27 C
Phnom Penh

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បដិសេធ​ចំពោះ​ការ​អះអាង​ថា​ ចិន​មាន​ឥទ្ធិពលមក​លើកម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​ពី​ម្សិល​​មិញ លោក​នា​យក​រដ្ឋ​ម​ន្ត្រី​ ហ៊ុន សែន បា​ន​វាយបកចំ​ពោះ​កា​រ​អះ​អា​​ង​ថា​ ប្រ​ទេ​ស​ចិន​​​មា​នឥទ្ធិពល​លើ​សកម្មភាព​​របស់​កម្ពុជា​ ក្នុងនាមជាប្រធាន​អា​ស៊ាន ដោ​យ​ទទូច​ថា ​កា​រ​​ធ្វើ​​ទស្សនកិច្ច​​​របស់​លោក​ ហ៊ូជីនថាវកាលពី​ចុង​សប្តាហ៍​មុននោះមិន​ទាក់​ទងនឹង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ នៅ​សប្តាហ៍​នេះ​ទេ។

មាន​ប្រសាសន៍​នៅ​ឯពិធី​បិទ​កិច្ច​ប្រជុំ​កំពូល​នៅឯ​អគារ​ខុទ្ទកាល័យ​របស់​លោកក្នុង​រាជ​ធានី​ភ្នំ​ពេញ​ លោក​ ហ៊ុន សែន​ បាន​ប្រើ​សន្និ​សីទកាសែតបែបសំណួរនិង​ចម្លើយ​ជាមួយ​បណ្ដាញ​ព័ត៌មានពិភពលោក​ និង​អ្នក​យក​ព័ត​៌មានក្នុង​ស្រុក​ ដើម្បី​រិះគន់​អ្នក​វិភាគ​នយោបាយ​ក្នុង​ស្រុក​ម្នាក់​ព្រមទាំង​លោក​ សម រង្ស៊ី មេដឹក​នាំ​គណបក្ស​ប្រឆាំង​ផងដែរ។

ខណៈ​ដែល​លើក​សរសើរចំពោះ​ការ​វិនិ​យោគ​ផ្នែកហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ចិន​ ​នៅក្នុង​បណ្ដា​ប្រទេសជាសមាជិកអាស៊ាន និង​តួនាទី​របស់​ខ្លួន​ក្នុងការស្រោចស្រង់​វិបត្តិ​ហិរញ្ញ​វត្ថុ​សាកល​​លោក​ឆ្នាំ​២០០៨ ដែល​ប្រទេសចិន​ “ បានដើ​រតួនាទីយ៉ាងសំខាន់ ក្នុងការជួយ​សង្គ្រោះ​ពិភព​លោក” និង​​បាន​ស្នើ​ឲ្យ​បណ្ដាញ​ព័ត៌មាន​ កុំ​ផ្ដេក​ផ្ដួល​តាម ​“ អ្នកវិភាគ​ឡប់ៗ” ដែល​គិត​ថា លោក​កំពុង​ត្រូវបា​ន​ប្រទេស​ចិន​ប្រើ​។

លោក​បាន​ឆ្លើយ​តប​ទៅ​នឹងការ​​អះ​អាង​ថា ជំហរ​របស់​កម្ពុជា​ចំពោះជម្លោះក្នុងដែន​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ជា​កម្ម​វត្ថុ​ចម្បង​មួយ​ក្នុង​ចំណោម​កម្ម​វត្ថុ​ចម្បង​ៗ ​ដែល​ត្រូវ ពិភាក្សា​នៅ​ឯកិច្ច​ប្រជុំ​កំពូល​នេះ​ បានស្ថិត​នៅ​​ក្រោមឥទ្ធិពលរបស់ចិន​។

លោក​បាន​ថ្លែង​ថា “ ខ្ញុំ​សូម​បញ្ជាក់​ថា​មេដឹកនាំរបស់​ចិន​មិន​បា​​ន​តាំង​ខ្លួនជាអ្នក​​គាប​សង្កត់​ឬការ​​បញ្ចុះ​បញ្ចូល ឬការ​អូសទាញ​នោះទេ​នៅក្នុង​បញ្ហា​នេះ​ ឯ​កម្ពុជាក៏មិន​មែន​ជា​ទំនិញ​ សម្រាប់​កា​រ​​ទិញរបស់​នរណា​ទាំង​អស់​ក្នុង​ឋានៈ​ជា​រដ្ឋ​អធិប​តេយ្យ​​ និង​ជា​សមាជិក ​ដែលមា​ន​កា​រ​​ទទួល​ខុស​ត្រូវ​ក្នុង​ក្រប​ខណ្ឌអាស៊ាន​”។

លោក ហ៊ូ ជីនថាវ បាន​មកបំពេញ​ទស្សន​កិច្ចក្នុង​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃ​សុក្រ​ និងជា​ការ​ធ្វើ​​ទស្ស​នកិច្ច​លើក​ដំបូង​របស់​មេដឹក​នាំ​ចិន​រូប​​នេះ ​ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក ដែល​មាន​ការ​ដាក់តាំង​បង្ហាញ​រូប​ថត​ដ៏ធំ​របស់​លោក​ និង​ភរិយា គឺ​លោកស្រី​ លីវ យ៉ុងឈីង នៅអែបព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រកម្ពុជា​។ លោក​បាន​ចាក​ចេញ​ពី​ប្រទេស​​កម្ពុជា​ កាលពី​ថ្ងៃច័ន្ទ​ បន្ទាប់​ពី​សន្យា​បង្កើន​ទំនាក់ទំនង និង​បង្កើន​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ មុនការមកដល់​របស់​មេដឹក​នាំ​ប្រទេសជាសមាជិកអាស៊ាន​ មួយថ្ងៃ ដើម្បីចូលរួមកិច្ច​ប្រជុំ​កំពូលក្នុង​រាជ​ធានី​ភ្នំពេញ​។

“វា​ទាក់​ទង​ទៅ​នឹង​អាស៊ាន។ វាមិន​មែន​​មាន​ផែន​ការគាប​សង្កត់​នោះទេ។ ការវិភាគ​ឡប់ៗខ្លះ បាន​លើក​ឡើង​ថា ការ​ធ្វើ​ទស្សនកិច្ច​របស់​លោក ហ៊ូ ជីនថាវ គឺ​ជា​ការ​ធ្វើ​ទស្សនកិច្ច​ ដើម្បី​បញ្ចុះបញ្ចូល​ និង​ដើម្បី​គាប​សង្កត់”។

ប៉ុន្ដែ​លោក​បាន​លើក​ឡើង​ថា  ការ​ធ្វើ​ទស្សនកិច្ច​នេះ “ គឺ​ជាការធ្វើដំណើរ​ដោយ​មាន​ការរៀបចំរវាងរាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិត​ចិនតែប៉ុណ្ណោះ​។​ គ្មានការ​ពាក់ព័ន្ធនឹង​ការ​ប្រជុំអាស៊ានទេ។បើ​គាត់មិនមកពេលហ្នឹង ​គាត់​នឹង​មក​ពេលក្រោយ​”។

លោក​ ហ៊ុន​ សែន មាន​ប្រសាសន៍​បែប​ដៀមដាម​ម្ដង​ហើយ​ម្ដង​ទៀត​ ចំពោះ​លោក​ ឡៅ​ ម៉ុង​ហៃ អ្នក​វិភាគ​នយោបាយ​ឯក​រាជ្យ ដែល​បានលើក​ឡើង​ថា កម្ពុជា​កំពុង​ត្រូវ​ចិន​គាប​សង្កត់​ ដោយ​ហៅ​លោក​ថាជា “អាល្ងង់ទូ”។

លោក ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ ដោយមិន​និយាយ​ចំឈ្មោះ​លោក ឡៅ ម៉ុងហៃថា“ បណ្ឌិតក្បាលទំពែក”។ លោកបន្ថែម​ថា “ សុំអភ័យទោស ​ខ្ញុំ​និយា​យ​ពាក្យរៀង​ធ្ងន់​ៗបន្ដិច ព្រោះខ្ញុំ​ទ្រាំ​មួយ​ខែហើយ”។

លោក ឡៅ ម៉ុងហៃ បាន​ថ្លែង​ថា លោក​មានការព្រួយបារម្ភថា លោក​ ហ៊ុន សែន និយាយ​សំដៅ​ដល់​​រូបលោក​នោះ។ ទោះ​ជា​យ៉ាង​ណា​ លោកបាន​មាន​ប្រសាសន៍​​ថា “ការ​ឆ្លើយតបរបស់លោក​នាយក​រដ្ឋមន្ត្រី​ទៅនឹង​សេចក្ដីអត្ថាធិប្បាយ​របស់ពល​រដ្ឋ​ម្នាក់ ខ្ញុំ​មិន​មាន​មោទនភាព​ទេ ប៉ុន្ដែ​នៅ​ពេល​​ការ​អត្ថា​ធិប្បាយ​មួយ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍ពីមេដឹក​នាំ​របស់យើង ​ឲ្យ​យក​ចិត្ត​ទុក​ដាក់នោះវាជា​រឿង​មួយផ្សេងទៀត​”។

លោក​ ហ៊ុន សែន​ ក៏បាន​រិះ​គន់​លោក សម រង្ស៊ី មេដឹក​នាំ​គណបក្ស​ប្រឆាំង​ផង​ដែរ​ ដែល​កាលពី​សប្តាហ៍​មុន​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ជូន​លោក​ ហ៊ូ ជីនថាវ ដោយ​លើក​ឡើង​ថា ការពិភាក្សា​អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ គួរតែ​ពិភាក្សា​តែ​ទ្វេភាគី​រវាង​បណ្ដា​ប្រទេស​ ដែលទាមទារសិទ្ធិគ្រប់គ្រង ដោយ​មិនត្រូវ​រាប់​បញ្ចូល​សមាជិកអាស៊ានទេ​ ពី​ដំណើរ​ការ​នេះ។ កន្លង​មក ​គណបក្ស​ សម រង្ស៊ី បាន​រិះគន់​បំណុល​​ជំពាក់កាន់​តែ​កើន​ឡើងជាមួយ​ប្រទេស​ចិន​ និង​ការផ្តល់ដីសម្បទានសេដ្ឋកិច្ច​យ៉ាង​ច្រើន​ ដល់ក្រុមហ៊ុន​ចិន។

លោក​ ហ៊ុន សែន បាន​ហៅ​លិខិត​នេះ​ថា​ “ នេះជានយោបាយ​​ឱកាស​និយម​របស់​មេដឹកនាំបក្សមួយ ហើយ​ប្រសិន​បើ​​គេ​បា​នដឹកនាំ​ប្រទេស​ តើ​វានឹងនាំឆ្ពោ​ះទៅស្អី? វា​​នឹង​នាំ​កម្ពុជា​​ចេញផុត​​ពី​អាស៊ានតែម្តង”។

អំឡុង​ការ​ធ្វើ​ទស្សនកិច្ច​របស់​លោក ហ៊ូ ជីនថាវ លោក​​បាន​សន្យា​ពង្រីកការធ្វើ​ពាណិជ្ជ​​កម្ម​ទ្វេ​ភាគី​ទ្វេ​​ជាមួយ​កម្ពុជា​ ដែល​មាន​ទឹក​ប្រាក់​ដល់​ទៅ៥.០០០លានដុល្លារ នៅ​ប្រាំ​ឆ្នាំ​បន្ទាប់​ និង​បាន​សន្យា​ផ្ដល់​ជំនួយ​ឥត​សំណង​ និង​កម្ចី​ជាង​៧០​លាន​ដុល្លារ ថែមទៀត​។ យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល បំណុល​សរុប​របស់​កម្ពុជា​ជំពាក់​ប្រទេស​ចិន​មាន​ជាង​២.០០០​លានដុល្លារ​​។ កម្ចី​ពី​ចិន​ឲ្យ​កម្ពុជាមាន​អត្រាការប្រាក់​អនុ​គ្រោះ​តិច​ជាង​បណ្ដា​ប្រទេស​ផ្ដល់​ជំនួយផ្សេង​ទៀត​ ក៏ប៉ុន្ដែ​មិន​មានភ្ជាប់ជាមួយលក្ខខណ្ឌទេ។

លោក​ ហ៊ុន សែន​ បាន​ថ្លែង​ថា “ ចិន​ ជា​ប្រទេស​ធំមួយ​ ប៉ុន្ដែ​ជាប្រទេស​តែងតែ​គោរព​នូវការសម្រេច​របស់ជាតិនីមួយៗ។ ខុសពីប្រទេសដទៃ។ ប្រទេសខ្លះ កម្ពុជា​មិន​ធ្វើ​តាម​ គេកាត់​ជំនួយ”។ លោក​ក៏បាន​អះ​អាង​ដែរ​ថា ដោយ​​សារ​ជំនួយ​មាន​លក្ខ​ខណ្ឌ​ នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ នៅពេលដែល​កង​ទ័ព​វៀតណាម

កំពុងឈរ​ជើង​នៅ​ក្នុង​កម្ពុជា​មាន ពេល​នៅប្រទេសកម្ពុជាមាន​ឯក​រាជ្យ​ច្រើន​ជាង​ពេល​បច្ចុប្បន្ន​នេះ នៅ​ពេល​ដែលប្រទេស​នេះ​ផ្អែក​យ៉ាង​ខ្លាំង​ទៅលើ​ជំនួយ​ពី​អ្នក​ផ្ដល់​ជំនួយ​អន្ដរ​ជាតិ​។​

លោក​ ហ៊ុន សែន​ បាន​ផ្ដល់​ជា​ឧទាហរណ៍​អំពី​ទី​ភ្នាក់ងារ​ផ្ដល់​ជំនួយ​អន្ដរ​ជាតិ​មួយយ ដែល​បាន​ប្រាប់គាត់ថា ឲ្យគាត់​លក់​គយ​កម្ពុជា​។ លោក​បាន​ថ្លែង​ថា “ពួក​គេ​និយាយ​ថា លោកអាច​ទទួល​ជំនួយ។ ពេលនោះ បើ​ខ្្ញុំយល់​ព្រម​លក់​គយ។ [ប៉ុន្ដែ​]​​ ការលក់គយ ស្មើនឹងលក់អធិបតេយ្យ​ភាពជាតិ”។

អង្គការ​មូល​និធិ​រូបិយ៍ប័ណ្ណ​អន្ដរជាតិ​ (IMF) មានពាក់​ព័ន្ធ​ក្នុង​ការចង់ធ្វើ​​អធិការ​កិច្ច​ឯក​រាជ្យ​លើ​អធិបតេយ្យរបស់​កម្ពុជា​ កាលពី​ចុង​ទសវត្សរ៍ឆ្នាំ​១៩៩០ ។

ក្នុង​ឆ្នាំ​១៩៩៩ រដ្ឋាភិបាល​បាន​បញ្ចប់​កិច្ច​សន្យា​មួយ​ជាមួយ​SocieteGeneraledeSurveillanceofGeneva ដែល​បាន​និង​កំពុង​តែ​ធ្វើ​អធិការ​កិច្ច​ក្នុង​គម្រោង​ដែល​គាំ​ទ្រ​ដោយ​ IMF ។

( រាយការណ៍បន្ថែម​ដោយ​ ផន បុប្ផា) ប្រែ​សម្រួលដោយ ចេវ ប៊ុននី

​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស