កម្មករបាននិយាយកាលពីម្សិលមិញថាកម្មករកម្ពុជា និងកម្មករភូមា ធ្វើការក្នុងរោងចក្រផលិតម្ហូមអាហារសមុទ្រមួយកន្លែងនៅក្នុងប្រទេសថៃភាគខាងត្បូង ដែលបានទាមទារឲ្យសងប្រាក់បន្ថែម ដែលត្រូវបានថៅកែលុបចោលនោះត្រូវបានបង្ក្រាបកាលពីម្សិលមិញនិងត្រូវសន្ដិសុខរោងចក្រដេញប្រផាប់ចាប់ប្រភីង ព្រមទាំងបាញ់ប្រើកាំភ្លើងទៀតផង។
កម្មករជាង១.០០០នាក់ធ្វើការក្នុងរោងចក្រផលិតម្ហូបអាហារសមុទ្រ ផាត់ថាណាសុីហ្វូត (Phatthana Seafood) នៅក្នុងខេត្តសុងក្លា ដែលភាគច្រើនបំផុតជាជនខ្មែរបានផ្ទុះកូដកម្ម កាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ាចំពោះការសម្រេចរបស់ក្រុមហ៊ុនដោយលុបចោលការផ្ដល់ប្រាក់បន្ថែមរាប់រយបាត សម្រាប់ថ្លៃម្ហូបអាហារ និងការចំណាយសម្រាប់ការស្នាក់នៅ។
លោក សុខទីដែលជាកម្មករមកពីខេត្តកំពត ហើយកំពុងតែធ្វើការនៅឯរោងចក្រនេះ អស់រយៈពេលប្រាំមួយខែមកហើយ បាននិយាយថានៅពេលពួកគេព្យាយាមចូលទៅជិតរោងចក្រ កាលពីព្រឹកម្សិលមិញ ដើម្បីចរចាជាមួយបុគ្គលិកក្រុមហ៊ុន ស្រាប់តែសន្ដិសុខបានបាញ់ឡើងលើ ដើម្បីបណ្ដេញពួកគេចេញ។ លោកបាននិយាយថា“សន្ដិសុខបានរារាំងយើងមិនឲ្យចូលក្នុងរោងចក្រ។សូម្បីមាត់ច្រកក៏យើងមិនអាចប៉ះបានដែរ។ពួកគេបាញ់ឡើងលើបីគ្រាប់”។
ក្រុមហ៊ុននេះបានលុបចោលប្រាក់បន្ថែមចំនួន២០បាតក្នុងមួយថ្ងៃសម្រាប់ថ្លៃម្ហូបអាហារ និងឧបត្ថម្ភ៣០០បាតទៀតរាល់ពីរសប្ដាហ៍ម្ដង ឬប្រហែល១០,៣៣ដុល្លារចាប់តាំងពីរោងចក្រនេះបានដំឡើងប្រាក់ប្រចាំថ្ងៃ ដល់ពួកគេពី១៧០បាត ទៅ២៤៦បាតកាលពីដើមខែនេះ។
លោកហូយពេជ្រសុវណ្ណ មន្ត្រីកម្មវិធីផ្នែកពលកម្មប្រចាំមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលមានទំនាក់ទំនងជាមួយកម្មករ បានមានប្រសាសន៍ថាទីបំផុតភាគីទាំងពីរ បានជួបពិភាក្សាគ្នានៅខាងក្រៅរោងចក្រនាថ្ងៃនោះ ក៏ប៉ុន្ដែនៅតែមិនទទួលបានការព្រមព្រៀងគ្នា ហើយ កម្មករនឹងបន្ដធ្វើកូដកម្មទៀត។
លោកបានមានប្រសាសន៍ថាកិច្ចសន្យារបស់កម្មករជាមួយនឹងក្រុមហ៊ុនបានធានាថាពួកគេអាចទទួលបានប្រាក់ប្រចាំថ្ងៃ២៥០បាតដោយបូកនឹងប្រាក់បន្ថែមសម្រាប់ថ្លៃម្ហូបអាហារចំនួន២០បាតថែមទៀត។ លោកបាននិយាយថា“ ប៉ុន្ដែ[ក្រុមហ៊ុន] មិនដែលអនុវត្តតាមកិច្ចសន្យានេះឡើយ ហេតុដូច្នេះហើយបានជាពួកគេបន្ដធ្វើកូដកម្ម”។
តួលេខសម្រាប់កម្លាំងពលកម្មនៅក្នុងរោងចក្រនេះខុសៗគ្នា ក៏ប៉ុន្ដែលោក សុវណ្ណបានមានប្រសាសន៍ថា រោងចក្រនេះមានកម្មករសរុបប្រហែល២.០០០នាក់ដែលក្នុងនោះមាន១.៦០០នាក់ ជាជនជាតិខ្មែរ។
លោក វួចណាអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនសុីឌីអេមត្រេឌីងមែនផៅវើ (CDM Trading Manpower) ដែលជាទីភ្នាក់ងារជ្រើសរើសពលករ និងបានបញ្ជូនកម្មករទៅធ្វើការក្នុងប្រទេសថៃ បានអះអាងថាក្នុងចំណោមកម្មករទាំងនោះមាន៦០០នាក់បាន
យល់ព្រមត្រឡប់ទៅធ្វើការវិញត្រឹមចុងថ្ងៃនេះ ហើយក្រុមហ៊ុនផាត់ថាណាស៊ីហ៊្វូតបានកែសម្រួលគម្រោងបើកប្រាក់ខែ ពីព្រោះរោងចក្រនេះកំពុងតែខាតបង់ច្រើន។ លោកថ្លែងថា“ប្រាក់បន្ថែមនេះ គឺជាបុព្វសិទ្ធិរបស់រោងចក្រ។ថ្លៃអាហារ និងប្រាក់បន្ថែមមិនមានចែងនៅក្នុងច្បាប់ទេ”។
ស្ត្រីម្នាក់នៅឯស្នាក់ការក្រុមហ៊ុនផាត់ថាណាសុីហ្វូ៊ត ក្នុងក្រុងបាងកកបានទទូចឲ្យបញ្ជូនសំណួរទាំងអស់តាមអុីម៉េលក៏ប៉ុន្ដែសំណួរទាំងនេះមិនត្រូវបានឆ្លើយតបឡើយ។ មន្ត្រីក្រសួងការងារ និងក្រសួងការបរទេសមិនអាចទាក់ទងបានឡើយ៕
ប្រែសម្រួលដោយ ចេវប៊ុននី