បចម្លាក់នាគធ្វើពីដែក និងប្ញស្សីត្រូវបានស្ថាបនាឡើងនៅចំពីមុខរមណីយដ្ឋានវត្តភ្នំមុនថ្ងៃចូលឆ្នាំខ្មែរដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំរោង នេះបើយោងតាមសាលារាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណឹងតាមគេហទំព័ររបស់សាលារាជធានី រូបចម្លាក់នេះមានបណ្ដោយប្រហែល២០ម៉ែត្រនិងប្រើពេល៧៥ថ្ងៃដើម្បីគូរប្លង់ និងស្ថាបនាដំឡើង។
សេចក្តីជូនដំណឹងនេះមានខ្លឹមសារថា “ ការតាំងរូបនាគនេះគឺចង់បង្ហាញពីស្នាដៃពិតៗរបស់វិចិត្រករខ្មែរនិងភាពបុិនប្រសបក្នុងការគូសវាសរៀបចំតាំងពីគ្រោងឆ្អឹង និងសម្បកខាងក្រៅនិងការតុបតែងឲ្យមើលទៅគួរជាទីទាក់ទាញដើម្បីស្វាគមន៍ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលនឹងធ្វើដំណើរកម្សាន្ដក្នុងរាជធានីភ្នំពេញ”។
សេចក្តីជូនដំណឹងនេះមានខ្លឹមសារបន្តថា រូបនាគនេះក៏ត្រូវបានស្ថាបនាឡើង ដើម្បីអបអរប្រទេសកម្ពុជាដែលមានកិត្តិយសបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានផងដែរ។
លោក សុខ សម្បត្តិ អភិបាលខណ្ឌដូនពេញបានមានប្រសាសាន៍ថា “ វាមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការប្រារព្ធពីធីបុណ្យចូលឆ្នាំថ្មីនិងសម្រាប់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានកើតក្នុងឆ្នាំរោង”។
យោងតាមលោក ធន ធនាក់គា វិចិត្រករកម្ពុជាអាយុ៣១ឆ្នាំដែលបានគូរប្លង់ និងស្ថាបនារូបនាគនេះបានឲ្យដឹងថា សាលារាជធានីបានចំណាយប្រាក់ចំនួន៩.០០០ដុល្លារដើម្បីស្ថាបនាវាឡើង។
លោកបានថ្លែងពេលកំពុងដំឡើងក្បាលនាគបង្ហើយខណៈដែលអ្នកដំណើរកំពុងសម្លឹងមើលយ៉ាងជក់ចិត្តកាលពីថ្ងៃពុធថា “ នេះជាលើកដំបូងហើយដែលខ្ញុំបានស្ថាបនារូបនាគបែបនេះ។ លោកបានបន្ថែមទៀតថា “ សម្រាប់ឆ្នាំ២០១២នេះ សាលារាជធានីភ្នំពេញចង់រៀបចំឲ្យមានលក្ខណៈពិសេសខុសប្លែកពីឆ្នាំមុនៗ ដើម្បីអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មី។ក្រុមអ្នកទេសចរបានប្រមូលផ្ដុំគា្នជុំវិញរូបនាគនេះខណៈដែលក្រុមជាងបង្ហើយក្បាលនាគ។
កន្លងមក វត្តភ្នំគឺជាកន្លែងសម្រាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយនៅថ្ងៃនេះ លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើជាអធិបតីក្នុងពិធីមួយនៅទីនេះ ដោយនឹងមានការប្រគំតន្ត្រីដែលមានការចូលរួមពីសំណាក់តារាល្បីៗក្នុងរាត្រីនេះផងដែរ។លោក ធនាក់គា បានឲ្យដឹងថា រូបនាគនេះនឹងបន្តតាំងបង្ហាញនៅវត្តភ្នំយ៉ាងហោចណាស់ក៏២ខែដែរក្រោយពេលឆ្នាំថ្មីកន្លងផុតទៅ៕
ប្រែសម្រួលដោយ ហម សុផាណ្ណា