កាលពីម្សិលមិញអ្នកភូមិបឹងកក់ប្រមាណ១០០នាក់ បានមកប្រមូលផ្តុំគ្នាតវ៉ា នៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យរដ្ឋាភិបាលផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់លំនៅដ្ឋានដល់អ្នកភូមិបឹងកក់ចំនួន៥៨គ្រួសារទៀត ដែលត្រូវបានបណ្តេញចេញ។
កាលពីខែសីហា លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានបញ្ជាឲ្យកាត់ដីសហគមន៍នេះទំហំ ១២,៤៤ហិកតា ចេញពីគម្រោងអចលនទ្រព្យរបស់ក្រុមហ៊ុនលោក ឡៅ ម៉េងឃិនដែលជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា និងបានបញ្ជាឲ្យអាជ្ញាធរ ប្រគល់ប័ណ្ណកម្មសិទ្វិដីឲ្យប្រជាជនរស់នៅក្នុងតំបន់នេះ។
នៅពេលមន្ត្រី ខណ្ឌដូនពេញ ប្រគល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដី ដល់អ្នកភូមិបឹងកក់ ចំនួន៦៣៨គ្រួសារ កាលពីសប្តាហ៍មុន ក្រុមមន្ត្រីទាំងនោះ បាននិយាយថា គ្រប់គ្រួសារដែលមានសិទ្ធិទទួលប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី តាមបទបញ្ជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចរស់នៅទីនោះបាន។ ប៉ុន្តែអ្នកភូមិបឹងកក់ រួមទាំង អ្នកមានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីផងនោះ និយាយថា អ្នកភូមិចំនួន៥៨គ្រួសារ ត្រូវបានដកចេញដោយគ្មានហេតុផល។
អ្នកស្រី ហេង មុំ ដែលនៅក្នុងចំណោមអ្នកភូមិបឹងកក់ ដែលទាមទារសិទ្ធិ កាន់កាប់ដីធ្លីដែរនោះ បាននិយាយថា ”យើងចង់ឲ្យរដ្ឋាភិបាលដាក់បញ្ចូលអ្នកភូមិទាំង៥៨គ្រួសារនេះ ចូលទៅ ក្នុងដីទំហំ ១២,៤៤ហិកតាដែរ ពីព្រោះក្រុមគ្រួសារទំាងនេះក៏ជាអ្នកភូមិបឹងកក់ដែរ។ ពួកគេមានសិទ្ធិ
ស្នើសុំប័ណ្ណកម្មសិទ្ធិដី”។
ប្រជាជនទាំងនេះកំពុងស្នើឲ្យរដ្ឋាភិបាលកំណត់ព្រំដីទំហំ១២,៤៤ហិកតានេះ ឲ្យបានច្បាស់លាស់ ព្រោះអាជ្ញាធរ មិនដែលបានកំណត់ព្រំដីនេះទ េ និងស្នើសុំឲ្យរដ្ឋាភិបាលសាងសង់ប្រព័ន្ធលូ ដើម្បីរំដោះទឹកជំនន់ ដែលធ្លាប់តែជន់លិចសហគមន៍នេះចាប់តាំងពី ក្រុមហ៊ុនរបស់លោក ឡៅ ម៉េងឃិន គឺក្រុមហ៊ុន ស៊ូកាគូ អីុន បានចាប់ផ្តើមបូមខ្សាច់លុបបឹងកក់នេះក្នុងឆ្នាំ២០០៨។
អ្នកស្រី មុំ បាននិយាយថា រូបគាត់ និងអ្នកតវ៉ាប្រមាណ៩នាក់ផ្សេងទៀត បានជួបជាមួយលោក លី សាវេត ប្រធានរដ្ឋបាលសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីអ្វីដែលពួកគាត់បានទាមទារ។
អ្នកស្រី មំុ បានមានប្រសាសន៍ថា ”លោកលី សាវេត បានទទួលយកញត្តិរបស់យើងហើយលោកបានសន្យាថា នឹងឆ្លើយតបក្នុងរយៈ ពេលមួយសប្តាហ៍ក្រោយពេលលោកជូនដំណឹងទៅថ្នាក់លើ។ អ្នកស្រីបានមានប្រសាសន៍បន្តថា ”ក្នុងរយៈពេលមួយសប្តាហ៍ ប្រសិនបើនៅមិនមានការឆ្លើយតបពីសាលារាជធានីទេនោះ យើងនឹងធ្វើការតវ៉ា រហូតទាល់តែទទួលបានដំណោះស្រាយ”។
អ្នកភូមិបឹងកក់ម្នាក់ទៀត ឈ្មោះ ទេពវណ្ណី ដែលបានទទួលប័ណ្ណកម្មសិទ្ធិ កាន់កាប់ដីធ្លីរួចហើយ តែបានមកចូលរួមជាមួយអ្នកតវ៉ាក្នុងកិច្ចពិភាក្សាកាលពីម្សិលមិញដែរ នោះ បាននិយាយថា បន្ទាប់មកអ្នកភូមិ បានធ្វើដំណើរទៅកាន់ស្ថានទូតអាមេរិក បារាំងនិងអង់គ្លេស ដើម្បីដាក់ញត្តិរបស់ខ្លួនស្វែងរកការគាំទ្រពីស្ថានទូតទាំងនេះ។
អ្នស្រីបានបន្តថា ពួកគាត់មានគម្រោងទៅកាន់ស្ថានទូតផ្សេងៗទៀតនៅរសៀលនេះ ប៉ុន្តែពួកគាត់បានទទួលទូរស័ព្ទពីលោកសាវេត អង្វរសុំឲ្យពួកគាត់ឈប់តវ៉ា និងទុកពេលឲ្យលោកដោះស្រាយសំណើរបស់ពួកគាត់ ហើយពួកគាត់ ក៏បានយល់ព្រមតាមលោកទៅ៕
ប្រែសម្រួលដោយ ស៊ា សុ៊យឈាង