ក្រោយពីមានបាតុកម្មតវ៉ាជាទ្រង់ទ្រាយធំអស់រយ:ពេលបួនថ្ងៃជាប់គ្នារួចមក ដោយរួមមានទាំងការបិទកំណាត់ផ្លូវជាតិលេខ១១អស់៣០ម៉ោងផងនោះ អាជ្ញាធរក្រុងព្រៃវែង កាលពីម្សិលមិញបានយល់ព្រមតាមការទាមទាររបស់អ្នកភូមិ ដែលអំពាវនាវសុំឲ្យបញ្ចុះតម្លៃទឹក។
បាតុកម្មតវ៉ានៅក្នុងក្រុងព្រៃវែងនេះ គឺជាលើកទីបួនហើយក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលការប្រឆាំងតវ៉ាទ្រង់ទ្រាយធំបែបនេះ ដោយរួមមានទាំងអំពើហិង្សានៅក្នុងករណីចំនួនពីរផងនោះ បានឈានដល់ទីបញ្ចប់ទៅហើយ ដោយអាជ្ញាធរបានចុះញ៉មតាមការទាមទាររបស់បាតុករ។
បន្ទាប់ពីអ្នកភូមិជាង១.០០០នាក់មកពីក្រុងព្រៃវែងបានចំណាយពេលក្នុងសប្តាហ៍នេះ ដើម្បីធ្វើការតវ៉ាចំពោះតម្លៃទឹកខ្ពស់ពេកកំណត់ដោយក្រុមហ៊ុនឯកជនមួយ ដែលទទួលបានសិទ្ធិផ្គត់ផ្គង់ទឹកនៅក្នុងក្រុងនេះ នាពេលថ្មីៗនេះនោះ ការទាមទាររបស់ពួកគេបានសម្រេចជោគជ័យហើយ កាលពីម្សិលមិញ។
អ្នកតំណាងម្នាក់ របស់អ្នកតវ៉ាទាំងនេះដែលសុំមិនបញ្ចេញឈ្មោះ ដោយសារតែខ្លាចការសងសឹកនោះ បាននិយាយថា “យើងបានបញ្ឈប់ការបិទផ្លូវនៅថ្ងៃនេះ នៅម៉ោងប្រហែល៤:៣០នាទីរសៀលបន្ទាប់ពីលោកអភិបាលខេត្តព្រៃវែង បានយល់ព្រមបើកឲ្យអ្នកភូមិបានប្រើប្រាស់ប្រព័ន្ធផ្គត់ផ្គង់ទឹកនេះឡើងវិញដូចមុន ក្នុងតម្លៃ១.២០០រៀល ក្នុងមួយម៉ែត្រគូប”។
លោក គឹម ទូច ប្រធានក្រុមហ៊ុនផ្គត់ផ្គង់ទឹក គឹមទូចបានលើកឡើងថា លោកគិតថាលទ្ធផលនេះអាចទទួលយកបាន ហើយលោកមិនព្រួយបារម្ភខ្លាចបាត់បង់អតិថិជនឡើយ។
បាតុកម្មតវ៉ានេះបានចាប់ផ្តើមកើតឡើង នៅពេលដែលអាជ្ញាធរបានបិទប្រព័ន្ធផ្គត់ផ្គង់ទឹកចាស់ ដោយអះអាងថា អ្នកភូមិត្រូវទិញទឹកពីក្រុមហ៊ុនផ្គត់ផ្គង់ទឹកថ្មីនេះ ដែលបានកំណត់តម្លៃ១.៨០០រៀលក្នុងមួយម៉ែត្រគូប។
លោកគឹមទូច បានថ្លែងថា “ប្រជាពលរដ្ឋប្រហែល២.០០០គ្រួសារ បានចុះឈ្មោះប្រើប្រាស់ប្រព័ន្ធផ្គត់ផ្គង់ទឹករបស់ខ្ញុំរួចទៅហើយ [ចាប់តាំងពីថ្ងៃទី១ ខែមករាមក]”។លោកបានបន្ថែមទៀតថា ទឹករបស់លោកត្រូវបានចម្រោះត្រឹមត្រូវ និងមាន២៤ម៉ោងក្នុងមួយថ្ងៃ ហើយកម្លាំងទឹកអាចបុកឡើងបានកម្ពស់២១ម៉ែត្រ គឺសក្តិសមសម្រាប់ផ្ទះច្រើនជាន់។
លោកបានលើកឡើងថា ប្រព័ន្ធផ្គត់ផ្គង់ទឹកដែលសល់តាំងពីសម័យអាណានិគមបារាំង នេះ គឺបូមយកពីអណ្តូងចំនួនបី ហើយអាចរត់បានតែ១២ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។
លោក សុខ ផេង ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលខេត្តព្រៃវែង បានមានប្រសាសន៍ថា “ប្រព័ន្ធផ្គត់ផ្គង់ទឹកចាស់របស់យើងបានចាប់ផ្តើមបូមទឹកម្តងទៀតពីអណ្តូងចំនួនបី ចាប់តាំងពីម៉ោង២:៣០នាទីថ្ងៃនេះមក ហើយពេលនេះយើងបានបើកប្រព័ន្ធផ្គត់ផ្គង់ទឹកចាស់នេះ ឲ្យប្រជាពលរដ្ឋក្នុងក្រុងរបស់យើងបានប្រើប្រាស់ដូចមុនវិញហើយ។ ពួកគាត់បានឈប់បិទផ្លូវហើយ ការកកស្ទះចរាចរណ៍បានធូរស្រាល ហើយការធ្វើដំណើរក៏បានបន្តវិញដូចធម្មតាដែរ”។
លោក សុខផេងបានសង្កត់ធ្ងន់ថាពេលនេះអតិថិជនទទួលបាននូវ “ទីផ្សារសេរី” មួយហើយ ដោយក្នុងនោះពួកគាត់បានជ្រើសរើសការផ្គត់ផ្គង់ទឹករបស់រដ្ឋ ឬក៏ពីក្រុមហ៊ុនគឹម ទូច។ ប៉ុន្តែលោកសុខផេងបានក្រើនរំឭកថា “ទឹករបស់រដ្ឋមិនសូវស្អាតទេ ហើយវាមានគុណភាពមិនសូវល្អទៀតផង ពីព្រោះបំពង់ទុយោទឹកនេះចាស់ពេក”។
អត្ថាធិប្បាយអំពីភាពជោគជ័យនៃការធ្វើបាតុកម្មតវ៉ាក្នុងរយ:ពេលថ្មីៗនេះ លោក មឿនតុលា ប្រធានកម្មវិធីការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានមានប្រសាសន៍ថា ពេលវេលាបានដើរតួនាទីមួយភាគតូចនៅក្នុងជោគជ័យនេះ។
លោកមឿនតុលា បានមានប្រសាសន៍ថា “ ជាធម្មតា ប្រសិនបើប្រជាពលរដ្ឋដើរក្បួន ដើម្បីធ្វើការតវ៉ា វានឹងមិនប្រព្រឹត្តទៅបានល្អឡើយ។ ក៏ប៉ុន្តែនៅរាល់ពេលធ្វើយុទ្ធនាការបោះឆ្នោតជិតមកដល់ ប្រជាពលរដ្ឋ កម្មករ កម្មការិនី សហគមន៍នានានឹងយល់ឃើញថា វាជាពេលល្អសម្រាប់ធ្វើការទាមទារ”៕
ប្រែសម្រួលដោយ តែមសុខុម