29 C
Phnom Penh

ទិន្នផល​គ្រាប់​ស្វាយ​ចន្ទី​ត្រូវ​បាន​រំពឹង​ថា នឹង​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​នេះ បើប្រៀបធៀបទៅ​នឹង​ឆ្នាំ​មុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

 

ក្រុម​មន្ត្រី និង​កសិករ​ដាំ​ស្វាយ​ចន្ទី​បាន​និយាយ​ថា ​ខណៈ​ដែល​រដូវ​ប្រមូល​ផល​គ្រាប់​ស្វាយ​ចន្ទី​ក្នុង​ឆ្នាំ​នេះ​កាន់​តែ​ខិតទៅរក​ការបញ្ចប់នោះ​ ទិន្នផល​គ្រាប់​ស្វាយ​ចន្ទី​នៅ​ក្នុង​ខេត្ត​ដែល​ដាំ​ស្វាយ​ចន្ទី​ដ៏​ធំ​ជាង​គេ​ចំនួន​ពីរ​​បាន​ធ្លាក់​ចុះ  នេះ​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​តួលេខ​ទិន្នផល​ឆ្នាំ​មុន ចំណែក​ឯ​ក្រុម​ឈ្មួញ​វិញ​បាន​និយាយ​ថា គ្រាប់​ស្វាយ​ចន្ទី​ក៏​កំពុង​តែ​​ធ្លាក់​ថ្លៃ​​ចាប់​តាំង​ពី​ឆ្នាំ​មុន​មក​​ដែរ​។​

លោកអ៊ូតាំងហ៊ីមន្ត្រី​ផ្នែក​ក្សេត្រសាស្ត្រ​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់​ចាម​ បាន​និយាយ​ថាការ​ប្រមូល​ផល​នៅ​ខេត្ត​កំពង់​ចាម​ក្នុង​ឆ្នាំ​នេះ​ ដែល​ជិត​នឹង​ផុត​​ហើយ​នោះ ត្រូវ​គេ​រំពឹង​ថានឹង​មាន​ទិន្នផល​២០​ភាគរយ​តិច​ជាង​ការ​ប្រមូល​ផល​កាល​ពី​ឆ្នាំ​២០១១។

ដោយ​ផ្អែក​លើ​ទិន្នផល​មក​ទល់​នឹង​ពេល​នេះគាត់​បាន​និយាយ​ថាផ្ទៃ​ដី​ស្វាយ​ចន្ទី​នៅ​ក្នុង​ខេត្ត​ទំហំ​២១.៨៩៣​ហិកតា​​ នឹង​ឲ្យ​ផល​គ្រាប់​ស្វាយ​ចន្ទី​ចំនួន​​២៣.១៩២​​​តោន​ ចំណែក​ឯ​ទិន្នផល​កាល​ពី​ឆ្នាំ​មុន​វិញ​មាន​ចំនួន​២៨.៩៩០​តោនឯណោះ។​

“បរិមាណ​ធ្លាក់​ចុះ​នេះ ​គឺ​ដោយ​សារ​តែនៅ​ពេល​ដើម​ស្វាយ​ចន្ទី​ចាប់​ផ្តើម​ចេញ​ផ្កានៅ​​ចន្លោះ​ពី​ខែ​វិច្ឆិកាដល់​ខែ​ធ្នូ​នោះបែរ​ជា​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ជោក​ជាំ​ ហើយ​​បំផ្លាញ​ផ្កា​​ស្វាយចន្ទី​អស់​ទៅ​វិញ។​ ក្រោយ​មក ​នៅ​ចន្លោះ​ពី​ខែ​មករា ដល់​ខែ​កុម្ភៈ​ គឺ​ជា​ខែ​​ប្រាំង​ និង​មាន​អាកាស​ធាតុ​ក្តៅ​ហែង ​ក៏​បាន​បំផ្លាញ​ដំណាំ​នេះ​ដែរ”។​

លោក​ តាំង ហេងហួ វ័យ​៥០​ឆ្នាំ កសិករ​ដាំ​ស្វាយ​ចន្ទី​នៅ​ខេត្ត​កំពង់​ចាម បាន​និយាយ​ថា ដី​ចម្ការ​ទំហំ​ប្រាំ​ហិកតា​របស់​គាត់​ឲ្យ​ផល​គ្រាប់​ស្វាយ​ចន្ទី​តែ​ប្រាំ​តោន​ប៉ុណ្ណោះ​​ក្នុង​ឆ្នាំ​នេះ​ ចំណែក​ឯ​ឆ្នាំ​មុន​វិញ​គឺ​បាន​ប្រាំពីរតោន។ ​​

គាត់​បាន​និយាយ​​បន្ថែម​ថា “ឆ្នាំ​មុន​ យើងអាច​ប្រមូល​ផល​រហូត​ដល់​ចុង​ខែ​ឧសភាប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ យើង​ស្ទើ​រតែ​បង្ហើយ​ការ​ប្រមូលផល​នៅ​ក្នុង​ខែ​មេសា​ទៅ​វិញ”។​                 យោង​តាម​លោកសយសូណាប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរីបាន​ឲ្យ​ដឹង​ថានៅ​ក្នុង​ខេត្ត​រតនគិរី​វិញ  ដែល​ផ្ទៃ​ដី​ទំហំ១៥.០០០​​

ហិកតា​ នៅ​ក្នុង​ខេត្ត​នេះ​ជា​ដី​ចម្ការ​ស្វាយចន្ទី ក៏​ត្រូវ​គេ​រំពឹង​ដែរ​ថា នឹង​មាន​ទិន្នផល​គ្រាប់​ស្វាយ​ចន្ទី​ទាប​​ដែរ។

លោក​បាន​ថ្លែងថា ការ​ប្រមូល​ផល​នៅក្នុង​ខេត្ត​ នឹង​ទទួល​បាន​ទិន្នផល​តែ​៦.២៥០​តោន​ប៉ុណ្ណោះ ចំណែក​ឯ​ឆ្នាំ​មុន​វិញ​បាន​ចំនួន៨.០០០​តោន។ លោក​ក៏​បាន​ចាត់ទុក​ការ​ធ្លាក់​ចុះ​នេះ​ថា  បណ្តាល​មក​ពី​ភ្លៀង​ខុស​រដូវ​​នោះ​ដែរ។​

ប៉ុន្តែ​ លោកអ៊ែនឌ្រូមិកណូតុន (Andrew McNaughton) ប្រធាន​សមាគម​កសិកម្មសរីរាង្គ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា វា​ឆាប់​ពេក​ហើយ​ ដែល​និយាយ​ថាតើ​ការ​ប្រមូល​ផល​គ្រាប់​ស្វាយ​ចន្ទី​នៅ​ទូទាំង​ប្រទេស ​នឹង​មាន​ទិន្នផល​ទាប​នៅ​ឆ្នាំ​នេះ ឬ​យ៉ាង​ណា​​នោះព្រោះ​ស្វាយ​ចន្ទីដែល​មាន​ប្រភេទ​ផ្កា​ខុស​ៗ​គ្នាក៏​ឲ្យ​ផល​នៅ​រដូវ​កាល​ខុសៗ​គ្នា​ដែរ។​

លោក​ ប៉េង ស្រូយ ​ឈ្មួញ​ទិញលក់​​​គ្រាប់​​ស្វាយ​ចន្ទី​នៅ​ក្នុង​ខេត្ត​កំពង់​​ចាម​ បាន​និយាយ​ថា តម្លៃ​គ្រាប់​ស្វាយ​ចន្ទី​  ដែលបណ្តា​ឈ្មួញ

វៀតណាម ឲ្យ​គាត់​នោះ​ គឺ​ធ្លាក់​ចុះ​ពី​៧.៣០០​រៀល​​ ឬ​ប្រហែល​១,៨០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាមមក​ត្រឹម​៤.៣០០​រៀល​ ឬ​១,០៦​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។​ លោកណុចចំរើនឈ្មួញទិញ-លក់​គ្រាប់​ស្វាយ​ចន្ទី​នៅ​ខេត្ត​រតនគិរី បាន​និយាយ​ថា តម្លៃ​ដែល​គាត់​ទទួល​បាន​ពី​គ្រាប់​ស្វាយ​ចន្ទី​បាន​ធ្លាក់​ចុះ​ពី​៦.២០០​រៀល ឬ​១,៥៣ដុល្លារមក​ត្រឹម​ ៣.៩០០​រៀលឬ​០,៩៦​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​តាំង​ពី​ឆ្នាំ​មុន​មក​ម៉្លេះ។​

លោក អ៊ែនឌ្រូ មិកណូតុន បានថ្លែង​ថាការ​ធ្លាក់​ចុះ​នៃ​តម្លៃ​គ្រាប់​ស្វាយ​ចន្ទី​នេះ ​គឺ​គ្រាន់​តែ​ជាការ​ប្រែ​ប្រួលតូច​មួយ​ប៉ុណ្ណោះ ក្រោយពី​តម្លៃ​គ្រាប់​ស្វាយ​ចន្ទី​ក្នុងពិភពលោក​ បាន​​កើន​ឡើង​យ៉ាង​ខ្លាំង​កាល​ពី​ឆ្នាំ​មុន៕

ប្រែ​សម្រួល​ដោយ ឌឿង​ សាវតា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស