34.8 C
Phnom Penh

បុរស​​​ពិការ​ត្រូវគេ​វាយធ្វើបាប​ក្នុងជម្លោះ​ដីធ្លី​នៅឧត្តរមានជ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧត្តមសេនីយ៍​យោធា​ផ្កាយ២​ម្នាក់នៅ​​​ខេត្ត​​​​ឧត្តរមានជ័យ ​និង​ប្រធានភូមិ​ម្នាក់​មកពី​គណ​​​បក្សប្រជាជន​កម្ពុជាត្រូវបាន​អ្នកភូមិ​ចោទថា​បានវាយ​បុរស​ពិការពីរនាក់​ឲ្យ​សន្លប់​ នៅ​ពេល​​​​មាន​ការ​ប្រឈមមុខ​គ្នា​​រឿង​​ជម្លោះ​ដីធ្លី​ នៅ​​​ព្រំប្រទល់ខេត្ត​ព្រះវិហារ ​​និង​ឧត្តរ​​មានជ័យ​ហើយ​កាលពី​ម្សិលមិញ​​ ឧត្តមសេនីយ៍ ​និង​ប្រធាន​ភូមិ​រូបនេះ​បាន​បដិសេធ​យ៉ាងដាច់​អហង្ការ​ចំពោះ​ការ​អះអាងនេះ។​

លោកជាតិពេញ ​ប្រធាន​សាខាសមាគម​អភិវឌ្ឍន៍​ជនពិការ​ខេត្ត​ព្រះវិហារ​ ​ ដែលជា​ក្រុម​​​​​​​តស៊ូ​មតិ​សម្រាប់​អតីត​យុទ្ធជននិងជនពិការ​​​ បានចោទ​ លោកឧត្តមសេនីយ៍ទោយូវ៉ាន់ថនហៅខ្លាបីជានាយរងមេបញ្ជាការ​កងពល​ធំ​លេខបីនិង​លោកមោកឃានប្រធាន​ភូមិ​តាំង​​​ពោធិ៍ក្នុងឃុំព្រះប្រឡាយស្រុកត្រពាំង​ប្រាសាទថាបានវាយ​បុរស​ពិការ​ពីរនាក់​ឲ្យ​​​សន្លប់​ កាលពី​ថ្ងៃអាទិត្យនៅពេល​អ្នកទាំងពីរព្យាយាម​រារាំង​​ពួកគេ​មិនឲ្យរុះរើផ្ទះ​អ្នកភូមិ។​

លោកជាតិពេញបាន​អះអាង​ថា“ឧត្តម​​​សេនីយ៍និង​ប្រធានភូមិរូបនេះបានដឹកនាំ​​​កូន​​​ចៅរបស់​ខ្លួនមួយក្រុម​មក​ ប្រព្រឹត្តអំពើ​​​ហិង្សា​​លើជនពិការនិងអ្នកភូមិក្រីក្រ”។

លោកគង់កើលអាយុ៥០ឆ្នាំជាជនពិការ​​​​ដៃឆ្វេងដោយសារ​ការ​ដោះ​មីន​​​នៅក្នុង​​​ឆ្នាំ១៩៨៨ដែល​ជាជន​រងគ្រោះ​មួយរូបបាន​​​និយាយថា ​លោកឧត្តមសេនីយ៍វ៉ាន់ថនបាន​យក​ដំបង​ និង​កាំភ្លើង​ខ្លី​វាយ​គាត់​។លោកបន្ត​​​​ថា“នៅពេល​ខ្ញុំអង្វ​​​រពួកគេកុំ​​​ឲ្យ​ចាប់​​​ខ្លួន​​​​ប្រជា​​​​​​ជននិង​រារាំង​ពួកគេ​មិនឲ្យរុះរើ​​​ផ្ទះ​សម្បែង​​​​របស់អ្នកភូមិស្រាប់តែ​​​ពួកគេ​ដើរ​សំដៅមក​​​​​​​រក​ខ្ញុំហើយវាយខ្ញុំរហូតដល់សន្លប់តែម្តង”។​

នៅ​ពេល​ទាក់​ទង​កាល​ពី​ម្សិលមិញ​លោក​ ឧត្តមសេនីយ៍​ វ៉ាន់ថនបាន​បដិសេធ​​មិនព្រម​និយាយជាមួយ​អ្នក​យក​ព័ត៌មាន​ទេដោយ​​​គ្រាន់​​​​តែ​ប្រាប់​ថាគាត់​ពិបាក​និយាយពីព្រោះ​គាត់មានជំងឺ​ទឹកនោម​ផ្អែមនិងលើសឈាម។​

យោងតាមអង្គការសិទ្ធិមនុស្សអាដហុក​​​បាន​ឲ្យដឹងថាលោកឧត្តម​សេនីយ៍​​ វ៉ាន់ថនបាន​​​បដិសេធ​ថា ​លោក​មិនបាន​វាយធ្វើបាប​នរណាម្នាក់ទេដោយ​និយាយ​ថាអ្នកភូមិ​​​ដែល​​​មាន​កំហឹង​នោះ​ទេដែលបាន​វាយ​​​ជន​​​ពិការ​ទំាងពីរ​នាក់​នោះ​ឲ្យ​រងរបួស។ចំណែក​​​លោក​ប្រធាន​​ភូមិ​ ឃានក៏បាន​បដិសេធ​ការ​​​ចោទប្រកាន់​នេះដែរ៕

ប្រែសម្រួល​ដោយស៊ាស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស