27.5 C
Phnom Penh

មនុស្ស​រាប់​រយ​នាក់​​កាន់ទុក្ខ​សព​លោក ឈុត វុទ្ធី នៅ​ពេល​​ នគរ​បាល​បន្ត​ការ​ស៊ើប​អង្កេត​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ព្រឹក​ម្សិល​មិញ​ មនុស្ស​រាប់​រយ​នាក់បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខេត្តកណ្ដាលដើម្បីចូល​រួម​​ពិធី​បញ្ចុះសព​​លោក ឈុត​ វុទ្ធី​ សកម្មជន​ការ​ពារ​ព្រៃ​ឈើដែល​ត្រូវ​បាន​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​បាញ់​សម្លាប់​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ពេល​​ចុះ​ស៊ើប​អង្កេត​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​ភ្នំ​ក្រវាញ​ ក្នុង​ខេត្ត​កោះ​កុង​។

លោក ជួន​ ភិរម្យ ត្រូវ​ជាក្មួយ​របស់សពបាន​​មាន​ប្រសាសន៍​ថា “ មាន​មនុស្ស​ជាច្រើន​នាក់​បាន​ចូល​រួម​ដង្ហែ​សព​ពី​លំនៅ​ដ្ឋាន​របស់​ម្ដាយ​លោក​ឈុត វុទ្ធី​ ​ទៅ​កាន់​​កន្លែង​បញ្ចុះ​សព”។លោក​បាន​បន្ត​ថា​ លោក​មាន​ការ​សោកស្តាយ​ណាស់​​ពេល​ឃើញ​មាន​ការ​គាំទ្រច្រើន​ពីមិត្តភក្ដិ និង​អ្នក​រួម​ការ​ងារ​ ​របស់​ឪពុក​មា​លោក​។

បន្ទាប់​ពី​ការ​បាញ់​សម្លាប់​អស់​រយៈ​ពេល​ប្រាំ​ថ្ងៃ​មក​នេះ​ មាន​លេច​ឮ​​ព័ត៌មាន​តិច​តួច​ណាស់​​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​លោកឈុត​វុទ្ធី និង​លោក អិុន​ រតនា​ មន្ត្រី​កង​រាជ​អាវុធ​ហត្ថដែល​គេ​សង្ស័យ​ថា ​បានបាញ់​​សម្លាប់​លោកឈុតវុទ្ធីរួច​ហើយ​បាញ់​សម្លាប់​ខ្លួន​ឯង​ទៀត​នោះ​។

កង​រាជ​អាវុធហត្ថ​ខេត្ត​កោះកុង​ បាន​លើក​ឡើង​ថាលោកអិុនរតនាបានបាញ់​ខ្លួន​ឯង​ចំនួន​ពីរ​គ្រាប់ដោយ​​កាំ​ភ្លើងអាកា​ដែល​គាត់​​បាន​ប្រើ​​បាញ់​សម្លាប់​លោកឈុត វុទ្ធី។ការ​បក​ស្រាយបែប​​នេះ​ បាន​ធ្វើ​ឲ្យ​សាច់​ញាតិ​របស់​​អ្នក​ស្លាប់​ទាំង​ពីរ និង​អង្គការ​សិទ្ធិ​មនុស្ស​នានា​​មាន​ការ​សង្ស័យ​យ៉ាងខ្លាំង​​។

តំ​ណាង​អង្គការ​សិទ្ធិមនុស្ស ​អាដហុក​ អង្គការ​​លីកាដូ និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា​កាល​ពី​ម្សិល​មិញ​បាន​​លើកឡើង​ថាពួកគេ​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ហេតុ​ការណ៍បាញ់​សម្លាប់​នេះ​ដោយ​ខ្លួន​ឯ​ង​ ប៉ុន្តែ​មិនទាន់​ទទួល​បាន​លទ្ធផល​ទេ​​។

លោកនាងបូរ៉ាទីណូអ្នក​សម្រប​សម្រួល​​របស់​អង្គការ​អាដហុកប្រចាំ​ខេត្ត​កោះ​កុង​​បាន​មាន​ប្រសាសន៍ថា “ ​ករណី​​បាញ់​សម្លាប់​លោក ឈុត​ វុទ្ធី គឺពិត​ជាមាន​ជន​ទី​បី​ចូល​រួម​​ពាក់​ព័ន្ធ​នៅក្នុង​ការ​បាញ់​សម្លាប់​ជន​រង​គ្រោះ​ទាំង​ពីរ​នេះ​ ហើយ​ឥឡូវ​នេះ​ ខ្ញុំ​កំពុង​តែ​ផ្ដោត​ទៅ​លើ​បញ្ហា​នេះ”។

លោកខេងទីតូអ្នក​នាំ​ពាក្យកងរាជ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស​ បាន​លើក​ឡើង​ថាអាជ្ញា​ធរ​នៅ​មិនទាន់​អាចនិយាយ​​អំពីការ​បាញ់​សម្លាប់​នេះ​បាន​ទេ​ ដោយ​សារ​ “យើង​ត្រូវ​ការ​ពេល​វេលា​ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេតពី​ព្រោះរឿង​នេះ​គឺ​ជា​រឿង​រសើប​”។

