ស្របនឹងការអំពាវនាវជាយូរមកហើយរបស់អង្គការអភិរក្ស ធនាគារពិភពលោកបានលើកឡើងក្នុងរបាយកាណ៍មួយដែលបានចេញផ្សាយក្នុងថ្ងៃនេះថា ដើម្បីបង្ក្រាបការកាប់ឈើខុសច្បាប់ឲ្យមានប្រសិទ្ធភាព រដ្ឋាភិបាលមិនត្រូវចាប់តែឧក្រិដ្ឋជនតូចតាចទេ ហើយត្រូវតាមដានប្រាក់ចំណូលដែលបានមកពីការជួញដូរឈើខុសច្បាប់នោះវិញ ដើម្បីឲ្យបានដឹងថាតើវាធ្លាក់ទៅលើដៃអ្នកណា។
ប្រាក់ចំណូលដែលបានមកពីការជួញដូរឈើខុសច្បាប់ទូទាំងពិភពលោកមានចំនួនរហូតដល់ទៅ១៥ពាន់លានដុល្លារក្នុងមួយឆ្នាំ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលលើកឧទាហរណ៍ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជានិងប្រទេសមួយចំនួនទៀត។
របាយការណ៍នេះមានខ្លឹមសារថា“មន្ត្រីអនុវត្តច្បាប់មិនត្រូវចាប់តែឧក្រិដ្ឋជនតូចតាចទេ ហើយត្រូវតែសើុបឲ្យបានច្បាស់ថាតើប្រាក់ចំណូលដែលបានមកពីការកាប់ឈើខុសច្បាប់ទាំងអស់នោះធ្លាក់ទៅក្នុងដៃអ្នកណា។ តាមរយៈការតាមដានចរន្ដលុយនិងការប្រើវិធីសាស្ត្រដែលគេបានរកឃើញនៅក្នុងប្រទេសជាង១៧០ដើម្បីតាមដានលុយកខ្វក់ មន្ត្រីអនុវត្តច្បាប់អាចតាមដានអង្គការឧក្រិដ្ឋកម្មដែលជាប់ពាក់ព័ន្ធនៅក្នុងការកាប់ឈើខុសច្បាប់ទ្រង់ទ្រាយធំ ហើយរឹបអូសប្រាក់ចំណូលខុសច្បាប់ទាំងអស់បាន។
លោក Jean Pesme ប្រធានក្រុមការងារដើម្បីសុចរិតភាពក្នុងទីផ្សារហិរញ្ញវត្ថុរបស់ធនាគារពិភពលោកបានលើកឡើងក្នុងរបាយការណ៍នេះថា “ យើងចាំបាច់ត្រូវបង្ក្រាបក្រិដ្ឋកម្មកាប់ឈើខុសច្បាប់ដែលមានការចាត់តាំងឲ្យដូចជាពេលដែលយើងបង្ក្រាបក្រុមជួញដូរគ្រឿងញៀនឬឧក្រិដ្ឋជនដែលរកចំណូលបានដោយខុសច្បាប់ដូច្នោះដែរ”។
ក្នុងចំណោមអនុសាសន៍សំខាន់ៗរបស់ខ្លួន ធនាគារពិភពលោកបានស្នើឲ្យមានការប្រើយុទ្ធសាស្ត្ររួមគ្នាតែមួយដើម្បីបង្ក្រាបអំពើពុករលួយកម្រិតខ្ពស់ ឲ្យមានកិច្ចសហប្រត្តិបត្តិការប្រសើរជាងមុនក្នុងចំណោមស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល និងឲ្យមានការប្រើច្បាប់ស្តីពីការលាងលុយកខ្វក់ឲ្យបានច្រើនជាងមុន។
ក្រុមអាជ្ញាធរតែងរឹបអូសបានឈើខុសច្បាប់ទ្រង់ទ្រាយធំ ប៉ុន្តែកម្រមានការចាប់ខ្លួនណាស់ ដោយច្រើនតែអះអាងថារកអ្នកកាប់ឈើមិនឃើញ ឬថាពួកគេបានរត់គេចខ្លួនបាត់អស់។អង្គការអភិរក្សនានាបានត្អូញត្អែរថាបើទោះជាមានការចាប់ខ្លួនបាន អ្នកដែលត្រូវចាប់បានទាំងនោះគឺគ្រាន់តែជា អ្នកកាប់ឈើតូចតាចឬអ្នកបើកបរប៉ុណ្ណោះ ហើយមិនដែលចាប់បាន”ត្រីធំ”នៅពីក្រោយប្រតិបត្តិការខុសច្បាប់ទាំងនេះទេ ដោយសារតែអំពើពុករលួយ។
លោកជុតវុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិបានមានប្រសាសន៍ថា“ការកាប់ឈើខុសច្បាប់គឺពាក់ព័ន្ធជាមួយអ្នកធំ”។
លោកបានបន្ថែមថាធនាគារពិភពលោកគួរតែចាត់វិធានការបន្ថែមទៀតដើម្បីជួយដល់សហគមន៍នៅតាមមូលដ្ឋានដែលកំពុងមានការថ្នាំងថ្នាក់ចិត្តកាន់តែខ្លាំងឡើងជាមួយនឹងអាជ្ញាធរនិងដែលសុខចិត្តដើរល្បាតព្រៃដោយខ្លួនឯង ហើយត្រូវប្រឈមមុខនឹងក្រុមអ្នកកាប់ឈើខុសច្បាប់ដោយខ្លួនឯងទៀត។
ពាក់ព័ន្ធនឹងរបាយការណ៍ថ្មីបំផុតរបស់ធនាគារពិភពលោកនេះវិញ លោកមានសង្ឃឹមតិចតួចណាស់ថាក្រុមអាជ្ញាធរនឹងអនុវត្តតាមអនុសាសន៍របស់ធនាគារពិភពលោក។
លោក វុទ្ធី បានមានប្រសាសន៍ថា “ ខ្ញុំមិនគិតថាពួកគេនឹងអនុវត្តតាមទេពីព្រោះយើងគ្មានជំនួយពីខាងក្រៅឡើយ។ពួកគេ[រដ្ឋាភិបាល] គ្មានសម្ពាធពីខាងក្រៅទេ។
អង្គការ Global Witness ដែលមានមូលដ្ឋាននៅអង់គ្លេសបានដើរតួជាអ្នកឃ្លាំមើលព្រៃឈើឯករាជ្យផ្លូវការរបស់កម្ពុជារហូតដល់ឆ្នាំ២០០៥ ប៉ុន្តែរដ្ឋាភិបាលបានកាត់ផ្តាច់ទំនាក់ទំនងនេះវិញក្រោយពេលដែលអង្គការនេះបានចេញរបាយការណ៍រិះគន់ខ្លាំងៗជាបន្តបន្ទាប់។របាយការណ៍បន្ទាប់មកទៀតរបស់អង្គការ Global Witness ដែលបានចេញផ្សាយក្នុងឆ្នាំ២០០៧ និងដែលត្រូវបានរដ្ឋាភិបាលហាមឃាត់ភ្លាមៗនោះ ក៏មានបញ្ជាក់ពី
ការជាប់ពាក់ព័ន្ធរបស់មន្ត្រីជាន់ខ្ពស់បំផុតមួយចំនួននិងសាច់ញាតិរបស់លោកនាយកមន្ត្រីហ៊ុនសែនក្នុងការកាប់ឈើផងដែរ។ លោក វុទ្ធី បានមានប្រសាសន៍ថា”ពួកគេអាចសម្លាប់កណ្តុរឬឆ្កែបានប៉ុន្តែពួកគេមិនអាចសម្លាប់ដំរីឬខ្លាបានឡើយ។
លោក សំ សុខផលរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានមានប្រសាសន៍ថាតុលាការអាចស៊ើបអង្កេតតែករណីឬសំណំុរឿងណាដែលខ្លួនទទួលបានប៉ុណ្ណោះ ហើយបានបង្វែរសំនួរទៅក្រសួងកសិកម្មវិញ។
លោកបានមានប្រសាសន៍ថា”ទាល់តែពួកគេធ្វើញតិឬស្នើឲ្យក្រសួងបើកសំណុំរឿង បើមិនដូច្នេះទេក្រសួងយុត្តិធ៌មមិនអាចធ្វើអ្វីបានឡើយ”។ មន្ត្រីក្រសួងកសិកម្មនិងរដ្ឋបាលព្រៃឈើមិនអាចទាក់ទងសុំការអធិប្បាយបានឡើយ៕
ប្រែសម្រួលដោយ ហមសុផាណ្ណា