28 C
Phnom Penh

សាក្សី​​​​ សូត តឿង និយាយ​ព្រលយពាក្យ​​សំដៅ​ដល់​បុគ្គលិក​លក្ខណ:របស់​បងធំទីពីរ​ នួន ជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​ពេល​ខ្លះ​ហាក់​​ដូច​ជា​​ភាន់​ច្រឡំ​ និង​បញ្ជាក់​​ម្តង​ហើយ​ម្តង​ទៀត​ថា​ ​​ខ្លួន​មិន​ដឹង​នោះអតីត​កង​ការពារ​ម្នាក់​របស់​ នួន​ ជា ​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា ​ជន​ជាប់​​ចោទ​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទូទាំង​ប្រទេស​​ ដើម្បី​​​ធ្វើ​ការ​​ណែ​នាំ​​នៅ​តាម​​កន្លែង​ធ្វើ​ការ​ និង​សហ​ករណ៍​​នានា​របស់​ខ្មែរ​ក្រ​​ហម​។

លោកសូតតឿង ​​បា​ន​ប្រាប់​សា​លា​ក្តី​ខ្មែរ​ក្រ​ហម​ថា “ ជន​ជាប់​ចោទ​បាន​ចុះ​ទៅ​ការដ្ឋាន​​​សង់​ទំនប់​ជា​ច្រើន​កន្លែង ប៉ុន្តែ​ខ្ញុំ​មិន​បាន​អម​ដំណើរ​គាត់​គ្រប់​ពេល​​គាត់​ចុះ​ទៅ​​កន្លែង​ទាំង​នោះទេ។ ពេល​ខ្លះ​គាត់​បាន​ហៅ​​ប្រធាន​សហ​ករណ៍​ [មក​ទូន្មាន​​] ហើយ​មាន​ពេល​ខ្លះ​ គាត់​បាន​ថ្លែង​ទៅ​កាន់​មហាជន​”។

សូតតឿង ​​ក៏​បាន​​លើក​ឡើង​ជា​ថ្មី​ទៀត​​ពី​គោល​ជំហរ​របស់​សាក្សី​មួយ​ចំនួន​ថា “ ពាក្យ​​អង្គ​ការអាច​​សំដៅ​ដល់ប៉ុលពត ​ឬនួន​ ជា ​គឺ​មិន​មែន​សំដៅ​ដល់​មេ​ដឹកនាំ​​ជាន់​ខ្ពស់​ផ្សេងៗ​ ​ទៀត​នោះ​ឡើយ”។

ប៉ុន្តែអ្វី​ដែល​​សក្ខី​កម្ម​របស់លោក សូតតឿង បាន​លាត​ត្រ​ដាងថា ​​ប្រ​ហែល​ជា​មាន​​​លើសពី​​ការ​បិទ​មាត់​មិន​ហ៊ាន​និយាយរបស់​​មេ​ដឹក​នាំ​​ក្នុង​​​របប​នេះ​ និង​គោល​នយោ​បាយ​លាក់បាំងរបស់​កម្មាភិបាល​​ខ្លួន។

ខណ:ពេល​ដែល​មេធាវី​​​​តំណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​បាន​ព្យាយាម​ស្វែង​យល់​ពី​ស្ថាន​ភាព​របស់​កម្មករ​​នៅ​ការដ្ឋាន​ទំនប់​​១​មករា​មានឈ្មោះ​មិន​ល្អ​ ក្នុង​ខេត្ត​កំពង់​ធំ​ ដែល​នៅ​ទី​នោះ​ប្រ​ជា​ជន​ជា​ច្រើន​ពាន់​នាក់​បាន​​ស្លាប់​ដោយ​សារ​​ការ​ស្រេក​ឃ្លាន និង​ការ​ធ្វើ​ការ​ហួស​កម្លាំង​នោះ ​​លោកសូតតឿង ​បាន​អះអាង​ថាខ្លួន​មិន​​បាន​ដឹង​ទេ។

ពេល​​ស្នើ​​សុំ​ឲ្យ​គាត់​រៀប​រាប់​ពី​ស្ថាន​ភាព​សុខ​ភាព​របស់​​ប្រ​ជា​ជន ដែល​ត្រូវ​បាន​ប្រើ​ជា​ទាសករ​នៅ​​ឯ​ការដ្ឋាន​នោះ បុរស​រូប​នេះ​បា​ន​​និយាយថា “ ខ្ញុំ​មិន​​បាន​ដឹង​ទេ ​ប៉ុន្តែ​ពួកគេ​ធ្វើ​​ការ​តាម​ធម្មតា​ ហើយខ្ញុំ​មិន​ដឹង​ថាត្រូវ​វិភាគ​ស្ថាន​ភាព​នោះ​​​ដោយ​របៀប​ណា​ឡើយ​។ ​ក្នុង​​​សម័យ​នោះ ខ្ញុំ​ដឹង​មិន​ច្រើន​ទេ ​ព្រោះ​វា​មិន​មែន​ជា​​កិច្ច​ការ​របស់​ខ្ញុំ​​”។

ពេល​សួរ​ថា​ តើ​ នួន ជា គ្រប់​គ្រង​បក្ស​កុម្មុយនីស្ត​ដោយ​របៀប​ណា​នោះ ​លោកសូតតឿង ​បាន​ឆ្លើយថា “ យើង​ត្រូវ​គោរព​វិន័យ​របស់​អង្គ​ការ។យើង​ដឹង​តែ​អ្វី​ដែល​​ត្រូវ​ដឹង​​ប៉ុណ្ណោះ។ គឺ​មាន​តែ​ប៉ុណ្ណឹង​ឯង”។

ការ​ឆ្លើយ​តប​ដោយ​ខ្លី និង​​សាមញ្ញ​​នេះ​​​ផ្ទុយ​​គ្នា​ពី​ចម្លើយ​របស់​​សាក្សី​ចុង​ក្រោយគឺ​​ កាំង ហ្កេកអ៊ាវ ហៅ ​ឌុច ​ដែល​បាន​​ធ្វើ​ឲ្យ​មេធាវី​របស់​ជន​ជាប់​ចោទ​ខឹង​​ ចំពោះ​ការ​វិភាគ​វែងអន្លាយ​របស់​គាត់​ផ្អែក​តាមការ​ស្រាវ​ជ្រាវ​​ផ្ទាល់​ខ្លួន។ ខុសពីឌុច ​ដែល​បាន​ចាត់​ទុក​ខ្លួនឯង​ថា ជា​​កម្មាភិបាល​ម្នាក់​ ដែល​ចង់​​​រៀប​រាប់​លម្អិតពី​ការ​​យល់​ដឹង​របស់​ខ្លួន​នោះ ​សូត តឿង បាន​សង្កត់​ធ្ងន់​​ពី​ការ​យល់​ដឹង​​មាន​​កម្រិតរបស់​គាត់។

ពេល​​ស្នើ​សុំ​ឲ្យ​គាត់​រៀប​រាប់​អំពី​ការ​ជម្លៀស​ប្រ​ជា​ជន​យ៉ាង​ច្រើន​ ពេល​ដែល​គាត់​បា​ន​ចូល​ដល់​ក្រុង​ភ្នំពេញ​ ​នាថ្ងៃ​ទី​១៧​មេសា​ឆ្នាំ​១៩៧៥​នោះ ​គាត់​បាន​និយាយ​ថា “ ខ្ញុំ​មិន​មែន​ជា​​អ្នក​កាសែត​ទេ ​ហើយ​ខ្ញុំ​ក៏​មិន​មែន​ជា​​អ្នក​ប្រ​វត្តិ​សាស្ត្រ​ដែរ ​ដូច្នេះ​ខ្ញុំ​​មិន​អាច​កត់​ត្រា​ទុក​គ្រប់​រឿង​នោះ​​ឡើយ។ខ្ញុំ​គិត​តែ​កិច្ច​ការ​​របស់​​​ខ្ញុំ​ប៉ុណ្ណោះ។​ប្រ​សិន​បើ​លោក​​បន្ត​​សាកសួរ​ខ្ញុំ​​អំពី​រឿង​រ៉ាវ​លម្អិតតូចៗ​​តទៅ​ទៀត​នោះខ្ញុំ​ប្រ​ហែល​ជា​មិន​អា​ច​ផ្តល់​ចម្លើយ​ជាក់​លាក់​បាន​ទេ ហើយ​វា​ប្រ​ហែល​ជា​​ឈាន​ទៅ​រក​ការ​ប៉ាន់​ស្មានទៀត​ផង”។

បញ្ហា​​អំពី​ភាព​ស្រប​គ្នា បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សវនាការ​កាល​ពី​ម្សិលមិញ។ មេធាវី​មក​ពី​ភាគី​ទាំង​បី​ ត្រូវ​អាន​​សក្ខី​កម្ម​របស់លោក​ សូត តឿង ខ្លាំងៗ​ឲ្យ​​​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ស្តាប់​យ៉ាង​ហោច​ណាស់​ក៏​​​១២ដង​​ដែរ ​​ហើយ​សក្ខីកម្ម​នេះ​​ផ្ទុយ​គ្នា​ពី​ចម្លើយ​នាពេល​ថ្មីៗ​របស់​សាក្សី​រូប​នេះ។ ​ជា​រឿយៗ ​លោក សូត តឿង ​​​បាន​ប្រាប់​​ថា គាត់​មាន​បញ្ហា​​ក្នុង​ការ​ចង​ចាំ៕

​ប្រែ​សម្រួល​ដោយ តែមសុខុម​​​​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស