38 C
Phnom Penh

​នាយក​ស្ថានីយវិទ្យុសម្បុក​ឃ្មុំអំពាវ​នាវ​ឲ្យ​ធ្វើ​កំណែ​ទម្រង់គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ​ម៉មសូណង់ដូ ​នាយក​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​ ដែល​ជាស្ថានីយ​វិទ្យុ​ឯក​រាជ្យបាន​អំពាវ​នាវ​សុំ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​គណ:កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ហៅ​​កាត់​ថាគ.ជ.ប​ឲ្យ​​បាន​មុន​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ដែល​នឹង​ប្រ​ព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​៣ខែ​មិថុ​នា​ខាង​មុខ​នេះ​។

នៅ​ក្នុង​លិខិត​​​ផ្ញើ​ជូន​​គណ​បក្ស​នយោ​បាយ​ចំនួន​៤០​កាល​ពី​ថ្ងៃ​ច័ន្ទ​​ តាង​នាម​​ឲ្យ​សមា​គម​​អ្នក​ប្រជា​ធិបតេយ្យ​ ហៅកាត់ថា AoD របស់​លោក ​ ម្ចាស់​ស្ថានីយ​វិទ្យុ​​​នេះ​អះ​អាងថា គ.ជ.បដែល ​”ពោរពេញ​ទៅ​ដោយ​សមា​ជិក​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​”និង​ដែល​​មាន​​ទីស្នាក់ការនៅ​ក្នុង​ក្រសួង​មហា​ផ្ទៃ​នោះគឺ​មិន​ឯក​រាជ្យ​ទេហើយ​ក៏មិនអព្យាក្រឹតដែរ​​។

​ខ្លឹម​សារ​នៅ​ក្នុង​លិខិត​នេះ​ចោទ​ប្រ​កាន់​ គ.ជ.ប ថា​ បាន​អនុញ្ញាតឲ្យ​”គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច ​ប្រ​ព្រឹត្ត​ទង្វើ​​ខុស​ច្បាប់​និង​​បទ​​ឧ​ក្រិដ្ឋ​មួយ​ចំនួន​” ហើយ​ក៏បាន​លើក​ឡើងថា ”​ភាព​អសកម្ម​​​និង​ការ​លម្អៀង​របស់គ.ជ.ប បាន​បណ្តាល​ឲ្យ​មាន​​បាតុ​កម្ម​តវ៉ា​ និង​អំពើ​ហិង្សាដែលមិនគួរកើតឡើង​​ ក្រោយ​ការ​បោះ​ឆ្នោត​នី​មួយៗ”។

ខ្លឹម​សារ​ក្នុង​លិខិត​នេះ​ក៏បាន​អំ​ពាវ​នាវ​​សុំ​ឲ្យ​មាន​ការ​​​​រុះ​រើ​សមាស​ភាព​របស់ គ.ជ.ប ​តាម​រយ:​ការ​ដាក់​បញ្ចូល​​”បេក្ខ​ជន​ឯករាជ្យ​​​”ជំនួស​សមា​ជិក​​​​ ដែល​គាំទ្រ​​គណ​បក្ស​ប្រ​ជា​ជន​កម្ពុ​ជា​ ​និង​សុំ​ឲ្យ​ការ​​បោះ​ឆ្នោត​ជាតិ​ ឆ្នាំ២០១៣​ប្រ​ព្រឹត្ត​ទៅ​ក្រោម​ការ​​រៀបចំ​របស់​​អន្តរជាតិ​ ដូច​ការ​បោះ​ឆ្នោត​ឆ្នាំ​​១៩៩៣​ដែល​ត្រូវរៀបចំ​​ឡើង​​ដោយ​អ៊ុនតាក់ (UNTAC) អ៊ីចឹងដែរ។

លោកម៉មសូណង់ដូ ​​មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​សុំ​​ការ​អត្ថា​ធិ​ប្បាយ​បុ៉ន្មានលើក​​ កាល​​ពី​ម្សិល​មិញ​នោះ គឺ​ជា​អ្នករិះ​គន់​រដ្ឋា​ភិបាលជា​យូរ​មក​ហើយ ហើយក៏ធ្លាប់​បាន​ជួបបញ្ហាបុ៉ន្មានដងដែរ​ ដោយ​សារតែទស្សន​រិះ​គន់​មិន​សំចៃ​របស់​លោក​។

កាល​ពី​ឆ្នាំ​២០០៣លោកម៉មសូណង់​ដូបានជាប់​ពន្ធនាគារ​ប៉ុន្មាន​ថ្ងៃ និង​ត្រូវ​បាន​ចោទ​ប្រ​កាន់​ពី​បទ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បទ​ញុះ​ញង់​ប្រ​ជា​ពល​រដ្ឋ​ឲ្យ​រើស​អើង និងឲ្យ​ប្រព្រឹត្តបទ​ល្មើស​ ក្រោយពីមានការ​​ចោទ​ប្រកាន់​ថាលោក​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​​ញុះ​ញង់​តាម​វិទ្យុ បន្ទាប់​ពី​មាន​បាតុកម្ម​តវ៉ា​ ក្នុងរាជធានី​ភ្នំ​ពេញ ដែល​អំឡុង​ពេល​នោះ​ស្ថាន​ទូតថៃ​ បាន​រង​ការ​បំផ្លាញ​។

កាល​ពី​ឆ្នាំ​២០០៥ លោក​ត្រូវ​បាន​ចាប់​ខ្លួន​តាម​ការ​ចោទ​ប្រកាន់​ទាក់​ទិន នឹង​​​បទ​សម្ភាសន៍​​ជាមួយ​ក្រុមមួយ​​នៅ​ក្នុង​ទី​ក្រុង​ប៉ារីស ​​ឈ្មោះគណ:​កម្មា​ធិការព្រំ​ដែន​​កម្ពុជា (Cambodia’s Border Committee)​ ដែល​បាន​រិះ​គន់​គោល​នយោ​បាយ​ព្រំ​ដែន​របស់​រដ្ឋា​ភិបាលដោយនាំ​ឲ្យអង្គ​ការ​លើក​លែង​ទោស​អន្តរជាតិ​​ហៅ ​​លោក​ ម៉ម សូណង់ដូ ថាជា​អ្នក​ទោស​មន​សិ​ការ។ លោក​បាន​​អនុវត្ត​ទោស​​បីខែនៅ ក្នុងពន្ធ​នាគារ​ព្រៃ​ស ក្នុង​រាជ​ធានី​ភ្នំ​ពេញ មុន​ពេល​មានការ​លើកលែង​ការ​ចោទ​ប្រកាន់។

លោក ទេព នីថា ​អគ្គ​លេ​ខា​ធិ​ការ​របស់​ គ.ជ.ប​ បាន​មាន​​ប្រ​សាសន៍ថា​ ​លោក​មិន​ទាន់​បាន​ឃើញ​ខ្លឹម​សារ​នៃ​លិខិត​នេះទេ​ បុ៉ន្តែ​ថា​​លោក ម៉ម​ សូណង់ដូ ​ប្រាកដ​ជា​គ្រាន់តែ និយាយឡើងវិញ​​​អំពី​អ្វី​​ដែល​លោក​​ធ្លាប់បាន​​និយាយជាច្រើនដងណាស់​​​​ហើយ​បុ៉ណ្ណោះ​។

លោក​បាន​មាន​ប្រ​សាសន៍​ថា ​”លិខិតរបស់​លោក ម៉ម សូណង់ដូ មិន​​ត្រឹមត្រូវ​ទេ។ប្រសិន​​បើ​គាត់​ចង់​​កែ​ប្រែគ.ជ.បគាត់​គួរ​តែ​សរសេរ​​លិខិតផ្ញើ​​ទៅ​តំណាង​រាស្ត្រ​ក្នុង​រដ្ឋ​សភា​ សុំឲ្យ​ធ្វើ​វិ​សោធន​កម្ម​ច្បាប់​នេះ​ ​មិន​មែន​​សរសេរ​ទៅ​គណ​បក្ស​​ទាំង​នេះអ៊ីចឹង​​​ទេ”។

ដោយ​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​អំពី​​សមាជិក​របស់​ គ.ជ.ប ដែល​​មានទំនាក់ទំនង​​​នយោ​បាយ​​​នោះលោក​ថ្លែងបន្ថែម​​ថា ”ខ្ញុំសូម​ច្រាន​ចោល​​រាល់​អ្វី​ដែល​លោកម៉មសូណង់ដូ ​លើក​ឡើង​ ប៉ុន្តែ​គាត់​មាន​សិទ្ធិ​​បញ្ចេញ​មតិ”៕

(រាយការណ៍​បន្ថែម​ដោយអ៊ាងម៉េងឡេង)

ប្រែ​សម្រួល​ដោយតែម ​សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស