37 C
Phnom Penh

ប្រជា​ពលរដ្ឋខ្មែរ​រៀបចំ​គ្រឿង​សក្ការបូជា​ទទួល​ទេវតា​ឆ្នាំថ្មី​ដែលនឹងមកដល់​នៅ​ថ្ងៃ​សុក្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះនាង​ទេពធីតា​​ទ្រង់អម្ពរពណ៌ស ព្រះ​ហស្តស្តាំ​ទ្រង់ព្រះខ័ន ព្រះហស្តឆ្វេង​ទ្រង់​ពិណ ទ្រង់ផ្ទុំបើកព្រះនេត្រ​លើខ្នងមហឹង្សា​(ក្របី)​ ជាពាហានៈ ទ្រង់​ហែហម​ដោយសត្វនាគ​ ភក្សាហារ​ទ្រង់សោយ​ចេក​ណាំវ៉ា​ចេក​ទឹក ទ្រង់នឹង​យាង​មកកាន់​ឋាន​កណ្តាលនៅ​​វេលាម៉ោង១៩ និង​១១​នាទី ​យប់ថ្ងៃ​សុក្រ។

យោងតាម​មហា​សង្ក្រាន្ត​ឆ្នាំថ្មី ដែល​ចេញដោយក្រសួង​ធម្មការ និងកិច្ចការ​សាសនា ដែលបាន​ប្រកាស​ជាសាធារណថា ​ទេពធីតា​មួយ​ព្រះអង្គ ជា​មគ្គនាយិកា ព្រះនាម​កិមិរា​ទេវី គឺ​ជាទេព​ធីតា​​ក្នុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ។ មហា​សង្រ្កាន្ត​ឆ្នាំថ្មី “ ទេព​ធីតា​ឆ្នាំថ្មី​ព្រះ​នាមកិមិរាទេវី នឹង​យាង​មក​ឋាន​កណ្តាល​នៅវេលា​ម៉ោង​១៩ ​និង​១១នាទី​យប់​ នៅ​ថ្ងៃទី១៣ខែមេសា។ប្រជា​ពលរដ្ឋ​ខ្មែរ​ ត្រូវ​រៀប​​ចំគ្រឿង​សក្ការ​បូជា​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី មានដូចជា ទៀនប្រាំ​ ធូបប្រាំ​ និង​​ចេកណាំវ៉ា”។

យោងតាមលោកវង្សសុធារ៉ាអនុ​ប្រធាន​ដេប៉ាតឺម៉ង់ប្រវត្តិវិទ្យានៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញបាន​ឲ្យ​ដឹង​ថា​ ទំនៀម​ទម្លាប់​នៃ​ទេព​ធីតា ​ដែល​យាង​មក ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី ​​គឺមាន​ឫស​គល់​ចេញ​មក​ពី​រឿង​ព្រេង​ទេវ​កថានៅក្នុង​ប្រទេស​ឥណ្ឌា។

តាម​រឿង​ព្រេង​នោះ កុមារ​ម្នាក់​មាន​ចំណេះ​វិជ្ជា​ដ៏វិសេសវិ​សាល ​គឺឈ្មោះ​ធម្មបាលកុមារ​ បាន​ភ្នាល់​គ្នា​ជាមួយ​កបិល​មហា​ព្រហ្ម​ ដើម្បី​ដោះ​ប្រស្នា។ ប្រសិន​បើ​ធម្ម​បាល​កុមារ​អាច​ដោះ​ប្រស្នាបាន ​កបិល​មហា​ព្រហ្ម​នឹងកាត់​សិរសា​របស់ទ្រង់​ ដើម្បី​បូជា​ដល់​ធម្មបាល​កុមារ ប៉ុន្ដែ​​ប្រសិន​បើ​ធម្ម​បាល​កុមារ​​ដោះ​ប្រស្នា​មិនរួច ​នឹង​ត្រូវ​កាត់​ក្បាល​ធម្មបាល​កុមារវិញ។

ធម្មបាល​កុមារ​ទទួល​បាន​ជ័យ​ជម្នះ​ ហេតុ​ដូច្នេះ​ទើប​កបិល​មហា​ព្រហ្ម​កាត់​ព្រះសិរ​សា​របស់ទ្រង់។​ លោកសុធារ៉ាបានបន្តថា “ មុន​ពេល​កបិល​មហា​ព្រហ្ម​កាត់​ព្រះសិរសារបស់​ទ្រង់​ កបិល​មហា​ព្រហ្ម​បាន​ហៅ​បុត្រី​ទាំង៧​អង្គ​របស់​ទ្រង់មក​ប្រាប់​ថា​ “ អំឡុង​ពេល​ចូល​ឆ្នាំថ្មី​មក​ដល់​ បុត្រី​ទាំង៧អង្គ​ ត្រូវតែផ្លាស់​វេន​គ្នា​ដង្ហែប្រទក្សិណ​ព្រះសិរសាបិតា​ចំនួន​៦០នាទី”។

នៅពេល​​ទេពធីតា​មួយអង្គ​ ក្នុង​ចំណោម​ទេព​ធីតាទាំង៧អង្គ សោយ​ឈាម តែ​ទេព​ធីតា​ឆ្នាំនេះ​ព្រះនាម​ កិមិរាទេវីសោយ​ចេក​ណាំវ៉ានិងចេកទឹក។អ្នក​លក់​ចេក​ក្នុង​ទីក្រុង​ភ្នំពេញ​ កាលពី​ម្សិលមិញ​ បាន​និយាយ​ថាមុខ​របរ​លក់​ចេក​បានកាក់កបច្រើន​ មុនពេល​បុណ្យ​ចូលឆ្នាំ​នឹង​ចូល​មកដល់​នៅ​ថ្ងៃ​សុក្រ​ នោះ។

លោកគង់ចិត្រាអាយុ៣២ឆ្នាំអ្នក​លក់​ផ្លែឈើ​នៅផ្សារ​កណ្តាល បាន​និយាយ​ថា“ ចេក​លក់​ដាច់​ណាស់​ឆ្នាំនេះ​ ពីព្រោះ​ទេព​ធីតា​ឆ្នាំថ្មី សោយផ្លែ​ចេកណាំវ៉ា និងចេក​ទឹក។

តម្លៃ​ចេក​បាន​ឡើង​ថ្លៃ​ពី​ប្រហែល​២.៥០០​រៀល ទៅប្រហែល ៤.000រៀល ក្នុង​មួយ​ស្និត​ ប៉ុន្តែ​ខ្ញុំគិត​ថា តម្លៃ​ចេក​នឹង​ឡើងរហូត​ដល់​១០.០០០​រៀល​ ក្នុង​មួយ​ស្និត​ នៅថ្ងៃ​ដាច់ឆ្នាំចាស់ចូលដល់​ថ្ងៃ​​ឆ្នាំថ្មី”។

កាលពីម្សិលមិញនៅ​ជុំវិញ​ផ្សារ​កណ្តាល​ តូប​ជាច្រើន​បាន​ដាក់លក់​រូប​ទេព​ធីតា​ឆ្នាំថ្មី​ បដា​អប​អរ​សាទរ​ឆ្នាំថ្មី​ រូបនាគ​និងគ្រឿង​តុប​តែងលម្អ ក៏ត្រូវ​បាន​គេយក​ទៅ​ដាក់លក់​ផង​ដែរដោយ​មាន​ព្រះសង្ឃពីរបីអង្គ​បាន​និមន្ត​ទៅជាវ​របស់របរទាំង​នោះ​ផងដែរ។​ អ្នក​ស្រីលីវណ្ណាអាជីវករម្នាក់អា​យុ​​៣៦​ឆ្នាំបាននិយាយថា “ បដា​អប​អរ​សាទរ​​ឆ្នាំថ្មី​ បាន​លក់អស់​ច្រើន​ណាស់ តែ​រូបទេពធីតា​ក៏លក់​ដាច់​ណាស់​ដែរ​”។

លោកស៊ីនសារ៉ុតមា្ចស់​តូប​ម្នាក់​ដែល​បាន​ទិញអំពូល​ភ្លើង​ពណ៌​សម្រាប់​តុបតែង​ផ្ទះ​ ពីតូប​របស់អ្នក​ស្រីលីវណ្ណាបាន​និយាយ​ថា លោកសប្បាយចិត្ត​​ណាស់​ ពេល​បុណ្យ​ចូល​ឆ្នាំថ្មី​មកដល់។ លោកសារ៉ុតបានបន្តថា “ លោក​នឹង​ទិញ​ចេក​ទុក​ថ្វាយ​ទេពធីតា​ឆ្នាំថ្មី​ ហើយយើង​នឹង​លេង​ល្បែង​ប្រជា​ប្រិយ​ខ្មែរ​។យើងជឿ​លើ​ទេព​ធីតា​ឆ្នាំថ្មី​ ខ្ញុំមិនអាចនិយាយថា ជា​ការពិត ឬ​ក៏​មិនពិត​នោះ​ទេ​។ សម្រាប់ខ្ញុំវិទ្យា​សាស្រ្ត​និង​ជំនឿគឺ​ដើរ​ទន្ទឹម​គ្នា”។

ទោះបី​ជាយ៉ាង​ណាក៏​ដោយ មិន​មែន​គ្រប់​ព័ត៌​មានមុន​ពេល​ចូលឆ្នាំ​សុទ្ធតែ​ល្អ​នោះ​ទេ​។ មហា​សង្រ្កាន្ត​របស់​រដ្ឋាភិបាល​ក៏បាន​ទស្សន៍​ទាយ​ទុក​សម្រាប់​ឆ្នាំ​ក្រោយ​ផងដែរ​​​ ហើយ​បាន​លើក​ឡើង​ថា​​ ការ​ប្រមើល​មើល​ គឺមិន​ច្បាស់​លាស់​នោះទេ​សម្រាប់​ឆ្នាំរោង​នេះ ដោយ​បាន​ទស្សន៍​ទាយ​ថា វាអាច​នឹង​មាន​​ ទឹក​ជំនន់​ ហើយប្រាំបួនភាគ​រយ​ នៃ​ទន្និផល​​ស្រូវ​នឹង​បាត់បង់​ និងប្រជាពល​រដ្ឋ​អាច “ ​ជួប​នឹងគ្រោះ​អត់ឃ្លាន​”៕

ប្រែស​ម្រួលដោយស៊ាស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស