28 C
Phnom Penh

អ្នក​ភូមិ​ជនជាតិ​ដើមភាគតិចនាំគ្នាដើរល្បាត ដើម្បី​ការពារ​​ព្រៃ កុំឲ្យ​មាន​ការ​​កាប់​ឈើខុស​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោ​យ​ប្រឈម​ម​ុ​​ខ​នឹង​​កា​រ​បាត់​បង​់​​យ៉ាង​ឆាប់​រហ័ស​​នូវ​​ត​ំបន់​ព្រៃ​​ដ៏ធំ​​នៅ​​ទូ​ទាំង​​​ប្រ​ទេសកម្ពុជា សហគមន៍ក្នុង​​​ស្រុ​ក​​​បាន​​​​ចាប់​ផ្ដើមនាំ​គ្នា​ទប់ស្កាត់​ ហើយ​ពេល​នេះ​អ្នកភូមិ​កាន់​តែ​ច្រើន​ឡើង​កំពុងនាំគ្នាដើរល្បាត​ការពារព្រៃ​របស់​ខ្លួន​ដើម្បី​ជួយ​សង្គ្រោះ​ព្រៃ​ឈើ​ ​សម្រាប់​ទុកដល់​អ្នក​ជំនាន់​ក្រោយ​។

សកម្ម​ជន​មូលដ្ឋាន​ និង​បុគ្គលិក​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ បាននិយាយ​កាលពី​ម្សិល​មិញ​ថា អ្នកភូមិ​បាន​និង​កំពុង​តែដើរ​ល្បាត ចាប់​តាំង​ពី​ឆ្នាំ​ទៅ ដោយ​រឹបអូស​បាន​ឧបករណ៍​កាប់​​ឈើ​ និង​បានជួប​ពួក​អ្នក​កាប់​ឈើ ហើយ​កំពុង​​បន្តល្បាតនៅ​ក្នុង​ព្រៃ​ឡង់ទៀត ​និង​​ក្នុង​​ខេត្ត​​ក្រចេះ​ ព្រម​ទាំង​ខេត្ត​មណ្ឌល​គិរី​ ផងដែរ​។ លោកសានស៊ីយ៉ាន់តំណាង​ឲ្យ​អ្នក​ភូមិ​បាន​​ឲ្យដឹង​ថា កាលពី​ថ្ងៃ​អង្គារ​ អ្នក​ភូម​ិ​ជន​ជាតិ​​ដើម​ភាគតិច​ព្នង​ និង​ស្ទៀង មួយ​ក្រុម​ មាន​គ្នា​ប្រហែល​៦០ ​នាក់​ នៅ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ រឹបអូស​បាន​រណារអារឈើ​ចំនួន​បីនិង​​ឈើ​រាប់​រយ​ម៉ែត្រគូបដែល​គេបាន​កាប់​នៅ​ក្នុង​ព្រៃ​សហគមន៍​មួយ​ និង​នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល។

លោក​ ស៊ីយ៉ាន់ បាន​មាន​ប្រសាសន៍​ថា“​យើង​បាន​ឃើញ​កម្ម​ករ​ជាច្រើន​ស៊ី​ឈ្នួល​កាប់​ឈើ​…ប៉ុន្តែ​យើង​អាច​រឹប​អូស​បាន​ត្រឹម​តែរណារ​បី​ និង​ឃាត់​ខ្លួន​កម្ម​ករ​ប្រាំបីនាក់​ ហើយ​ឃុំខ្លួនពួកគេអស់រយៈ​ពេល​មួយម៉ោង​ រីឯ​អ្នក​កាប់​ឈើ​រាប់​សិប​នាក់ បាន​គេច​ខ្លួនរួច​”។ លោក​បានបន្ថែម​ថា អ្នកភូមិ​បាន​ជូន​ដំណឹង​ដល់​រដ្ឋបាល​ព្រៃ​ឈើ​មូល​ដ្ឋាន​ អំពី​ការ​កាប់ឈើ​​ ហើយ​បាន​ដោះលែងអ្នកកាប់​ឈើ​ទាំងនោះ ​បន្ទាប់​ពី​ធ្វើ​ការ​​ព្រមាន​រួច។

លោក ស៊ិន សាន តំណាងឲ្យ​អង្គការ​បណ្ដាញ​​ប្រជាជន​ព្រៃ​ឡង់​​ បាន​និយាយថា អ្នក​ភូមិ​មួយ​ក្រុម​មាន​គ្នា​រាប់​រយ​នាក់ នឹង​ដើ​រល្បាត​ក្នុងព្រៃ​រយៈ​ពេល​១៥​ថ្ងៃម្តងទៀត ដោយ​ចាប់ផ្តើមនៅ​ថ្ងៃ​អង្គារ​ សប្តាហ៍ក្រោយ ​ ដើម្បី​​ការពារតំបន់​ស្នូល​ ដែលមិន​ទាន់​មាន​ការ​ប​ំផ្លិច​​បំផ្លាញ​ទំហំ១៣៥.០០០​ហិកតាដែល​លោក​បាន​លើក​ឡើង​ថា​ កំពុងទទួលរងការគំរាម​កំហែង​យ៉ាងធ្ងន់ធ្ងរ ដោយ​សារ​ “​កា​រកាប់​ឈើ​ខុស​ច្បាប់​​”។ ការ​ដើ​រល្បាតនេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​នេះដើរ​ល្បាតក្នុង​​ព្រៃ​ពីរ​លើក​កាលពី​ខែ​មុន​។

លោក​ ស៊ិន សាន បាន​និយាយថា “​សហ​គមន៍​នេះ​ កំពុង​តែ​ពង្រីក​សកម្ម​ភាព​របស់​ខ្លួន​ ក្នុង​ការដើរ​ល្បាតការពារ​ព្រៃ​ ដោយ​សារ​អាជ្ញា​​ធរ​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​មិន​អាច​បញ្ឈប់​ការ​កាប់ឈើ​នៅ​ក្នុង​ព្រៃ​ឡង់បាន”។ លោក​បន្ថែម​ថា អ្នក​ស្រុក​បាន​ដើរល្បាតជា​ទ្រង់ទ្រាយ​តូច​ជាង​នេះកាលពី​ខែ​មុន​។

ក្រុមនេះ​មានសមាជិក​ ក្នុង​ខេត្ត​ស្ទឹង​ត្រែងកំពង់​ធំ ព្រះ​វ​ិហារ​ និងខេត្ត​ក្រចេះ ដែល​គ្រប​ដណ្ដប់​ដោយ​ព្រៃ​ឈើ​ខៀវ​ខ្ចី​ នៅក្នុងតំបន់ដី​ទំនាប​មានទំហំប្រមាណជាង​៦៥០.០០០​ហិកតា ហើយ​ក្រុម​នេះ​បាន​ធ្វើ​យុទ្ធនាការ​ដល់មហាជន ដែលរូបភាព​ប្រហាក់​ប្រហែល​​គ្នានេះដែរ កាលពី​​ខែ​វិច្ឆិកា ដែល​ពេល​នោះអ្នក​ភូមិ​ប្រហែល​៣០០​នាក់ បាន​ដើ​រល្បាត​រយៈ​ពេល​១០​ថ្ងៃ រហូតទាល់តែអាជ្ញាធរ​មូល​ដ្ឋានបាន​បំបែក​ការ​ដើ​រល្បាតនេះ។

ក្រុម​អ្នក​ធ្វើ​យុទ្ធ​នាការ ទទួលបា​ន​ជោគ​ជ័យ​បន្តិចបន្តួចប៉ុណ្ណោះពី​ព្រោះ​រដ្ឋបាល​ព្រៃ​ឈើ​​ថ្មីៗ​នេះ បាន​ព្រាង​សំណើ​បណ្ដោះ​អាសន្ន​​មួយ​ ដើម្បី​រក្សាទុកព្រៃ​ឡង់​ជា​ឧទ្យាន​ជាតិ។

អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​បាន​និយាយថា សកម្ម​ភាពការពារ​ព្រៃ​សហគមន៍​បែប​នេះ​កាន់​តែ​កើន​ឡើង​ ពី​ព្រោះ​សហគមន៍​ដឹង​ថាអាជ្ញាធរ​មិន​បាន​ការ​ពារ​ព្រៃ​ទេ​ ឬ​ពេល​ខ្លះ​​ចូល​រួម​ជាមួយ​ក្រុម​កាប់​ឈើ​ខុស​ច្បាប់ថែម​ទៀត​ផង​។

លោក​ ហួន ជា អ្នក​ភូមិជនជាតិ​ភាគតិច​ព្នង អាយុ​៤៩​ឆ្នាំ​ មក​ពី​ស្រុក​ស្នួល បាន​​និយាយ​ថា “​ប្រជាពល​រដ្ឋ​កម្ពុជា​ ដែលបាន​រៀនសូត្រ​ខ្ពង់​ខ្ពស់​ នឹង​មិនទទួលរង​ផល​​ប៉ះ​ពាល់​ដោយ​សារ​ការ​បាត់​បង់​ព្រៃ​នោះ​ទេ ក៏ប៉ុន្តែ​អ្នក​ស្រុក​ជន​ជាតិ​ដើម​ភាគតិច​គ្មាន​ការ​ងារ​ធ្វើ​​ ដែល​នេះ​ជា​មូល​េហតុ​យើង​ត្រូវ​ក្រោក​​ឈរ​ឡើង​ដើម្បី​ការពារ​ព្រៃ​”។

ឈ្មោះ​​ ខាន់ចាន់នី​ អ្នក​ភូមិ​ព្នងម្នាក់​ផ្សេង​ទៀត​ នៅ​ក្នុង​ឃុំ​ប៊ូស្រាខេត្ត​មណ្ឌល​គិរីបាន​និយាយថា អ្នក​ភូមិ​នៅ​ទី​នោះ​ បាន​ព្យាយាម​

​​ដើរ​ល្បាតការពារ​ព្រៃ​ ក៏ប៉ុន្តែមិនអាច​ចូល​ទៅ​ជ្រៅដល់​តំបន់ព្រៃ​ក្រាស់​បានទេ​ ពីព្រោះ​អាជ្ញា​​ធរ​មូ​ល​ដ្ឋាន​ និង​ទាហាន​កង​យោធពល​ខេមរភូមិន្ទ​​ឈរ​ជើង​នៅ​ក្បែរ​នោះ រារាំង​យើង​មិន​ឲ្យ​ចូលព្រៃ។

បើទោះ​ជា អ្នកភូមិ​ជា​ច្រើន​ ​មាន​មន្ទិល​អំពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​ព្រៃ​ឈើ​ក៏ដោយ ក៏រដ្ឋបាល​ព្រៃ​​ឈើ​បាន​លើក​ឡើង​ថា ខ្លួន​ស្វាគមន៍​ចំពោះ​ការ​ដើរល្បាតការពារព្រៃរបស់អ្នក​ភូមិដែល​ជា​មធ្យោបាយ​មួ​យ​ ដើម្បី​ជួយដល់ការងារ​ការពារ​ព្រៃ​ឈើ​របស់​ខ្លួន​ផ្ទាល់ដែរ។ លោក​ ទាប គន់ពិដោរ ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​ឃុំ​ឃ្សឹម​ ស្រុកស្នួល ​ខេត្ត​ក្រចេះបាន​មានប្រសាសន៍​ថា “​ពិត​មែន​ហើយ​ យើង ​ត្រូវ​ការ​ពួកគាត់ ដើម្បី​ជួយ​ដើរល្បាត​​ ដើម្បី​ជួយ​ទប់​ស្កាត់​ និងបង្ក្រាប​ការកាប់​ឈើ​ខុស​ច្បាប់​ និង​ការ​បំផ្លាញ​ព្រៃ​ឈើ”។ លោកបាន​បន្ថែមថា ការិយាល័យ​របស់​លោក​បាន​ទទួល​រណារ​ចំនួន​១៦ ដែល​អ្នក​ភូមិ​រឹបអូស​បាន​តាំង​ពី​ខែ​មករាមក។

លោក ធន់ សារ៉ាត់ អ្នកនាំពាក្យ​រដ្ឋបាល​ព្រៃ​​ឈើ​ក៏បាន​ស្វាគមន៍​ចំពោះសកម្ម​ភាព​របស់​អ្នក​ភូមិ​ផង​ដែរដោយ​លោក​បន្ថែម​ថា“​វាជា​វ​ិធី​សាស្ត្រ​ល្អ​មួយ​។ យើងអាច​ដាក់​បញ្ចូល​វិធី​សាស្ត្រ​នេះ​ក្នុង​យុទ្ធ​សាស្ត្រ​ការ​​ពារ​ព្រៃ​របស់​យើង​”។

លោក​ថ្លែង​ថា រដ្ឋបាល​ព្រៃ​ឈើ​អាច​គាំ​ទ្រ​វិធីបែប​នេះ​ “ទៅតាម​តំបន់​នេះ​…​ពេល​ខ្លះ​មានការ​ខ្វះ​ខាត​បុគ្គលិក​រដ្ឋបាល​ព្រៃ​ឈើ​ និង​ធនធាន ដែល​រដ្ឋា​ភិបាល​បានផ្ដល់​ឲ្យពួកគេ​”។  បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ក្រុម​អភិរក្សមួយចំនួនបាន​លើក​ឡើង​ថាចាប់​ផ្តើម​

មាន​និន្នាការ​ច្បាស់​លាស់​មួយ​ ដោយមានការ​ចូល​រួម​កាន់​តែ​ច្រើន​ឡើង​ក្នុង​ការ​ការពារ​ព្រៃ​នៅពេលសហគមន៍​ក្នុង​ស្រុក​ដឹង​ថា បើគ្មាន​ការរួម​ចំណែក​នេះ​ទេពួកគេ​នឹង​បាត់​បង់​ព្រៃ​ឈើ​របស់​ខ្លួន​ជារៀង​រហូត​។

លោក ម៉ាកឃើស ហាត​កេ (Marcus Hardtke)ជំនាញការផ្នែក​បរិស្ថានឯក​រាជ​្យ​បាន​ថ្លែង​ថា ​អត្រានៃ​ការ​បំផ្លាញ​ព្រៃ​ឈើ​​នៅក្នុង​ប្រទេស​

​កម្ពុជា​បាន​កើន​ឡើងដល់​កម្រិត​ ដែល​គេ​មិនធ្លាប់ប្រទះ​តាំង​ពី​ទសវត្ស​រ៍​ឆ្នាំ១៩៩០​មកដែល​ពេល​នោះ​ មានការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ជាទូទៅ​ ដោយសារមានការ​កាប់​ឈើ​ខុស​ច្បាប់កាន់តែច្រើន ហើយ​រដ្ឋាភិបាលបាន​កាត់ដីនៅ​ក្នុង​តំបន់​ការពារ ជាដី​​​សម្បទាន​សម្រាប់ដំណំាកសិឧស្សា​ហកម្ម​។

លោក​បាន​ថ្លែង​ថា “ អំពើ​អនាធិបតេយ្យកំពុង​តែ​កើតឡើង​យ៉ាងច្រើន​។ សូម្បី​តែ​ព្រៃ​ឈើ​សហគមន៍​ ដែល​មានស្រាប់ ក៏​រដ្ឋា​ភិបាល​​ប្រគល់​ឲ្យ​ក្រុម​ហ៊ុនដែរ។ វាគឺ​ជា​សម្ពាធកំពុង​កើន​ឡើង​នៅតាម​ទី​ជន​បទ​​ ហើយ​អ្នក​ភូមិ​ត្រូវ​ធ្វើ​អ្វី​មួយ​ហើយ។ ជាឧទាហរណ៍​ កន្លងមក​

នៅ​ពេល​​ប្រជា​ពល​រដ្ឋ​​ក្នុង​ខេត្ត​រតនៈ​គិរី បាត់​បង់​ដី​របស់​ខ្លួន​ ពួក​គេ​ត្រូវ​រើ​ទៅកាន់​តំបន់​​ផ្សេង​​ទៀត​។ ពេល​នេះ​មិន​អាច​ទៅ​រួច​ឡើយ”។

លោក សៅ វា៉ាន់សី ប្រធាន​អង្គការ​គំា​ពារ​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​បាន​និយាយ​ថាអ្នក​ភូមិជន​ជាតិ​ដើម​ភាគតិច​គិត​ថាពួក​គេ​ត្រូវ​តែតស៊ូជួយ​ស​ង្គ្រោះរាល់​អ្វី​ៗ​ ដែល​មាន​នៅ​ក្នុ​ង​សហគមន៍​របស់ខ្លួន​។

លោក​បាននិយាយ​ថា “នេះជាកា​រ​សំខាន់​​បំផុត​ សម្រាប់ជីវភាព​រស់​នៅ​​ ព្រលឹង​ដូន​តាវប្បធម៌​ និង​ប្រពៃ​ណី​របស់​ពួកគាត់។មនុស្ស​ភាគ​ច្រើន​ប្រាប់​ខ្ញុំ​ថា ពួក​គេ​នឹង​បាត់​បង់​ដី​ ផ្ទះសម្បែង​ ព្រៃ​ឈើ​ និង​វប្បធម៌របស់​ខ្លួន​ ហើយ​តើ​ទៅអនាគត​កូ​នៗ​របស់​ពួកគាត់នឹងទៅ​ជាយ៉ាង​ណា?”។

លោកជុតវុ​ទ្ធីប្រធាន​អង្គការ​អភិរក្ស​ធន​ធាន​ធម្ម​ជាតិ​ ដែល​គាំទ្រ​ដល់យុទ្ធ​នាការ​ការ​ពារព្រៃ​ឡង់​បាន​មាន​ប្រសាសន៍ថា អ្នក​ភូមិ​កំពុង​តែ​អនុ​វត្ត​ច្បាប់ការពារ​ព្រៃ​ឈើ ដែល​មាន​ស្រាប​់ប៉ុន្តែ​អាជ្ញាធរ​មិនបាន​​អនុវត្ត​ច្បាប់​នេះ​ទេ៕

ប្រែសម្រួល​ដោយ​  ចេវ ប៊ុននី

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស