នៅឯកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញមេដឹកនាំអាស៊ានបានជំរុញឲ្យមានការដកទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសភូមា ខណៈពេលដែលប្រធានាធិបតីភូមា បានធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈអំពីការបោះឆ្នោតបំពេញបន្ថែមថ្នាក់ជាតិ របស់ខ្លួននាពេលថ្មីៗនេះដោយចាត់ទុកការបោះឆ្នោតនេះថាជា“ជោគជ័យដ៏ធំធេង”។
លោកម៉ាទីណាតាឡេហ្គាវ៉ារដ្ឋមន្ត្រីការបរទេសឥណ្ឌូណេសុី បានមានប្រសាសន៍ថា“អាស៊ានបានទាមទារដដែលៗអំពីការដកទណ្ឌកម្មសេដ្ឋកិច្ច បុ៉ន្តែពេលនេះល្មមដល់ពេលដកហើយ។ប្រសិនបើមិនដកពេលនេះទេតើពេលណា? ពេលខ្លះវាបានក្លាយជាវិធី
ដើម្បីធ្វើការតវ៉ាទៅហើយ។ខ្ញុំគិតថានេះជាវិធីមួយ ដើម្បីព្យាយាមធ្វើឲ្យមានឥទ្ធិពលដល់ព្រឹត្តិការណ៍នានា។ការដកទណ្ឌកម្មសេដ្ឋកិច្ចនេះនឹងបង្ហាញឲ្យឃើញសញ្ញាយា៉ងច្បាស់ថាបញ្ហានានា កំពុងតែផ្លាស់ប្ដូរហើយ”។
ខណៈពេលអាស៊ានបានគាំទ្រជាយូរមកហើយឲ្យមានការបញ្ចប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសភូមានោះ ការផា្លស់ប្ដូរមិនច្បាស់លាស់ ពីសំណាក់អតីតរដ្ឋាភិបាលយោធា កាលពីឆ្នាំមុននោះបានធ្វើឲ្យភូមាសម្រេចបានជោគជ័យជាងពេលណាៗទាំងអស់។ ទោះបីជាសហរដ្ឋអាមេរិកនិយាយថាខ្លួនមិនអាចធ្វើការសន្យាបែបនេះភ្លាមៗក៏ដោយ ក៏សហភាពអឺរ៉ុប និងអូស្ត្រាលីបានលើកឡើងនាពេលថ្មីៗនេះ ដោយព្រលយពាក្យឲ្យដឹងថា ខ្លួនសុខចិត្តដកទណ្ឌកម្មទាំងនេះបន្ទាប់ពីមានការបោះឆ្នោតជាប្រវត្តិសាស្ត្រ កាលពីថ្ងៃអាទិត្យ។
លោកកៅគឹមហួនរដ្ឋលេខាធិការក្រសួងការបរទេសបានថ្លែងថា“យើងជឿជាក់ថាការដកទណ្ឌកម្មនេះនឹងរួមចំណែកដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងការលូតលាស់ផ្នែកសេដ្ឋកិច្ច។មេដឹកនាំអាស៊ានក៏បានយល់ព្រមឲ្យមានការដកទណ្ឌកម្មលើប្រទេសភូមាទាំងអស់ផងដែរ”។
មានប្រសាសន៍យ៉ាងខ្លីទៅកាន់អ្នកយកព័ត៌មាន នៅខាងក្រៅកិច្ចប្រជុំកំពូលនេះលោកថេនសេនប្រធានាធិបតីភូមាបានថ្លែងថា ការបោះឆ្នោត ដែលគណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យបានដណ្ដើមអាសនៈស្ទើរតែទាំងអស់នេះគឺជាជោគជ័យមួយ។
នៅពេលសួរថា តើការបោះឆ្នោតនេះមានលក្ខណៈសេរី និងយុត្តិធម៌ដែរឬទេនោះលោកថ្លែងថា“ការបោះឆ្នោតបានធ្វើឡើងយ៉ាងជោគជ័យបំផុត”។
ក្រុមមន្ត្រីការបរទេសបានបន្តកោតសរសើរចំពោះការបោះឆ្នោតនេះ។ លោកស្រីយីងឡាក់សីុណាវ៉ាត្រានាយករដ្ឋមន្ត្រីថៃបានប្រាប់អ្នកយកព័ត៌មានថាលោកស្រីជឿថាការបោះឆ្នោតនោះល្អសម្រាប់ “អាស៊ាននិងការរីកចម្រើនរបស់ភូមា”។
លោកស្រីបានមានប្រសាសន៍ទៀតថា “យើងសូមអបអរសាទរភូមា ចំពោះការរៀបចំការបោះឆ្នោតដោយសេរីនិងដោយសន្ដិវិធីនេះ”៕
(រាយការណ៍បន្ថែមដោយ Reuters)
ប្រែសម្រួលដោយហមសុផាណ្ណា