មន្ត្រីក្រសួងការងារបាននិយាយថាកាលពីថ្ងៃទី១០ខែមេសា អ្នកតំណាងមកពីក្រុមហ៊ុនណៃគី (Nike) ជាយីហោសម្លៀកបំពាក់កីឡាដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក បានចុះទៅត្រួតពិនិត្យមើលស្ថានភាពនៅរោងចក្រផ្គត់ផ្គង់របស់ខ្លួនក្នុងខេត្តកំពង់ស្ពឺ ដើម្បីស៊ើបអង្កេតរកមូលហេតុនាំឲ្យកម្មករកម្មការិនីយ៉ាងច្រើនដួលសន្លប់កាលពីសប្តាហ៍មុន។
លោកប៉ុកវណ្ណថាត អនុប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារបានមានប្រសាសន៍ថា អ្នកតំណាងក្រុមហ៊ុនណៃគីបានចុះទៅពិនិត្យមើលស្ថានភាពរោងចក្រកាត់ដេរសម្លៀកបំពាក់សាព្រីណា (Sabrina)ក្នុងស្រុក សំរោងទងខេត្តកំពង់ស្ពឺ ដើម្បី ពិភាក្សារកមូលហេតុនាំឲ្យមានករណីកម្មករ កម្មការិនីដួលសន្លប់យ៉ាងច្រើនចំនួនពីរផ្សេងគ្នា ដែលបានកើតឡើងកាលពីសប្តាហ៍មុន។
លោកប៉ុកវណ្ណថាត បានមានប្រសាសន៍ថា“ពួកគេបានចុះទៅពិនិត្យមើលស្ថានភាពក្នុងរោងចក្រនោះរួចរាល់ហើយ។ខាងភាគីក្រុមហ៊ុនណៃគី ចង់ឲ្យកម្មករកម្មការិនីមានសុខភាពល្អ”។
កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១២ កម្មការិនីជាង១០០នាក់បានដួលសន្លប់ ជាឧបទ្ទវហេតុមួយ ដែលលោក ប៉ុកវណ្ណថាត បានធ្វើការសន្និដ្ឋានថាបណ្តាលមកពីក្លិនចេញពីជ័រកាវដែលម្ចាស់រោងចក្រប្រើប្រាស់នេះ។ទោះជាយ៉ាងណាបន្ទាប់ពីការកែលម្អរួច ហើយការងារបានបន្តវិញ កាលពីថ្ងៃទី៦ ខែមេសានោះ កម្មករ កម្មការិនីចំនួន៣០០នាក់ក៏បានដួលសន្លប់ម្តងទៀត។
លោក ប៉ុកវណ្ណថាត បានមានប្រសាសន៍ថាអ្នកតំណាងក្រុមហ៊ុនណៃគី បានជំរុញឲ្យរោងចក្រនេះអនុវត្តតាមសេចក្តីប្រកាសមួយចេញដោយក្រសួងការងារ ដែលចែងថាម្ចាស់រោងចក្រត្រូវតែធ្វើឲ្យប្រាកដថា កម្មករ កម្មការិនីត្រូវបានបណ្តុះបណ្តាលត្រឹមត្រូវ មុនពេលប៉ះពាល់សារធាតុគីមី ហើយក៏បាននិយាយការពារខ្លួនផងដែរ។
លោកបានមានប្រសាសន៍ថា“ម្ចាស់រោងចក្រចាំបាច់ត្រូវបណ្តុះបណ្តាលកម្មករ កម្មការិនីឲ្យយល់ដឹងពីផលប៉ះពាល់នៃសារធាតុគីមីទាំងនោះដោយប្រើអក្សរខ្មែរដើម្បីសរសេរទប់ស្កាត់កុំឲ្យមានករណីដួលសន្លប់ កើតឡើងទៀត”។
លោកជីសុកឡា លេខាសហជីពសេរីកម្មករប្រចាំនៅរោងចក្រនេះ បាននិយាយថារោងចក្រនេះបានសម្អាតក្លិនកាវនោះរួចហើយ ហើយកម្មករ កម្មការិនីទាំងអស់បានវិលត្រឡប់ទៅធ្វើការវិញកាលពីថ្ងៃ១០ ខែមេសា។
លោក ម៉េងហុងសមាជិកមួយរូបនៃគណ:កម្មាធិការសុវត្ថិភាពនៅកន្លែងការងារ នៃក្រសួងការងារ ដែលទទួលបន្ទុកលើមនុស្សដួលសន្លប់នោះ បានមានប្រសាសន៍ថាចំនួនអ្នករងផលប៉ះពាល់ដោយការដួលសន្លប់ទ្រង់ទ្រាយធំតាមរោងចក្រនានាក្នុងប្រទេសកម្ពុជា គ្រាន់តែនៅក្នុងរយ:ពេលបួនខែដំបូងនៃឆ្នាំនេះ កំពុងតែរំកិលយ៉ាងលឿនឈានទៅរកការស្មើគ្នានឹងចំនួនដួលសន្លប់សរុបពេញមួយឆ្នាំ២០១១។
លោក ម៉េង ហុងបានមានប្រសាសន៍ថា“នៅក្នុងឆ្នាំ២០១២នេះ មានការដួលសន្លប់នៅតាមរោងចក្រចំនួនប្រាំពីរកន្លែង តាំងពីខែមករារហូតមកទល់ពេលនេះ។កម្មករ កម្មការិនីចំនួន១.២០០នាក់បានដួលសន្លប់។
ក្នុងឆ្នាំ២០១១នេះ មាននៅក្នុងរោងចក្រចំនួន១២និង កម្មករ កម្មការិនីចំនួន២.២០០នាក់បានដួលសន្លប់។ប្រសិនបើសម្លឹងមើលតួលេខនៅឆ្នាំនេះ មានកម្មករ កម្មការិនីដួលសន្លប់ច្រើនជាង”៕
ប្រែសម្រួលដោយតែមសុខុម