41.3 C
Phnom Penh

ជំរឿនសហគ្រាសបង្ហាញថា កម្ពុជាមានសហគ្រាស​កន្លះលាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាមជំរឿន​​សហគ្រាសថ្នាក់​ជាតិ​មួយ ដែល​ក្រ​សួង​ផែន​ការ​បាន​ចេញ​​​​កាល​​ពី​ម្សិល​មិញ​​​បាន​ឲ្យ​ដឹង​ថា ប្រ​ទេស​កម្ពុជា​​មាន​សហគ្រាស​សរុប​ចំនួន​៥០៥.១៣៤ ​ដែល​ទ្រ​ទ្រង់​ដោយ​កម្លាំង​ពលកម្ម​ចំនួន​១.៦៧៦.២៦៣​នាក់ គឺ​ស្មើ​​នឹង​​១១,៥៦​​ភាគ​​រយ​​ប៉ុណ្ណោះ​នៃចំនួន​ប្រជា​ជន​សរុប។

ជំរឿន​សហគ្រាសឆ្នាំ​២០១១​កន្លង​ទៅនេះ​បាន​រកឃើញ​ថា ក្នុង​ចំណោម​ចំនួន​មនុស្ស​​សរុប​​មាន​ការ​ងារធ្វើ​នៅក្នុង​ប្រទេស​​ចំនួន១.០២៦.០៨៤​​នាក់ឬស្មើ​នឹង​៦១,២​ភាគ​រយ​ គឺ​ជា​ស្ត្រី​ ដែល​​ភាគ​​ច្រើន​បម្រើ​ការ​ងារ​​​​ផ្នែក​សេវាកម្ម​ចំណី​អាហារ​ ផ្នែក​លក់​រាយ និង​វិស័យ​កាត់​ដេរ​ដែល​ទទួល​បាន​​ប្រាក់​ខែ​ទាប។

យោង​តាម​ជំរឿន​នេះ​បង្ហាញថា ៩៧,៧​ភាគ​រយនៃ​សហគ្រាស​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​បែងចែក​ជា​សហ​គ្រាស​ខ្នាត​តូច​ ដែល​មាន​កម្មករ​តិច​ជាង​១០​នាក់​ រីឯ​៧៩ភាគ​រយ​ នៃ​សហ​គ្រាស​ទាំង​អស់​មាន​កម្មករ​តិច​ជាង​បី​នាក់។ចំណែក​ឯសហគ្រាស​ខ្នាត​ធំ​​ ដែល​​ត្រូវបាន​ចាត់​ថា​មាន​ក​ម្មករ​លើស​ពី​១០០​នាក់​នោះ ​មាន​តែ​០,២​ភាគ​រយ​​ប៉ុណ្ណោះ​ នៃ​ចំនួន​សហគ្រាសទាំងអស់​​ ឬ​ស្មើ​នឹង​​៧៨៧​សហ​គ្រាស​​។ ទោះ​ជា​យ៉ាង​ណា​ បើនិយាយ​ពី​សកម្មភាព

ធ្វើ​អាជីវកម្មវិញសហ​គ្រាស​ខ្នាត​ធំ​ទាំង​នេះ ​មាន​​ចំណែក​ជិត​ពាក់​កណ្តាល​នៃ​សកម្មភាព​ធ្វើ​អាជីវកម្មដែល​មាន​ទឹក​ប្រាក់​ចំនួន១២០​ពាន់​លាន​ដុល្លារប្រចាំ​ឆ្នាំ​របស់​កម្ពុជា​ គឺ​ស្មើ​នឹង​៥៨​,៥​ពាន់​លាន​ដុល្លារ​​​ក្នុង​​មួយ​ឆ្នាំ រីឯ​សហ​គ្រាស​ដែល​មាន​កម្មករ​​តិច​ជាង​បី​នាក់​ ​មាន​ចំណែក​ត្រឹម​​តែ​៣,៩​ពាន់​លាន​ដុល្លារ​​ប៉ុណ្ណោះនៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​​។

ដោយ​ត្រូវ​បាន​ធ្វើ​ឡើង​​ក្នុង​ខែ​មីនា ​ឆ្នាំ​២០១១ ជំរឿន​ដែល​ចុះ​ធ្វើ​ពី​សហ​គ្រាស​​មួយ​ទៅ​សហ​គ្រាស​មួយ និង​ដែល​ចំ​ណាយ​អស់​ទឹក​ប្រាក់​ចំនួន​៣,២៦​លាន​ដុល្លារ​នេះទទួល​បាន​មូលនិធិ​ភាគ​ច្រើន​ពីទី​ភ្នាក់ងារ​សហ​ប្រតិ​បត្តិការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា JICA ហើយ​មាន​ភារកិច្ច​ប្រ​មូល​តួលេខ​សហគ្រាស​​ក្នុង​ប្រទេស​កម្ពុជា​​ ព្រមទាំង​​ប្រមូល​ទិន្ន​ន័យ​​សេដ្ឋ​​កិច្ច​ស្តី​​ពី​សហ​គ្រាស​ទាំង​នោះ​ផង។

​​​​លោកឆាយថនរដ្ឋ​មន្ត្រី​ក្រសួង​ផែន​ការ​ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ម្សិល​មិញ​នៅ​ពេល​ប្រកាស​ពី​ជំរឿន​នេះថា “ជំរឿន​សហគ្រាសឆ្នាំ​២០១១ [​របស់​​​កម្ពុជា] នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​នៅ​តាម​​ភូមិ​ ឬកន្លែង​ធ្វើ​ជំរឿននីមួយៗ និង​តាម​ទីផ្សារ​​ក្នុង​ស្រុក ​ខណ្ឌឃុំ និង​សង្កាត់​​ទាំង​​អស់ទូ​ទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា”។

ជំ​រឿន​នេះ​ក៏បង្ហាញ​ដែរ​ថា សហ​គ្រាស​លក់​​ដុំ​ លក់​រាយ និង​ជួស​ជុល​យាន​យន្ត​មាន​៥៧,២​ភាគ​រយ​នៃ​សហ​គ្រាស​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា គឺ​ស្មើ​នឹង​២៨៩.១៣០​សហ​គ្រាស​ រីឯ​សហ​គ្រាស​​​​​ផលិត​កម្ម​មាន​១៤,៩​ភាគរយ  ​ហើយ​សេ​វា​​កម្មសណ្ឋាគារផ្ទះ​សំណាក់និង​ចំណី​អាហារ​​​​​​​មាន​១៣,៨​ភាគ​រយ​នៃ​តួ​លេខ​សរុប​។

យោង​តាម​លទ្ធផល​នៃ​ជំរឿន​េនះ សេវា​ផលិត​កម្ម​ សេ​វា​​កម្មសណ្ឋាគារ ផ្ទះសំណាក់ និង​ចំណី​អាហារ​មាន​៨៦,៧​ភាគ​រយ​នៃ​សហ​​គ្រាសថ្មី​ចំនួន​១៨១.០៣៥ ​​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០០៩មក។ ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះសហ​គ្រាស​នានា​ ដែល​ផ្តោត​លើ​សេវា​ព័ត៌មាន​និង​ទំនាក់​ទំនង ​ដូច​ជា​​​ទូរស័ព្ទ​ចល័តនិង​អីុនធើណិត​​ជា​ដើម​នោះ​ បាន​កើន​ឡើង​៥២,៤​ភាគ​រយ មកដល់​៤.៧០៨​​សហគ្រាស។

ខណៈ​ដែល​ជំរឿន​នេះបាន​រក​ឃើញ​ថាស្ត្រី​ដែល​ធ្វើ​ការ​នៅ​តាម​សហ​គ្រាស​នានាមាន​ចំនួន​ច្រើន​ជាង​បុរស​នោះជំរឿន​នេះ​​ក៏​បាន​រក​ឃើញ​ដែរ​ថា សហ​គ្រាស​​គ្រប់​គ្រង​ដោយ​ស្ត្រី​​មាន​ច្រើន​ជាង ដោយស្ត្រី​គ្រប់​គ្រង​ចំនួន​៦៥​ភាគរយ ឬស្មើ​នឹង​ ៣២៦.០០៦​​នៃ​សហគ្រាសទាំង​អស់។ជាង​៦៤​ភាគ​រយ​ នៃ​សហ​គ្រាស​ទាំង​អស់​ ត្រូវ​​បាន​គ្រប់​គ្រង​នៅ​តាម​លំនៅ​​ដ្ឋាន​តែម្តង។

លោក ​ចាន់ សុផល ប្រ​ធាន​សមា​គម​សេដ្ឋ​​កិច្ច​កម្ពុជា​ បាន​មាន​ប្រសាសន៍ថាដោយ​សារ​តែ​សហ​គ្រាស​ខ្នាត​តូច​មាន​ចំនួន​ច្រើន​នៅ​ក្នុងប្រទេស​កម្ពុជានោះ​​ រាជ​រដ្ឋា​ភិ​បាល​គួរ​តែ​ផ្តោត​លើ​​ការ​អភិវឌ្ឍ​សហ​គ្រាសខ្នាតតូច​​ទាំង​នោះ​។ទោះ​ជា​យ៉ាង​ណា​ យោង​តាម​ជំរឿន​នេះមាន​សហ​គ្រាស​តែ​១៧​.៣៦៩​ឬ​ស្មើ​នឹង​៣,៤​ភាគ​រយ​នៃ​សហ​គ្រាស​ទាំង​អស់​ប៉ុណ្ណោះ​ដែល​បាន​ចុះ​បញ្ជី​​ជាមួយ​រដ្ឋា​ភិបាល​នា​ពេល​បច្ចុប្បន្ន៕

ប្រែ​សម្រួល​ដោយ តែមសុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស