កាលពីថ្ងៃព្រហស្បតិ៍ សាលាដំបូងខេត្តកំពង់ឆ្នាំង បានបដិសេធម្តងទៀតមិនព្រមទទួលពាក្យបណ្តឹងរួមមួយរបស់អ្នកភូមិនៅក្នុងស្រុកកំពង់ត្រឡាច ពាក់ព័ន្ធនឹងវិវាទដីធ្លីជាមួយភរិយារបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែនិងថាមពល។
លោកឈួន សីុវែ៉ន ប្រធានក្រឡាបញ្ជីសាលាដំបូងខេត្ត បានថ្លែងថា តុលាការមិនអាចទទួលយកពាក្យបណ្តឹងពីអ្នកភូមិឡពាងទាំង៣៧នាក់ ពីព្រោះ ពាក្យបណ្តឹងនេះធ្វើរួមគ្នា និងបានណែនាំឲ្យអ្នកភូមិប្តឹងម្តងទៀតរៀងៗខ្លួន។លោកបានមានប្រសាសន៍ថា “ តុលាការបានបដិសេធមិនទទួលពាក្យបណ្តឹងនេះទេ។យើងផ្តល់ឱកាសឲ្យពួកគេធ្វើពាក្យប្តឹងម្តងទៀត”។
ក្រុមអ្នកភូមិ កំពុងតែអះអាងថាអ្នកស្រី ជាខេងនិងក្រុមហ៊ុនអភិវឌ្ឍន៍ KDC របស់អ្នកស្រីបានធ្វើប័ណ្ណកម្មសិទ្ធិដីខុសច្បាប់ចំនួន១០៥គ្របដណ្តប់លើដីប្រជាពលរដ្ឋចំនួន៥១គ្រួសារនៅលើដី១៤៥ហិកតាក្នុងខេត្តនេះនៅក្នុងវិវាទដីធ្លីមួយដែលមានតាំងពីឆ្នាំ២០០៧មក។
តុលាការក៏បានបដិសេធមិនទទួលពាក្យបណ្តឹងរួមមួយរបស់ក្រុមអ្នកភូមិផងដែរ កាលពីដើមឆ្នាំមុន ដោយសារហេតុផលដូចគ្នានេះ ប៉ុន្តែការចំណាយប្រាក់ប្រដាប់ក្តីច្រើន មានន័យថា មានតែគ្រួសារមួយចំនួនតូចប៉ុណ្ណោះដែលអាចឡើងប្តឹងនៅតុលាការបាន។
លោកចាន់សុវេ៉តអនុប្រធានផ្នែកកម្មវិធីសង្កេតនៅឯអង្គការសិទិ្ធមនុស្សអាដហុកបានមានប្រសាសន៍ថា បើទោះជាអ្នកភូមិអាចធ្វើពាក្យបណ្តឹងរៀងៗខ្លួនក៏ដោយ ក៏ការបំបែករឿងក្តីនឹងធ្វើឲ្យរឿងក្តីរួមគ្នានេះចុះខ្សោយដែរ។
លោកបានមានប្រសាសន៍ថា “ តុលាការគួរតែទទួលពាក្យបណ្តឹងរបស់អ្នកភូមិ ប្តឹងជំទាស់នឹងប័ណ្ណកម្មសិទ្ធិដីរបស់ក្រុមហ៊ុន KDC និងប្តឹងឲ្យចាត់វិធានការសើុបអង្កេតរឿងនេះ ដើម្បីរកយុត្តិធម៌ឲ្យក្រុមអ្នកភូមិ”។
លោករាជសីមាអាយុ៣១ឆ្នាំអ្នកតំណាងឲ្យអ្នកភូមិបានបដិសេធថាអ្នកភូមិមិនដែលមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន KDC ទេ។ លោកបានមានប្រសាសន៍ថា “ យើងបដិសេធ ចំពោះប័ណ្ណកម្មសិទ្ធិដីរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ KDC ពីព្រោះយើងមិនដែលលក់ដីឲ្យក្រុមហ៊ុននេះទេ ក្រុមហ៊ុននេះបានចាប់យកដីរបស់អ្នកភូមិ។ ខ្ញុំគិតថា តុលាការខ្លាចអ្នកមានអំណាច នៅពីក្រោយភរិយារបស់រដ្ឋមន្ត្រីរូបនេះ”។
ការបើកសវនាការជំនំុជម្រះរឿងក្តី រវាងក្រុមអ្នកភូមិខេត្តកំពង់ឆ្នាំង និងអ្នកស្រី ជាខេងជំុវិញជម្លោះដ៏អូសបន្លាយ ពេលនេះបានចាប់ផ្តើមកាលពីខែមុន បើទោះជាក្រុមមេធាវីរបស់អ្នកភូមិ មិនអាចចូលរួមសវនាការជាសាធារណៈនេះក៏ដោយ។ អ្នកភូមិទាមទារឲ្យប្រគល់ដីនោះ ទៅឲ្យពួកគេវិញ រួមជាមួយនឹងសំណងចំពោះការខូចខាតផងដែរ៕
ប្រែសម្រួលដោយ ចេវប៊ុននី