ខណៈបុណ្យចូលឆ្នាំខ្មែរខិតជិតមកដល់នោះសាលារាជធានីភ្នំពេញបានអំពាវនាវជាថ្មីម្តងទៀតដល់ក្រុមហ៊ុនរថយន្តក្រុង និងអ្នករត់តាក់ស៊ីទាំងអស់កុំឲ្យដំឡើងថ្លៃឈ្នួលនៅអំឡុងថ្ងៃបុណ្យនេះ។ប៉ុន្តែជាធម្មតាអ្នករត់តាក់ស៊ី និងក្រុមហ៊ុនទាំងរថយន្តក្រុងលើកឡើងថាពួកគេនឹងមិនធ្វើតាមសំណើនេះទេ។
លោកកែបជុតិមាអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថាកាលពីសប្តាហ៍មុនលោកបានស្នើដល់អ្នកបើកបររថយន្តឈ្នួលទាំងអស់កុំដំឡើងថ្លៃ ប៉ុន្តែលោកបានបន្ថែមថា“សាលារាជធានីអំពាវនាវចំពោះតែក្រុមហ៊ុនរថយន្តក្រុងប៉ុណ្ណោះ។យើងមិនអាចបញ្ជាពួកគេបានទេ ពីព្រោះពួកគេមិនមែនជាក្រុមហ៊ុនរបស់សាលារាជធានីឡើយ”។
ក្រុមអង្គការសង្គមស៊ីវិលដូចជា សម្ពន្ធប្រជាពលរដ្ឋដើម្បីគណនេយ្យភាពសង្គម ហៅកាត់ថា CASA ជាសម្ពន្ធអង្គការក្រៅរដ្ឋាភិបាល និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យក៏បានជំរុញឲ្យរដ្ឋាភិបាលទប់ស្កាត់ការដំឡើងថ្លៃអំឡុងថ្ងៃបុណ្យផងដែរ។
ប៉ុន្តែក្រុមហ៊ុនរថយន្តក្រុងនិងអ្នករត់តាក់ស៊ីបាននិយាយការពារការដំឡើងថ្លៃនេះដោយលើកឡើងថាពួកគេចាំបាច់ត្រូវប៉ះប៉ូវដល់បុគ្គលិករបស់ខ្លួននិងរ៉ាប់រងចំពោះតម្លៃប្រេងសាំងខ្ពស់។
លោកចាន់សុផាន់ណាអ្នកគ្រប់គ្រងក្រុមហ៊ុនរថយន្តក្រុងសុរិយាបាននិយាយថា”រៀងរាល់ឆ្នាំយើងដំឡើងថ្លៃពីព្រោះយើងត្រូវចំណាយឲ្យបុគ្គលិកដែលធ្វើការនៅថ្ងៃបុណ្យទ្វេជាពីរ។ លោកបានបន្ថែមថាតម្លៃនឹងឡើងពី២០ទៅ៣០ភាគរយរហូតដល់ថ្ងៃទី ១៨ខែមេសា។
លោកសុផាន់ណាក៏បាននិយាយផងដែរថាចាំបាច់ត្រូវតែដំឡើងថ្លៃហើយ ពីព្រោះរថយន្តភាគច្រើនត្រឡប់មកពីបណ្តាខេត្តវិញគ្មានមនុស្សជិះទេអំឡុងថ្ងៃបុណ្យ។ លោកបាននិយាយថា“យើងចំណាយលើថ្លៃសាំងប៉ុន្តែមិនមានប្រាក់ចំណេញទេដូច្នេះចាំបាច់ត្រូវតែដំឡើងថ្លៃ”។ លោកមួងម៉ារ៉ាអ្នករត់តាក់ស៊ីនៅចំណតផ្សារអូឡាំពិកបានផ្តល់ហេតុផលផ្សេងចំពោះការដំឡើងថ្លៃនេះ។
គាត់បាននិយាយថា“ខ្ញុំចាំបាច់ត្រូវដំឡើងថ្លៃពីព្រោះខ្ញុំត្រូវសូកមន្ត្រីនគរបាលនៅតាមផ្លូវ ហើយបង់ថ្លៃចំណតច្រើនជាងមុនអំឡុងបុណ្យចូលឆ្នាំខ្មែរ”។ គាត់បានបន្ថែមថាគាត់នឹងយកតម្លៃចំនួន២៥.០០០រៀលជំនួសឲ្យតម្លៃធម្មតា ១៥.០០០រៀល ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង។
លោក ដូរ៉ាអ្នកតំណាងម្នាក់នៅក្រុមហ៊ុនរថយន្តក្រុង សុខាកុមារទេពអុិចប្រេស្ស បាននិយាយថាក្រុមហ៊ុនរបស់លោកត្រូវតែដំឡើងថ្លៃជាងមួយភាគបីពីព្រោះរថយន្តសីុសាំងច្រើនដោយសារចរាចរណ៍ចង្អៀតនៅថ្ងៃបុណ្យហើយបច្ចុប្បន្ននេះតម្លៃសាំងខ្ពស់ណាស់។
គាត់បាននិយាយថា“ថ្ងៃធម្មតាយើងប្រើប្រាស់់សាំង១៥០លីត្រទៅកាន់ខេត្តសៀមរាបប៉ុន្តែអំឡុងថ្ងៃបុណ្យវិញយើងប្រើប្រាស់សាំង២២០លីត្រដោយសារតែការកកស្ទះចរាចរណ៍។ប្រសិនបើសាលាក្រុងអាចលក់សាំងឲ្យពួកយើងតម្លៃតែមួយដុល្លារក្នុងមួយលីត្រនោះយើងនឹងមិនដំឡើងថ្លៃឡើយ”។
លោកព្រាបចាន់វិបុលប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោកក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថាមានការស្នើសុំកុំឲ្យដំឡើងថ្លៃរៀងរាល់ឆ្នាំប៉ុន្តែគេមិនដែលធ្វើតាមទេ។
លោកបានមានប្រសាសន៍ថា“មិនមានក្រុមហ៊ុនណាមួយធ្វើតាមការអំពាវនាវរបស់យើងឡើយហើយក្រសួងមិនអាចកំណត់តម្លៃបានទេពីព្រោះយើងអនុវត្តទីផ្សារសេរី”៕
(រាយការណ៍បន្ថែមដោយ Claire Luke)
ប្រែសម្រួលដោយសោមសារុន