កាលពីថ្ងៃពុធ បុរសអាយុ៧១ឆ្នាំម្នាក់ត្រូវបានឃាត់ខ្លួនមួយរយៈពេលខ្លី បន្ទាប់ពីរថយន្តរបស់គាត់ប៉ះទង្គិចជាមួយម៉ូតូកងរាជអាវុធហត្ថ ដែលកំពុងអមដំណើរគណៈប្រតិភូថៃ មកចូលរួមកិច្ចប្រជុំអាស៊ាន។ លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថជាតិបានមានប្រសាសន៍ថា រថយន្តតូយ៉ូតារ៉េហ្វ័រ របស់លោក ឡាយកៃម៉ាន់ បានបុកម៉ូតូអមដំណើរគណៈប្រតិភូនៅកាច់ជ្រុងផ្លូវលេខ៥១ និងផ្លូវលេខ១៤១ក្នុងខណ្ឌដូនពេញ។
មិនមានគណៈប្រតិភូថៃណាម្នាក់រងរបួសទេ ហើយសំណាងល្អ កងរាជអាវុធហត្ថ ដែលបើកបរម៉ូតូនោះ បានរួចផុតពីគ្រោះថ្នាក់ដោយគាត់បានលោតចេញពីម៉ូតូរបស់គាត់តែប៉ុន្មានវិនាទីប៉ុណ្ណោះ មុនពេលប៉ះទង្គិចជាមួយរថយន្តរបស់លោក កៃម៉ាន់។ លោក ខេងទីតូ បាននិយាយអំពីបុរសនេះថា “បន្ទាប់ពីសាកសួររួច…គាត់ត្រូវបានគេដោះលែងវិញ ដោយសារតែគាត់មិនមានបំណងធ្វើឲ្យប៉ះទង្គិចទេ ហើយគាត់ក៏យល់ព្រមចេញសងថ្លៃជួសជុលម៉ូតូនោះដែរ”។
ចរាចរណ៍នៅរាជធានីភ្នំពេញបានចាប់ផ្តើមមានការលំបាក ហើយពេលកិច្ចប្រជុំកំពូលអាស៊ានជិតឈានចូលមកដល់ ដោយមានមន្ត្រីនគរបាល ព្រមទាំងសមាជិកអង្គភាពកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន រាប់រយនាក់ បិទផ្លូវសំខាន់ៗនៅក្នុងរាជធានី ដើម្បីសម្រួលផ្លូវឲ្យឥស្សរជនសំខាន់ៗដែលកំពុងធ្វើទស្សនកិច្ច។
អ្នកបើកបរយានយន្តទាំងឡាយត្រូវបានផ្សព្វផ្សាយប្រាប់អំពីការកកស្ទះចរាចរណ៍ខ្លាំងនៅសប្តាហ៍ក្រោយនៅជុំវិញវិមានសន្តិភាពរបស់នាយករដ្ឋមន្ត្រី តាមមហាវិថីសហព័ន្ធរុស្ស៊ី ដែលជាកន្លែងបើកកិច្ចប្រជុំកំពូលអាស៊ាននៅអង្គារ និងថ្ងៃពុធខាងមុខនេះ។
ប្រែសម្រួលដោយ ហួង កុកទៀន