លោកថុង​ ណា​រ៉ុងមេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្តកោះកុង បាន​មាន​ប្រសា​សន៍​ថា “ កង​កម្លាំង​របស់​យើង​​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ការបាញ់​សម្លាប់​នេះ​ ប៉ុន្ដែ​លទ្ធ​ផល​​នៅ​មិនទាន់​អាច​បង្ហាញ​នៅ​ឡើយ​ទេ​ ពី​ព្រោះ​ការ​ស៊ើប​អង្កេត​កំពុង​តែ​បន្ដ។ យើង​នឹង​បង្ហាញ​​ជា​សាធារណៈ​ នៅ​ពេល​​ការ​ស៊ើប​​អង្កេត​របស់​យើង​ចប់​រួច​រាល់​​​”។

បុគ្គលិក​អង្គការ​សិទ្ធ​ិមនុស្សបានលើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា ការភ័យ​ខ្លាច​របស់​ប្រជាជន​​ដែល​រស់​នៅ​កន្លែង​​លោក​ ឈុតវុទ្ធីត្រូវ​គេ​បាញ់​សម្លាប់​នោះ​ បាន​រារាំង​​ដល់​ការ​ស៊ើប​អង្កេតនេះ​។ និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​​ដោយ​សារ​​ខ្លាច​មានការ​​ធ្វើ​ទុក្ខបុកម្នេញ​ អ្នកភូមិ​ពីរ​​នាក់​ពី​តំបន់​វាល​បី​ ស្រុក​មណ្ឌល​​សីមា​ កន្លែង​​កើត​ហេតុ​​បាញ់​សម្លាប់នេះ ​បាន​លើ​កឡើង​ថា​ ពួក​គាត់​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​កង​កម្លាំង​សន្ដិ​សុខ​ដែល​ឈរ​ជើង​ក្នុង​តំបន់​នោះ​។

អ្នក​​ភូមិ​ម្នាក់​បាន​និយាយ​ថា “ ​អ្នកភូមិ​របស់​យើង​បារម្ភ​ពី​​សុវត្ថិភាព​របស់​ខ្លួន​ ហើយ​មិន​ហ៊ាន​និយាយ​ច្រើន​អំពី​ការ​បាញ់​សម្លាប់​នេះ​ទេ​”។ អ្នក​ភូមិ​រូប​នេះ​បាន​បន្ដ​ថា កងរាជ​អាវុធ​ហត្ថ​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​មួយដែល​គាត់​មិនបញ្ចេញ​ឈ្មោះ​ ​ហៅ​ឲ្យ​ទៅ​​កន្លែងនោះបន្ទាប់​ពី​លោកឈុតវុទ្ធីនិងអ្នក​យក​ព័ត៌មាន​ពីររូប​របស់​កាសែត ​ខេមបូឌា ដេលីបាន​ទៅ​ដល់​តំបន់​នោះ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​។

លោក ចាន់ សុវ៉េត​ អនុប្រធាន​កម្មវិធី​សិទ្ធិមនុស្ស​នៃ​អង្គការអាដហុក​​បាន​មាន​ប្រសា​សន៍ថា​ លោក​ដឹងថា មាន​ក្រុមហ៊ុន​មួយ​កំពុង​តែធ្វើ​​ប្រតិបត្តិការ​នៅ​កន្លែង​នោះ​ ហើយ​បាន​ជួល​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋ​​ឲ្យ​ជួយ​ការ​ពារ​។

លោក សុវ៉េត បានសួរ​ថា “ ​ពួក​គេ​ទាំង​នេះ​គឺ​ជា​មន្ត្រី​រាជ​ការធ្វើការ​ដើម្បី​​​ការ​ពារ​ដីរដ្ឋ​។ ​ហេតុ​អ្វីបានជាពួក​គេ​ការ​ពារ​ក្រុមហ៊ុន​ឯកជន​ ហើយ​បង្កជម្លោះ​ជា​មួយ​នឹង​អ្នក​ការ​ពារ​ព្រៃ​ឈើ​ទៅ​វិញ​”។ លោក បាន​បន្ដ​ថាអង្គការ​​សិទ្ធិ​មនុស្សកំពុង​តែ​ជំរុញ​ឲ្យមានការ​ស៊ើប​អង្កេតពីថ្នាក់​លើ​​ បន្ទាប់​ពី​មើ​ល​ឃើញ​​មាន​ចំណុច​ខ្វះខាត​ជា​ច្រើន​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ដំបូង​របស់​អាជ្ញា​ធរ​ខេត្ត​កោះកុង​។

អ្នក​យក​ព័ត៌មាន​​ពីរ​រូប ​របស់​កាសែត​ខេមបូឌា ដេលី​ មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ប៉ុន្ដែ​មិន​បាន​ឃើញ​នរណា​ជាអ្នក​បាញ់​សម្លាប់​លោកឈុតវុទ្ធីនោះ​ទេ៕

ប្រែ​សម្រួលដោយ ស៊ាស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស