28 C
Phnom Penh

ជប៉ុន ​ស្នើ​ឲ្យ​កម្ពុជា ​កាត់បន្ថយពន្ធ​និង​កែ​លម្អ​ការ​គ្រប់​គ្រង​នៅ​​កំពង់​ផែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​អង្គារស្ថាន​ទូត​ជប៉ុនប្រចាំ​រាជ​ធានី​ភ្នំ​ពេញ ​បាន​អំពាវ​នាវ​សុំ​ឲ្យរដ្ឋា​ភិបាល​កម្ពុជា ​ជួយ​លើក​ទឹកចិត្ត​ដល់​ការ​វិនិយោគ​របស់​ជប៉ុននៅ​ក្នុង​ប្រទេស​នេះ ​តាម​រយៈ​ការ​កាត់​បន្ថយ​​​​​ពន្ធ​លើ​ប្រាក់​ចំណេញ​របស់​ក្រុម​ហ៊ុន​និង​ការ​កាត់​បន្ថយ​ពន្ធ​គយ​ខ្ពស់​ខ្លាំង​ដោយ​ការ​​អនុ​វត្តគោល​នយោបាយ​មាន​តម្លា​ភាព​ និង​​មាន​ប្រសិទ្ធ​ភាព​ជាង​នេះ។

យោង​តាម​សំណើ​មួយ​ចំនួន​​ដែល​ស្ថាន​​​ទូត​ជប៉ុន​ បាន​ត្រៀម​សម្រាប់​លើក​ឡើង​នៅ​កិច្ច​ប្រ​ជុំ​វិស័យ​រដ្ឋ​និង​ឯកជន​លើក​ទី​៦រវាង​កម្ពុជា​និង​ជប៉ុននៅ​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា(CDC) បាន​ឲ្យ​ដឹង​ថាប្រទេស​ជប៉ុន​ចង់​ឲ្យ​រដ្ឋាភិ​បាល​គោរព​តាម​ការ​សន្យា​មួយ​ដែល​បាន​ធ្វើ​ឡើង​កាល​​ពី​ឆ្នាំមុន​ ដើម្បី​​​កាត់​បន្ថយ​ពន្ធ​លើ​ប្រាក់ចំណេញ​ចំនួន​២០​ភាគ​រយ​របស់​​កម្ពុជា​ សម្រាប់​ក្រុម​ហ៊ុន​​ ដែល​​​ចូល​មក​រក​ស៊ី​ក្នុង​ទីផ្សារ​កម្ពុជា។

ប៉ុន្តែ​លោកសុខចិន្តាសោភា ​អគ្គ​លេ​ខា​ធិការក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា ​បាន​មានប្រ​សាសន៍​​អំឡុង​​កិច្ច​ប្រ​ជុំ​នេះ​​ថា ​លោក​​នឹង​ផ្តល់​​ការ​​​កាត់​បន្ថយ​ពន្ធ​លើ​ប្រាក់​ចំណេញ​ដល់​ក្រុម​ហ៊ុន​​​នានា​​​តាម​ការ​ជាក់​ស្តែង​ ខណៈ ពេល​ដែល​​ក្រុម​អ្នក​ជំនាញ​បន្ត​លើក​ឡើងថាកម្ពុជា​គួរតែ​​​បង្កើន​ប្រាក់​ចំណូល​របស់​ខ្លួន​​តាម​រយៈការ​ដំឡើង​ពន្ធ។

លោក​ថ្លែងថា“ខ្ញុំ​មិន​គាំទ្រ​​​ឲ្យ​​ក្រុម​ហ៊ុនទាមទារ​​កាត់​បន្ថយ​​អត្រា​ពន្ធ​លើ​ប្រាក់​ចំណេញ​​ ឬ​ស្នើ​សុំ​ពន្យារ​ពេល​បង់​ពន្ធ​នោះ​​​ឡើយ”។​លោក​បាន​ថ្លែង​បន្ថែម​ថា ​ទោះ​ជា​យ៉ាង​ណាក្រុម​ហ៊ុន​មួយ​ចំនួន​ទទួល​បាន​​​ការ​កាត់​បន្ថយ​ពន្ធ​លើ​ប្រាក់​ចំណេញ​រហូត​ដល់​ទៅ​ប្រាំ​មួយ​ឆ្នាំ​ឯណោះ​។

លោក ចន ប្រ៊ីនស្តេន ​អនុ​ប្រ​ធាន​សភា​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​នៃ​កម្ពុជា​​​ បាន​មាន​ប្រ​សាសន៍​កាល​ពី​ម្សិល​មិញ​ថា ​​​​ការ​​​កាត់​បន្ថយ​​ពន្ធ​​លើ​ប្រាក់​ចំណេញសម្រាប់​​​ក្រុម​ហ៊ុន​ថ្មីៗ​​​នឹង​​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​សេដ្ឋ​កិច្ច​​ក្នុង​ស្រុក។

លោក​ ចន ប្រ៊ីនស្តេន បាន​មាន​ប្រ​សាសន៍​ថា ​ “ ​ការ​កាត់​​បន្ថយ​ពន្ធ​នេះ​នឹង​​បង្ក​លក្ខណ:​កាន់​តែ​ងាយ​ស្រួល​​សម្រាប់​ក្រុមហ៊ុន​ធំៗ​ ដែល​ចង់​​ធ្វើ​ការ​វិ​និ​យោគ​រយ:ពេល​វែង​ ដើម្បី​នាំ​ចូល​នូវ​បច្ចេក​វិទ្យា​​ទំនើប​ៗ​ ក៏​ដូច​ជា​បង្កើន​តម្លៃ​ដល់​កម្លាំង​​ការ​ងារ​ផងដែរ។​វា​ជា​ទង្វើ​​ដ៏​ឆ្លាត​វៃ​មួយ”។

អំឡុង​​កិច្ច​ប្រ​ជុំ​កាល​ពី​ថ្ងៃ​អង្គារ​នេះក្រុម​មន្ត្រី​ជប៉ុនក៏​បាន​បង្ហាញ​​វិធី​មួយ​ចំនួន​​សម្រាប់​ដោះស្រាយ​​​ដំណើរ​ការ​ដែល​គ្មាន​ប្រ​សិទ្ធ​ភាព​ និង​ចំណាយ​​អស់​ប្រាក់​​ច្រើន​នៅ​កំពង់​ផែធំ​ៗចំនួន​ពីរ​របស់​កម្ពុជា​  ដែល​ស្ថិតក្នុង​រាជធានី​ភ្នំពេញ​ និង​​ខេត្ត​ព្រះ​សីហនុ ​ផង​ដែរដោយ​​ស្នើ​សុំ​ឲ្យ​សាង​សង់​​​​ កន្លែងដាក់​​កុងតឺន័រដឹក​ទំនិញ (CFS) និង​ស្នើ​ឲ្យធ្វើ​គម្រោង ​​​ពេលសម្រាប់​ការបង់​​ពន្ធ​គយដើម្បី​ចៀស​វាង​ពី​ការ​បង់​ថ្លៃ​ត្រួត​ពិនិត្យ​”ដែល​គេ​មិន​ដឹង​ជាមុន”។

ប្រទេសជប៉ុន​​​​​​ បាន​ស្នើ​ឡើងថា“ដោយ​សារ​តែ​ខ្វះ CFS ​​កុងតឺន័រ​មិន​ត្រូវ​បាន​គេ​ផ្ទុក​ទំនិញ​ពេញ​ទេហើយ​ជារឿយៗគេ​នាំ​ទំនិញ​ចេញ​បាន​ត្រឹម​តែ​​ពាក់​កណ្តាលកុង​តឺន័រ​ប៉ុណ្ណោះ”។ សំណើនេះ​ បានលើកឡើង​ទៀតថា ​តម្លៃ​ពន្ធ​​គយ​នៅ​ក្នុង​ប្រទេស​​កម្ពុជា ​ខ្ពស់​ជាង​​ប្រទេស​​វៀតណាម​ ឬ​ប្រទេស​ថៃ​ ឆ្ងាយ​ណាស់។

ទីភ្នាក់​​ងារ​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ជប៉ុនហៅ​កាត់​ថា JAICA ​​បាន​លើក​ឡើង​កាល​ពី​ខែ​វិច្ឆិ​កា​ថា ​ថ្លៃចំណាយ​សម្រាប់​ការ​ដឹក​ជញ្ជូន​​ទំនិញ​មួយ​កុង​តឺន័រ​ពី​កំពង់ផែ​ក្រុង​ព្រះ​សីហនុ​ មាន​ចំនួន​​រហូត​ដល់​ទៅ​២.០០០​ដុល្លារ​​​ បើ​ប្រៀប​ធៀប​ទៅ​នឹង​​​តម្លៃ​ប្រហែល​១.៦០០​ដុល្លារ​​នៅ​ក្នុង​ប្រទេស​វៀត​ណាមនិង​ប្រទេស​ថៃ។

​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​​វិ​និ​យោគ​ដែល​ត្រូវ​បាន​អនុ​ម័ត​ចំនួន​​​​២០​​របស់​ជប៉ុន ​កាល​ពី​ឆ្នាំ​​មុននោះ​ មានទឹក​ប្រាក់​កើន​​​ដល់​ជាង​១២០​លាន​ដុល្លារហើយ​៕

​ប្រែសម្រួល​ដោយតែមសុខុម​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស