29 C
Phnom Penh

របាយការណ៍​​បាន​បង្ហាញ​ថា អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​​ជាង​៦៥ ភាគរយ​គ្មានសកម្ម​ភាព​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​របាយ​ការ​ណ៍​មួយ​េចញ​ផ្សាយ​ កាលពី​ម្សិល​មិញ​ ដោយ​គណៈកម្មា​ធិការ​សហប្រតិបត្តិ​ការដើម្បីកម្ពុជា​ ដែល​ជាបណ្ដាញ​​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថាអង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ និង​អន្ដរ​ជាតិ​ប្រមាណជា​៦៥ភាគរយ ដែល​បាន​ចុះ​ឈ្មោះ​រួច​ចំនួន​៣.៤៩២ គ្មាន​សកម្មភាព​ឡើយ ដោយ​មាន​តែ​​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ប្រមាណ​១.៣៥០ប៉ុណ្ណោះ ដែល​មា​ន​សកម្ម​ភាព​នៅ​ក្នុង​ប្រទេស​នេះ។

របាយការណ៍​ស្ដី​ពី​ការ​ជួយ​អភិវឌ្ឍ​​ប្រទេស​​កម្ពុជា​ឆ្នាំ​២០១១តាមរយៈ​អង្គការ​សង្គម​ស៊ីវិល ក៏លើក​ឡើង​ផង​ដែរ​ថា ទឹកប្រាក់​ប្រមាណ​៥៥០លាន​ដុល្លារ ​ត្រូវ​បានប្រើ​ប្រាស់​​ក្នុង​គម្រោង​អភិវឌ្ឍ​ប្រទេស ​តាម​រយៈ​សកម្ម​ភាព របស់អង្គ​ការ​ក្រៅរដ្ឋាភិបាល​ ដែល​មាន​ពល​រដ្ឋ​កម្ពុជា​ប្រមាណ​​៥២.០០០​នាក​់​ ទទួលបាន​ការងារ​ធ្វើ​​។

របាយការណ៍​នេះ​លើក​ឡើង​ថា “ ចាប់​តាំង​ពី​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ​១៩៩០មក ចំនួន​អង្គការ​សង្គម​ស៊ីវិល ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើងយ៉ាង​ខ្លាំង​។ បច្ចុប្បន្ន​មាន​អង្គការ​អន្ដរជាតិ​ និង​ក្នុង​ស្រុក​ចំនួន​៣.៤៩២ បាន​ចុះ​បញ្ជី ​ដោយ​ធ្វើ​ឲ្យ​អ្នក​សង្កេត​​ការណ៍​ខ្លះ​និយាយ​ថា​ មាន​ច្រើនហួស​ហេតុ​​ពេក ​ហើយមិន​សម​រម​្យឡើយ​”។

ទោះជាយ៉ាង​ណា របាយ​ការណ៍​នេះ​បន្ដ​លើក​ឡើង​ថា តួ​​លេខ​របស់​រដ្ឋា​ភិបាល​​ស្ដី​ពី​ចំនួន​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ “មិន​​ស្របគ្នា​​នឹង​តួលេខ​បច្ចុប្បន្ន​នេះ​ទេ”។

យោងតាម​របាយការណ៍នេះ​បាន​ឲ្យ​ដឹង​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ចំនួន​ ៧០ភាគ​រយដែលបាន​ចុះ​បញ្ជីជាមួយ​ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​ការ​បរទេស​ គ្មា​នសកម្ម​ភាពឬ​  “ ឈប់ធ្វើ​សកម្ម​ភាព​”តែម្តង។អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្ដរជាតិ​ ដែល​ចុះ​បញ្ជីរួច​ហើយ ​មានចំនួន​ប្រមាណ​៣៧ភាគរយ ក៏​គ្មាន​សកម្ម​ភាព​ដែរ​។

លោក​​ លន់ បូរិទ្ធី នាយក​ប្រតិបត្តិ​របស់​គណៈកម្មា​ធិការ​សហ​ប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា​ បាន​លើក​ឡើង​អំឡុង​ការ​ប្រកាស​របាយការណ៍​ក្នុង​រាជ​ធានីភ្នំពេញ​ថា “ យើង​មិនជំទាស់​ចំពោះ​តួលេខ​របស់​រដ្ឋាភិបាល​ទេ។ អ្វី​ដែល​យើង​កំពុង​និយាយ​នោះគឺ​យើង​

​ចង់បាន​ចំនួន​អង្គ​ការ​ក្រៅរដ្ឋាភិបាល ​ដែល​មាន​សកម្ម​ភាព​ពិត​ប្រាកដ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បីបម្រើ​ដល់ការ​អភិ​វឌ្ឍ​”។

លោក​ បូរិទ្ធីបាន​មាន​ប្រសាសន៍​បន្ថែម​ថាវាមាន​សារៈ​សំខាន់​ណាស់​ ដែល​ក្រុម​ឯក​រាជ្យ​​ពីរដ្ឋាភិបាល​អាចពិនិត្យ​តាម​ដាន​មើលសកម្ម​ភាពរបស់អង្គការ​ក្រៅ​រដ្ឋាភិបាល​។

លោក​ បូរិទ្ធីបាន​លើក​ឡើង​ថា “ វា​បង្ហាញ​ថាយើង​យក​ចិត្ត​ទុក​ដាក់​អំពី​ផ្នែក​នេះ​ ហើយ​យើង​មាន​ឯក​សារ​ដើម្បី​បំភ្លឺ​នូវ​អ្វី​ដែល​យើង​បាន​​ធ្វើ​”។​ លោកបាន​ថ្លែង​ថា “ ពេល​នេះ​យើងមា​ន​ចំណុច​ត្រូវលើកឡើងមួយនៃចំនួន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​បាន​ចុះ​បញ្ជីរួចហើយ​ ដើម្បីប្រៀបធៀប​​ទៅ​នឹង​​​សកម្ម​ភាព​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​សកម្មភាព​ដែលយើង​កំពុង​ធ្វើវាជាការ​ប៉ាន់​ប្រមាណ​មិន​ត្រឹម​ត្រូវ​មកលើ​យើង​”។

លោក កែវ​ ផល្លា អ្នក​សម្រប​សម្រួល​ផ្នែក​សេវា​កម្មនៅឯ​​​គណៈកម្មា​ធិការ​សហ​ប្រតិ​បត្តិ​ការដើម្បីកម្ពុជា​ បាន​ថ្លែង​ថា ការ​រក​ឃើញចំនួនប្រែ​ប្រួលក្នុងចំណោមអង្គការ​ក្រៅ​រដ្ឋាភិបាល ​ដែលមាន​សកម្ម​ភាព​នៅ​ក្នុងប្រទេស អាច​ជួយ​ធ្វើ​ឲ្យសហ​គមន៍​អង្គការ​ក្រៅ​រដ្ឋាភិបាល​​អាចប្រកែកទៅនឹង​ការ​អនុវត្ត​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស

មួយ​ ដែល​នឹង​ដាក់កម្រិត​លើ​​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​នេះ​។

លោក ផល្លា បាន​ថ្លែងថា “ ពេល​នេះ​ប្រសិន​បើ​យើង​ប្រៀប​ធៀប​ចំនួន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​គាំ​ទ្រ​ការជំទាស់​របស់​យើងទៅនឹង​សេចក្តីព្រាង​ច្បាប់​ស្ដី​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ កាលពី​ឆ្នាំទៅ​ អាចបង្ហាញ​ឲ្យ​ឃើញថា ពេល​នេះ​មាន​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ជាង​៥០ភាគរយ”។ លោក​បាន​ថ្លែង​ថាសេច​ក្ដី​ប្រកាសនេះឲ្យ​ដឹងថាមាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង​៧០០បានចុះ​​ឈ្មោះ​ជា​ហត្ថលេខី។

លោកឈិត​ សំអាតនាយក​ប្រតិបត្តិ​នៃ​វេទិកានៃ​អង្គការ​មិនមែនរដ្ឋាភិបាល​(NGO Forum)បាន​ថ្លែង​ថា របាយការណ៍នេះល្អ​ទាំង​អស់​ ប៉ុន្ដែ​ខ្វះ​សេចក្ដី​លម្អិត​ អំពី​ប្រភព​ផ្ដល់​មូល​និធិរបស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​។ លោក​ សំអាតបាន​ថ្លែង​ថា“វាសំខាន​់​ណាស់​ក្នុង​ការ​បង្ហាញ​ប្រាប់​រដ្ឋាភិបាល​ថា អង្គការ​សង្គម​ស៊ីវិល កំពុងដើរ​តួនាទី​យ៉ាងសំខាន់​បំផុត​ក្នុង​ការ​​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា។ យើង​នឹង​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ផ្នែក​ផ្សេងៗ”។

លោក​ ផៃ​ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្ដី​ការ​​គណៈ​រដ្ឋ​មន្ត្រី​បាន​ថ្លែងថាបើទោះ​ជា​លោក​មិន​បាន​អាន​របាយ​ការណ​៍នេះ​ក៏ដោយ ក៏​គួ​រ​តែ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​សិន ​មុន​ពេល​ជឿ​លើ​តួលេខ​។ លោក​ ស៊ីផាន​ បាន​បដិសេធ​ចំពោះ​​តួលេខ​នៃ​ចំនួន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​​របាយការណ៍​នេះអះ​អាង​ថា កំពុង​តែ​ប្រតិបត្តិ​​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បាន​ថ្លែង​ថា “ ពួក​គេ​គួរ​តែ​ពិនិត្យ​មើល​ចំនួន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​ចុះ​បញ្ជីនៅ​ឯ​ទី​ស្ដីការ​​គណៈ​រដ្ឋ​មន្ត្រីផង​ដែរ​។ ចំនួន​ទាំង​នេះ​មិន​ផ្លូវការ​ទេ”៕ប្រែ​សម្រួល​​ដោយ​  ចេវប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស