យោងតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុករបស់ថៃបានឲ្យដឹងថា ក្មេងស្រីខ្មែរពីរនាក់ត្រូវបានជួយសង្គ្រោះក្នុងប្រទេសថៃ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីពួកគេទាំងពីរនាក់ ត្រូវបានគេលក់ឲ្យទៅធ្វើការនៅរមណីយដ្ឋានមួយនៅតាមឆ្នេរសមុទ្រក្នុងក្រុងប៉ាតាយ៉ា។
យោងតាមព័ត៌មាន Pattaya Daily និង Pattaya People បានរាយការណ៍ថា ក្មេងស្រីទាំងពីរនាក់នេះមានអាយុ៧ឆ្នាំនិង១០ឆ្នាំ តាមចោទថា ត្រូវបានស្ត្រីជនជាតិវៀតណាមម្នាក់នាំយកទៅលក់ឲ្យគេ ហើយស្ត្រីនេះបានប្រាប់ពួកគេថា ពួកគេនឹងត្រូវកាត់ដៃនិងជើងចោល ប្រសិនបើពួកគេមិនព្រមទៅលក់គ្រឿងអលង្ការ កាឡៃនិងស្ករគ្រាប់នៅតាមឆ្នេរសមុទ្រទេនោះ។
សេចក្តីរាយការណ៍ទាំងនេះបានឲ្យដឹងថា ស្ត្រីជនជាតិវៀតណាមរូបនេះបានទិញក្មេងស្រីទាំងពីរនាក់នេះពីឪពុកម្តាយរបស់ពួកគេក្នុងប្រទេសកម្ពុជា ហើយបានលើកឡើងទៀតថាអាជីវករលក់ដូរនៅតំបន់ឆ្នេរសមុទ្របានប្រទះឃើញក្មេងស្រីទាំងពីរនាក់នេះត្រូវស្ត្រីរូបនេះវាយដំ និងបានចាប់ពួកគេប្រគល់ឲ្យនគរបាលមូលដ្ឋាន ដែលបានយកពួកគេទៅឃុំក្នុងមណ្ឌលទប់ស្កាត់ការជួញដូរមនុស្សក្នុងក្រុងប៉ាតាយ៉ា។
លោកជីវផល្លីអនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា លោកមិនបានទទួលព័ត៌មានអំពីរឿងនេះទេ ប៉ុន្តែលោកនឹងធ្វើការស៊ើបអង្កេតលើរឿងនេះ។
លោក ចាន់ សុវ៉េត អនុប្រធានផ្នែកអង្កេតនៅអង្គការសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា បញ្ហាឪពុកម្តាយលក់កូនស្រីរបស់ខ្លួនគឺជារឿងគួរឲ្យបារម្ភ។ លោកបានមានប្រសាសន៍ថា “រឿងទាំងនេះកើតឡើងមិនមែនតែនៅក្នុងប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងប្រទេសវៀតណាមក៏មានដែរ។[ឪពុកម្តាយ]បណ្តោយឲ្យកូនៗរបស់ខ្លួនលក់របស់របរដូចជាផ្កានៅតាមផ្លូវ។ ពួកគេប្រឈមនឹងហានិភ័យខ្លាំងណាស់ មិនត្រឹមតែត្រូវបានបង្ខំឲ្យធ្វើការ
ប៉ុណ្ណោះទេ គឺថែមទាំងអាចរងគ្រោះពីការរំលោភបំពានផ្លូវភេទទៀតផង៕
ប្រែសម្រួលដោយ សោមសារុន