26 C
Phnom Penh

ថាក់ស៊ីន ព្រមានថា ប្រទេសថៃ​ ជួបគុណវិបត្តិពាក់ព័ន្ធការអះអាងសិទ្ធិ​កាន់​កាប់​ដី​នៅ​​ព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ថាក់​ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយក​រដ្ឋមន្ត្រី​ថៃដែល​កំពុង​រត់គេចខ្លួន​នោះ តាម​​ព័ត៌មានថា  បានប្រាប់​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ថៃថា ប្រទេស​កម្ពុជា​មាន​អំណះ​អំណាងរឹងមាំជាង​ពាក់​ព័ន្ធ​ជម្លោះ​ផ្លូវ​ច្បាប់​​រវាង​ប្រទេស​ទាំងពីរនេះ​ជុំវិញ​ដី​មានវិវាទ​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ។​

ការ​អត្ថា​ធិប្បាយ​បែប​នេះ​គឺជា​ការ​​អត្ថា​ធិប្បាយ​ជាសាធារណៈ​លើក​ដំបូង​ទៅកាន់​អ្នកនយោបាយ​ជាន់​ខ្ពស់​ថៃ ទាំង​អតីត​ឬ​បច្ចុប្បន្ន និង​ធ្វើ​ឡើង​ចំពេលមាន​សេចក្តី​រាយការណ៍នៅ​តាម​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្នុងប្រទេស​កម្ពុជា​ថា លោក​ ថាក់​ស៊ីន ដែល​ជាមិត្តភក្តិនិង​ជា​អតីត​ទី​ប្រឹក្សា​​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន​ នោះនឹងធ្វើដំណើរ​មក​ប្រទេស​កម្ពុជា​ក្នុងរយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។​

បច្ចុប្បន្ននេះ តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ “កំពុង​បកស្រាយ”សាលក្រមឆ្នាំ​១៩៦២របស់​ខ្លួន​​ ដែលបាន​​ប្រគល់​ប្រាសាទ​ព្រះវិហារ​មក​ឲ្យកម្ពុជា ដើម្បី​សម្រេច​​ដូច​ដែល​​​​កម្ពុជា​អះអាង​ថា តុលាការនេះ​​ក៏​សម្រេច​ប្រគល់​​សិទ្ធិ​កាន់​កាប់​ដី​មាន​វិវាទនៅជាប់នឹង​ប្រាសាទ​នេះឲ្យ​ខ្លួន​រួច​ហើយនោះ​​ឬ​យ៉ាង​ណា។

ប្រទេសថៃនិង​កម្ពុជាបាន​ប៉ះ​ទង្គិច​គ្នា​មួយប្រាវៗ​​ជាច្រើនលើក ប៉ុន្តែជា​ការប៉ះ​ទង្គិច​គ្នា​ដែល​បណ្តាល​ឲ្យ​មាន​មនុស្សស្លាប់​ពាក់​ព័ន្ធ​នឹង​ដីនេះ​ចាប់​តាំងពីឆ្នាំ២០០៨​មក។

បន្ទាប់ពី​ការ​ប៉ះ​ទង្គិច​គ្នា​ចុង​ក្រោយ​ កាល​ពី​ខែ​មេសា ប្រទេស​កម្ពុជាបាន​ងាក​​ទៅរកតុលាការ​យុត្តិធម៌អន្តរ​ជាតិ ដោយ​សង្ឃឹមថានឹង​អាចជួយដោះស្រាយ​បញ្ហានេះឲ្យចប់​ជាស្ថាពរតែម្តង។

នៅ​ពេល​ថ្លែង​ទៅកាន់​កាសែត​បាង​កក​ប៉ុស្តិ៍​នោះលោកថាក់​ស៊ីន បាន​លើក​ឡើង​ថាប្រទេស​ថៃមាន​អំណះអំណាង​ខ្សោយ​ជាង​កម្ពុជា។ កាសែត​នេះ​បាន​​ដកស្រង់​សម្តី​លោក​​ថាក់សីុន ថា“និយាយតាមត្រង់ទៅប្រទេស​​ថៃ​កំពុងជួបគុណវិបត្តិនៅក្នុង​រឿង​ក្តី​នេះ”។​

