មួយសប្តាហ៍បន្ទាប់ពីលោកសមរង្ស៊ីមេដឹកនាំគណបក្សសម រង្ស៊ីបានប្តេជ្ញាថានឹងត្រឡប់មកកម្ពុជាវិញពីការនិរទេសខ្លួនឯងនោះកាលពីម្សិលមិញរដ្ឋសភាបានចេញសេចក្តីថ្លែងការណ៍មួយរំឭកប្រាប់បណ្តាញផ្សព្វផ្សាយព័ត៌មាននិងសាធារណជនថាប្រធានគណបក្សសមរង្ស៊ី រូបនេះត្រូវបានលុបឈ្មោះចេញពីបញ្ជីរបស់រដ្ឋសភាកាលពីឆ្នាំមុននិងត្រូវបានដកអភ័យឯកសិទ្ធិជាសមាជិកសភាទៀតផង។
សេចក្តីថ្លែងការណ៍ចេញដោយការិយាល័យរបស់លោកឡេងប៉េងឡុងអគ្គលេខាធិការរដ្ឋសភាមានខ្លឹមសារថា“លោកសមរង្ស៊ីត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះសមាជិកសភានីតិកាលទីបួននេះហើយ។ហេតុដូច្នេះហើយ មតិជាតិនិងអន្តរជាតិគួរតែជ្រាបពីព័ត៌មាននេះ”។
សេចក្តីថ្លែងការណ៍នេះយោងទៅលើសេចក្តីសម្រេចរបស់តុលាការកំពូលកាលពីថ្ងៃទី១ខែមីនាឆ្នាំ២០១១ ក្នុងការតម្កល់សាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀងកាលពីឆ្នាំ២០១០ដែលផ្តន្ទាទោសលោក សម រង្សុីឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំនិងពិន័យជាប្រាក់ចំនួន៨លានរៀល (ប្រហែល ២.០០០ដុល្លារ)ពីបទដកបង្គោលតម្រុយព្រំដែន។
ពីរសប្តាហ៍បន្ទាប់ពីតុលាការចេញសាលក្រមនេះកាលពីឆ្នាំមុននោះលោកសមរង្ស៊ីត្រូវបានដកអភ័យឯកសិទ្ធិសភាជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម។
តាមច្បាប់ទណ្ឌិតមានទោសព្រហ្មទណ្ឌដែលមិនទាន់បានអនុវត្តទោសរបស់ខ្លួននោះមិនអាចបម្រើការនៅក្នុងអង្គនីតិបញ្ញត្តិបានឡើយ អំឡុងពេលនិយាយតាមរយៈវីដេអូខនហ្វឺរិន កាលពីថ្ងៃទី៥ខែមីនាជាមួយសមាជិកគណបក្សលោកសមរង្ស៊ីបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាវិលត្រឡប់មកប្រទេសកម្ពុជាវិញជាមួយការជួយគាំទ្រពីអន្តរជាតិប្រសិនបើលោកអាចទទួលបានការគាំទ្រមែននោះ។
លោកបាននិរទេសខ្លួនឯងទៅរស់នៅក្នុងទីក្រុងប៉ារីសចាប់តាំងពីចុងឆ្នាំ២០០៩មកហើយក្រោយមក តុលាការចំនួនពីរបានផ្តន្ទាទោសរូបលោកឲ្យជាប់ពន្ធនាគារសរុប១២ឆ្នាំតាមការចោទប្រកាន់ពីបទញុះញង់ ផ្សព្វផ្សាយព័ត៌មានមិនពិតនិងបំផ្លាញទ្រព្យសម្បត្តិសាធារណៈចំពោះការដកបង្គោលតម្រុយព្រំដែនជាប់ប្រទេសវៀតណាម។
លោកជាមយៀបអ្នកនាំពាក្យក្រៅផ្លូវការនិងជាសមាជិកសភាគណបក្សប្រជាជនកម្ពុជាបានថ្លែងថាសេចក្តីប្រកាសនេះគឺជាវិធីមួយក្នុងការប្រាប់សហគមន៍អន្តរជាតិថាលោកសមរង្ស៊ីនឹងមិនអាច“ប្រើប្រាស់តួនាទីរបស់ខ្លួន”ដើម្បីបញ្ចុះបញ្ចូលឲ្យអន្តរជាតិគាំទ្រខ្លួនបានឡើយ។លោកបានថ្លែងថា
“យើងត្រូវតែប្រកាសថាលោកសមរង្ស៊ីលែងជាសមាជិកសភាទៀតហើយចាប់តាំងពីសាលក្រមបានចូលជាធរមានមក”។
លោកយឹមសុវណ្ណអ្នកនាំពាក្យគណបក្សសមរង្ស៊ីបានថ្លែងថានៅតែមានផែនការឲ្យលោក សមរង្ស៊ី បានត្រឡប់មកប្រទេសកម្ពុជា វិញដដែលគឺឲ្យបានមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី៣ខែមិថុនា។លោកបានថ្លែងថា“ [រដ្ឋាភិបាល]បារម្ភពីប្រជាប្រិយភាពរបស់លោកសមរង្សុី …ហើយសូម្បីតែនៅពេលសមាជិកគណបក្សបាត់បង់អភ័យឯកសិទ្ធិរបស់ខ្លួនហើយក៏ដោយក៏យើងនៅតែធ្វើការងាររបស់យើងដើម្បីបម្រើប្រជាពលរដ្ឋដដែល”៕
ប្រែសម្រួលដោយសោមសារុន