មន្ត្រីក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសថៃ បានសន្យាថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទប់ស្កាត់ការបាញ់សម្លាប់ជនជាតិខ្មែរ ដែលបានឆ្លងព្រំដែនខុសច្បាប់ចូលក្នុងទឹកថៃ ដើម្បីកាប់ឈើគ្រញូង ដែលអាចលក់នៅតាមទីផ្សារងងឹតបានប្រាក់រាប់ម៉ឺនដុល្លារក្នុងមួយម៉ែត្រគូប។
នៅឯកិច្ចប្រជុំមួយក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារ គណៈប្រតិភូ ដែលដឹកនាំដោយលោក ឡុង វីសាលោ រដ្ឋលេខាធិការក្រសួងការបរទេសបានជួបប្រជុំជាមួយលោកជូឡាពង់ ណុនស្រុីឆៃ (Jullapong Nonsrichai) អនុរដ្ឋមន្ត្រីការបរទេសថៃ ហើយភាគីទាំងពីរបានឯកភាពសហការគ្នាឲ្យបានកាន់តែជិតស្និទ្ធ ថែមទៀត ដើម្បីទប់ស្កាត់កុំឲ្យមាន ការបាញ់សម្លាប់ជនជាតិខ្មែរតទៅទៀត។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍ថា “ប្រទេសកម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះឧប្បត្តិហេតុ ដែលបង្កឡើងដោយទាហានថៃនៅតាមបណ្តោយព្រំដែន។ ភាគីទាំងពីរបានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែជិតស្និទ្ធថែមទៀត រវាងព្រះរាជាណាចក្រទាំងពីរ”។
កាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យអាជ្ញាធរកម្ពុជាខំធ្វើការថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ដែលគេសង្កេតឃើញយ៉ាងហោចណាស់ក៏មានជនជាតិខ្មែរ១៣នាក់ដែរត្រូវទាហានថៃបាញ់សម្លាប់នៅដើមឆ្នាំនេះ។
លោក កុយ គួង បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃរបស់កម្ពុជាត្រូវមានភារកិច្ចដឹកនាំ និងទទួលខុសត្រូវ ប៉ុន្តែព័ត៌មានលម្អិតមិនទាន់លាតត្រដាងឲ្យដឹងនៅឡើយទេ។
លោកបានមានប្រសាសន៍ថា ផែនការច្បាស់លាស់បន្ថែមទៀត ស្តីអំពីើវិធីត្រូវទប់ស្កាត់បញ្ហានេះ ដោយរបៀបណានោះ នឹងត្រូវលើកយកទៅពិភាក្សានៅកិច្ចប្រជុំរួមមួយទៀត “ ដែលរៀបចំធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ”។
នៅឯកិច្ចប្រជុំកាលពីថ្ងៃអង្គារ លោក កុយ គួង បានមានប្រសាសន៍ថា ភាគីកម្ពុជាបានជំរុញឲ្យភាគីថៃហាមឃាត់ទាហានរបស់ខ្លួននៅតាមព្រំដែនកុំឲ្យបាញ់អ្នកកាប់ឈើ តែសំណូមពរឲ្យចាប់ខ្លួន ហើយដាក់ទោសពួកគាត់វិញ។
ក្រុមមន្ត្រីថៃបានអះអាងដដែលៗថា តាមពិតទាហានរបស់ខ្លួនគ្រាន់តែចាប់ខ្លួន ហើយដាក់ទោសជនជាតិខ្មែរ ដែលភាគច្រើនជាអ្នកកាប់ឈើខុសច្បាប់ប៉ុណ្ណោះ ហើយក្នុងករណីខ្លះគេបាញ់ ដើម្បីការពារខ្លួនតែប៉ុណ្ណោះ។
លោក កុយ គួង បានរិះគន់ការអះអាងបែបនេះ។ លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនយល់ ប៉ុន្តែប្រហែលគ្រាន់តែជាការដោះសា [របស់ទាហានថៃ] ដើម្បីបាញ់ជនកម្ពុជាតែប៉ុណ្ណោះ”៕
ប្រែសម្រួលដោយ សោម សារុន