ដោយគាំទ្រ​ផ្នែក​ខ្លះ​នៃ​អំណះ​អំណាង​ផ្ទាល់​មាត់​របស់​​កម្ពុជានៅ​ចំពោះ​មុខ​តុលាការ​យុត្តិ​ធម៌អន្តរជាតិ​កាលពីឆ្នាំ​មុន​នោះ លោក​បាន​​កត់សម្គាល់​ថា ប្រទេសថៃ​មិន​បាន​ជំទាស់​ជាច្រើន​​ទសវត្សរ៍មកហើយ ចំពោះ​ផែន​ទី​សម័យអាណានិគមបារាំង​ ដែល​បាន​​ដាក់​ដី​មានវិវាទនេះ​ឲ្យស្ថិតក្នុង​ប្រទេស​កម្ពុជា ​ហើយ​​ក៏បានស្នើ​សុំច្បាប់​ចម្លងសម្រាប់​ប្រើ​ផ្ទាល់​ខ្លួនផងដែរ។

លោក​ ថាក់​ស៊ីនបាន​បន្តព្រមានថាតុលា​ការ​យុត្តិធម៌អន្តរជាតិ​ទំនងជា​នឹង​សម្រេច​ឲ្យកម្ពុជាឈ្នះ ហើយ​ការ​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះ​​អាច​បណ្តាលឲ្យមាន​ “អរិភាព​កាន់​​តែ​ខ្លាំងឡើង” នៅ​ក្នុង​ចំណោម​​ប្រជា​ជន​ថៃ។

តាមព័ត៌មានថា លោក​បាន​ជំរុញ​ឲ្យ​រដ្ឋា​ភិបាលដែល​ដឹកនាំដោយ​លោកស្រី យីង​ឡាក់​ ស៊ីណាវ៉ាត្រា ពន្យល់​ពី​អង្គ​ហេតុ​នៃ​រឿងក្តីនេះប្រាប់​សាធារណជន​ដើម្បី​ជៀស​វាង​​កុំឲ្យ​មាន​ជម្លោះ​ថែមទៀត។

ជាការពិតណាស់ បញ្ហានេះបាន​ក្លាយ​ជា​ចំណុចក្តៅគគុករួចទៅហើយសម្រាប់​ក្រុម​អ្នក​ជាតិនិយម និង​គណបក្ស​នយោបាយ​ក្នុង​​ប្រទេសថៃ ដែល​បាន​បណ្តាល​ឲ្យ​ប្រទេស​នេះអះអាង​សិទ្ធិកាន់​កាប់​ចំពោះ​តំបន់​​មាន​វិវាទនោះ។

ក្រុមមន្ត្រីថៃបាន​បដិសេធមិន​ធ្វើ​អត្ថា​ធិប្បាយអំពី​សកម្មភាពរបស់​លោក ថាក់​ស៊ីន​ ទេ ពីព្រោះលោក​មិន​មែនជា​សមា​ជិក​ផ្លូវ​ការ​​របស់​រដ្ឋាភិបាលបច្ចុប្បន្នឡើយ ប៉ុន្តែ​​ក្រុមអ្នកសង្កេតការណ៍ជាច្រើន​សង្ស័យ​ថាលោក​អាចជា​កម្លាំង​ដ៏ពិត​ប្រាកដ​​នៅ​ពី​ក្រោយ​​រដ្ឋបាលរបស់​ប្អូន​ស្រី​លោក។

លោកថាក់ស៊ីនត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ក្នុង​រដ្ឋ​ប្រហារ​ឆ្នាំ​២០០៦​ ហើយបាននិងកំពុង​រស់​នៅ​ឯ​បរទេស​​តាំងពីពេលនោះមក ដើម្បី​ចៀស​វាង​​ពី​ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​តាម​ការ​​ចោទ​​ប្រកាន់​ពីបទពុករលួយ។

លោក ថាក់ស៊ីន មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​លោក​ ហ៊ុន សែន ច្រើន​ឆ្នាំមក​ហើយ​ ថែម​ទាំងធ្លាប់ធ្វើជា​ទី​ប្រឹក្សា​សេដ្ឋ​កិច្ច​​របស់​លោក​កាល​ពីឆ្នាំ២០០៩និង​២០១០ទៀត​ផង។

ទោះជាយ៉ាងណា ការ​អត្ថា​ធិប្បាយ​ចុង​ក្រោយ​បំផុត​របស់​លោក​ នឹង​អាច​មាន​លទ្ធភាព​តិចតួច​ណាស់​ក្នុងការ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​រវាង​រដ្ឋភិបាល​របស់ប្អូនស្រី​លោក និង​​អ្នក​ជាតិនិយមដែល​ចូលចិត្ត​បង្ក​សង្គ្រាម​របស់​ប្រទេសថៃ។

មិនថាយ៉ាងណានោះទេ លោក ផៃស៊ីផានអ្នក​នំា​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី ​បាន​ស្វាគមន៍ការ​អត្ថា​ធិប្បាយ​កាលពី​ចុង​សប្តាហ៍​របស់​លោកថាក់​ស៊ីន។លោកបាន​មានប្រសាសន៍ថា “លោកថាក់​ស៊ីននិយាយការពិត”ដោយ​អះ​អាង​ថា​​ អតីតនាយករដ្ឋមន្ត្រីថៃដែល​នៅ​តែ​មាន​ប្រជា​ប្រិយ​ភាព​ក្នុង​ចំណោម​ប្រជា​ពល​​រដ្ឋ​នៅ​តាម​ជនបទភាគច្រើន​ក្នុង​ប្រទេស​ថៃ​រូប​នេះ​ គ្រាន់​តែ​បង្ហាញពី​គំនិត​ភាគច្រើននៅ​ក្នុង​ប្រទេស​របស់​លោក​ប៉ុណ្ណោះ។

លោកផៃស៊ីផានបានមាន​ប្រសា​សន៍​ថា“ប្រជាជនថៃ​ភាគច្រើន​យល់អំពី [ករណី​របស់​កម្ពុជា] ដូច្នេះហើយ លោក ថាក់​ស៊ីនគ្រាន់​តែ​ជាមនុស្សម្នាក់​ក្នុង​ចំណោម​មនុស្ស​ភាគច្រើនតែប៉ុណ្ណោះ”។

ចំណែកឯការអះអាង​ថា​លោក​ថាក់​សីុន​ នឹង​ធ្វើ​ដំណើរ​មកកាន់​ប្រទេស​​កម្ពុជានោះអ្នកនាំពាក្យរូបនេះ​បានមាន​ប្រសា​សន៍ថាលោក​គ្រាន់​តែដឹង​តាម​ព័ត៌​មាន​​ដែល​លោក​បាន​អាន​នៅក្នុង​បណ្តាញ​ផ្សព្វ​ផ្សាយព័ត៌មាន​ក្នុងស្រុកតែប៉ុណ្ណោះ។

ដោយលើកឡើងពី “ប្រភព” របស់​គណ​បក្សភឿថៃ និង​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ថៃ​មួយ​​ចំនួននោះ កា​សែត​​ចេញ​ផ្សាយប្រចាំថ្ងៃកម្ពុជា​ថ្មី បាន​រាយការណ៍​កាលពីម្សិលមិញថា លោក​ថាក់ស៊ីន នឹង​មកដល់​រាជ​ធានី​ភ្នំពេញនៅ​ថ្ងៃ​ព្រហ​ស្បតិ៍​ ដើម្បី​ជួប​ជាមួយ​អ្នក​​គាំទ្រ និង​មាន​​

ការ​ជួប​ជា​លក្ខណៈ​ឯក​ជន​​​ជាមួយ​លោកហ៊ុនសែនផងដែរ៕

ប្រែសម្រួលដោយ សោមសារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស