34 C
Phnom Penh

តុលាការ​បន្តដោះលែងអ្នកទោសពាក់​ព័ន្ធបទល្មើស​តូចតាច​ ខណៈដែល​អនុក្រឹត្យឲ្យលុប​ចោល​ឡូត៍នេសាទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់​ពី​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនបាន​ប្រកាស​ឲ្យ​លើកលែង​ទោស​ទូទៅ​ដល់​ជនសង្ស័យ​ និងទណ្ឌិតទាំងអស់ដែល​បាន​ជាប់​ពន្ធ​នា​គារ​​ ពី​បទល្មើស​នេសាទ​តូចតាច​នោះ​ កាល​ពី​ម្សិល​មិញ​លោកនាយក​រដ្ឋ​មន្ត្រីបាន​ចុះ​ហត្ថ​លេខា​ឲ្យអនុក្រឹត​្យមួយ​ចូលជា​ធរមានដើម្បី​បិទ​​ឡូត៍នេសាទពាណិជ្ជកម្ម​នៅ​ទូទាំង​ប្រទេស។

កាលពីខែ​មុនលោក​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ លោក​នឹង​លុបចោល​ឡូត៍​នេសាទ​​ទាំង​អស់​ ដើម្បី​បង្កើន​បរិមាណត្រី​សម្រាប់​ប្រជានេសាទ​ដែល​នេសាទ​សម្រាប់​ទប់ទល់​ជីវភាព។

នៅ​ក្នុង​អនុក្រឹត្យ​មួយមាន​៨​មាត្រា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ម្សិល​មិញ ​លោក​ ហ៊ុនសែន​ បាន​បញ្ជាឲ្យ​លុប​ចោលឡូត៍នេសាទជាបន្ទាន់នៅ​ក្នុង​ខេត្ត​បាត់​ដំបងសៀម​រាបពោធិ៍សាត់​ កំពង់​ឆ្នាំងនិង​​ខេត្ត​កំពង់​ធំ។ឡូត៍នេសាទ​នៅ​ក្នុង​ខេត្ត​បន្ទាយមាន​ជ័យត្រូវ​បញ្ជាឲ្យ​លុបចោលនៅ​ថ្ងៃ​ទី​១០ខែ​មេសា។

ក្រុមព្រះរាជអាជ្ញាអម​សាលាដំបូងខេត្ត​ដែលបានអនុវត្តតាម​ការ​ប្រកាសរបស់​លោកហ៊ុនសែនឲ្យមាន​ការ​លើក​លែងទោសនេះបាន​និយាយកាល​ពី​ម្សិល​មិញ​ថាពួកគេ​កំពុង​បន្ត​ដោះលែង​ជន​សង្ស័យ​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​នេសាទ។

លោកពេញវិបុលព្រះរាជ​អាជ្ញាអមសាលាដំបូង​ខេត្ត​កំពង់​ឆ្នាំង​ បានលើក​ហេតុផល​ថា”តុលាការ​បាន​ដោះលែង​ជន​សង្ស័យទាំងអស់​ ដែល​ជាប់​ពាក់​ព័ន្ធនឹង​ការ​នេសាទ​ខុសច្បាប់​ ពីព្រោះ​សម្តេចហ៊ុនសែនបានប្រកាស​លុប​ចោល​ឡូត៍នេសាទ​ ហើយជនសង្ស័យ​ទាំងនេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ត​បទ​ល្មើស ​​នៅក្នុង​តំបន់​ឡូត៍នេសាទទាំង​នោះ”។

ក្រុម​អ្នក​ជំនាញផ្នែកច្បាប់ ​បាន​សម្តែង​កង្វល់​ជុំវិញ​ការ​លើក​លែង​ទោស​នេះដោយ​លើក​ឡើង​ថាការលើក​លែង​ទោសបែបនេះ​ផ្ទុយ​ពី​នីតិវិធី​​ផ្លូវ​ច្បាប់​ ហើយ​វា​ទំនងជា​ការ​ខិតខំរបស់​រដ្ឋាភិបាល​ ដើម្បីធ្វើ​ឲ្យ​មាន​ការ​គាំ​ទ្រកាន់​តែ​ច្រើន​ពី​សាធារណ​ជន​អំឡុងពេល​បោះឆ្នោត។

ទោះ​​​ជា​​​យ៉ាង​​​ណាកាលពីម្សិលមិញ​ព្រះរាជអាជ្ញា​នានា​បានបន្តអះអាង​ថាគ្មានអ្វី​ទាស់​ខុស​ទេ​ ដែល​លោក​នាយក​រដ្ឋ​មន្ត្រីបញ្ជាឲ្យ​តុលាការ​ដោះលែង​អ្នក​ទោស​​បទល្មើស​នេសាទនោះ។

លោកវិបុលដែល​បាន​ដោះលែង​ជនសង្ស័យ​ប្រាំបួន​នាក់​ ឲ្យ​នៅក្រៅឃុំ​កាល​ពីម្សិល​មិញហើយ​បាន​បញ្ជូន​ជន​សង្ស័យ​ពីរនាក់​ទៀត​ទៅកាត់​ក្តី​លឿនៗ​និង​ត្រូវ​បាន​ដក​ការ​ចោទ​ប្រកាន់​ភ្លាមៗ​ដែរនោះ​ បានថ្លែងថា “យើង​បានអនុវត្ត​រឿងក្តី​ទាំងនេះ ​តាម​នីតិវិធី​តុលាការ​ វា​មិនផ្ទុយនឹង​ច្បាប់​ទេ”។

លោក​ នួន​ សានព្រះរាជ​អាជ្ញាអមសាលាដំបូង​ខេត្ត​បាត់​ដំបង​ ក៏បាន​និយាយ​ការពារ​ការ​ដោះលែង​ជនសង្ស័យ​១១​នាក់​​ ឲ្យ​នៅក្រៅឃុំកាលពីថ្ងៃ​អង្គារ​ តាម​​បញ្ជារបស់​​រដ្ឋាភិបាល​ដែរដោយ​លើក​ឡើង​ថា”យើង​យល់ថាបទល្មើស​​ទាំង​នេះ​គឺ​ជា​បទល្មើស​​​មជ្ឈិមហើយ​ពួកគាត់​ជា​ប្រជាពលរដ្ឋក្រីក្រ។ពួកគាត់មិន​ចេះ​ច្បាប់​ទេ”។

លោកនួនសាន ​បន្ថែមថា”ខ្ញុំ​គិត​ថាវាសក្តិសមហើយ​​ ក្នុង​ការ​ដោះលែង​ពួកគាត់ពីព្រោះ​ពួកគាត់​ជាប់​ពន្ធនាគារយូរល្មមហើយ”។ នៅ​ក្នុង​ខេត្ត​កណ្តាលឯណោះវិញលោកអិុនវណ្ណវិបុលប្រធាន​តុលាការ​ខេត្ត​បាន​មាន​ប្រសាសន៍ថាជនសង្ស័យ​ពីរនាក់​ ត្រូវបានដោះលែង​នៅ​សប្តាហ៍​នេះ”ដោយ​ធ្វើ​តាមច្បាប់”ប៉ុន្តែ​លោក​បាន​បដិសេធ​មិនបកស្រាយលម្អិត​ឡើយ។លោកហ៊ីសុភារដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌​ក៏បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ផងដែរ៕

ប្រែសម្រួល​ដោយសោមសារុន

​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស