាលបានបន្តដំណើរមកកាន់រាជធានីភ្នំពេញ។ លោក ខេង ស៊ុំ បានថ្លែងថា អ្នកបើកបររថយន្តក្រុងនោះ បានគេចខ្លួនពីកន្លែងកើតហេតុ ហើយនគរបាលកំពុងតែស្វែងរកចាប់ខ្លួនគាត់។
លោក សំ វិចិត្រ អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន រិទិ្ធ មុនី បាននិយាយថា “យើងសោកស្តាយណាស់ ចំពោះអ្នកធ្វើដំណើេររបស់យើង ដែលរថយន្តរបស់យើងជួបសំណាងអាក្រក់ ហើយធ្វើឲ្យពួកគេរងរបួសបែបនេះ”។ លោកបានបន្តថា ស្ត្រីជនជាតិអុីតាលី រូបនេះនៅសន្លប់បាត់ស្មារតីក្នុងមន្ទីរពេទ្យខេត្ត នៅឡើយ កាលពីយប់មិញ ហើយក្រុមហ៊ុនធានារ៉ាប់រងកម្ពុជា ហៅកាត់ថា (CAMINCO) បស់ក្រុមហ៊ុន រិទិ្ធ មុនី ជាអ្នកចេញថ្លៃព្យាបាលឲ្យគាត់។
ក្រុមហ៊ុនដឹកអ្នកដំណើរ រិទិ្ធ មុនី បានលក់សំបុត្ររថយន្តឲ្យអ្នកដំណើរតាមរយៈរថយន្តក្រុងរបស់ក្រុមហ៊ុន ផារ៉ាម៉ោន អង្គរ ដែលមានគ្រោះថ្នាក់នៅក្នុងខេត្តកោះកុង កាលពីថ្ងៃទី២៨ខែកុម្ភៈ ដោយធ្វើឲ្យជនបរទេសពីរនាក់ ស្លាប់ និងអ្នកធ្វើ់ដំណើរ៤៥នាក់ ទៀតរងរបួស។
អ្នកបើកបរនោះ ក៏បានគេចខ្លួនពីកន្លែងកើតហេតុដែរ ប៉ុន្តែក្រោយមកត្រូវបាននគរបាលចាប់ខ្លួន និងចោទប្រកាន់ពីបទបើកបរដោយធ្វេសប្រហែស។ កាលពីថ្ងៃសៅរ៍ បុរសខ្មែរម្នាក់បានស្លាប់ពេលរថយន្តក្រុងមួយគ្រឿងរបស់ក្រុមហ៊ុនដឹកអ្នកដំណើរវីរៈ ប៊ុនថាំ អុិចប្រេស្ស ដែលបានព ្យាយាមជែងគ្នាលើស្ពាន បានបុកជាមួយរថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿង និងបានធ្វើឲ្យអ្នកធ្វើដំណើរប្រាំពីរនាក់ ទៀតរងរបួសនៅក្នុងឧប្បត្តិហេតុនេះ។
លោក សុក នុប ប្រធានផ្នែកកត់ត្រាទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលសណ្ដាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ក្រុមហ៊ុនដឹកអ្នកដំណើរចំនួនបួន បានបង្កឲ្យមានគ្រោះថ្នាក់ក្នុងខែនេះ ដោយក្នុងនោះ មានទេសចរម្នាក់ក៏បានរងរបួសនៅក្នុងគ្រោះថ្នាក់តូចតាចមួយរបស់ក្រុមហ៊ុន សាប៉ាកូ(Sapaco Tuorist)ដែរ។
លោក សុក នុប បានបន្ថែមថា ក្រុមហ៊ុនដឹកអ្នកដំណើរទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានអញ្ជើញឲ្យចូលរួមប្រជុំ កាលពីសប្តាហ៍មុន ដើម្បីព្យាយាមរកដំណោះស្រាយកាត់បន្ថយគ្រោះថ្នាក់។ លោកបានមានប្រសាសន៍ថា នគរបាលនឹងរឹតបន្តឹងការពិនិត្យសុវត្ថិភាពនៅតាមបណ្តាចំណតរថយន្តក្រុង មុនពេលចេញដំណើរ។
លោកបានថ្លែងបន្ថែមថា នគរបាលបានត្រួតពិនិត្យសុវត្ថិភាពតាមបណ្តាក្រុមហ៊ុនដឹកអ្នកដំណើរចំនួនប្រាំកន្លែង កាលពីម្សិលមិញ។កាលពីខែមុន នគរបាលជាតិបានផ្តល់ប័ណ្ណសរសើរដល់ក្រុមហ៊ុនដឹកអ្នកដំណើរមេគង្គ អុិចប្រេស្ស ដែលជាក្រុមហ៊ុនតែមួយគត់ ក្នុងចំណោមក្រុមហ៊ុនដឹកអ្នកដំណើរប្រហែល៣០ក្រុមហ៊ុន ដែលមិនមានគ្រោះថ្នាក់ទាល់តែសោះនៅក្នុងឆ្នាំ២០១១៕
ប្រែសម្រួលដោយ ឌឿង សាវតា