លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ កាលពីម្សិលមិញថា កម្ពុជាត្រៀមចេញការចំណាយទំាងមូលទៅលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងខែមិថុនា និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំក្រោយ ដែលត្រូវបានប៉ាន់ប្រមាណក្នុងការចំណាយរវាងទឹកប្រាក់៣៦ទៅ៣៨លានដុល្លារ ក៏ប៉ុន្ដែថា លោករីករាយទទួលជំនួយ។
លោក ហ៊ុន សែន បានមានប្រសាសន៍ក្នុងសុន្ទរកថាមួយនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសរំឭកទិវាពលកម្មអន្ដរជាតិថា “ រដ្ឋាភិបាលនឹងរៀបចំការបោះឆ្នោត ហើយនឹងមិនពឹងផ្អែក ថាតើមានជំនួយសម្រាប់ការចំណាយទៅលើការបោះឆ្នោត ឬអត់នោះទេ”។
លោកបានមានប្រសាសន៍ថា “ វានឹងជាការប្រសើរ ប្រសិនបើយើងអាចមាននរណាម្នាក់ផ្ដល់ជំនួយឲ្យយើង។ ប្រសិនបើគ្មានទេ យើងនឹងចំណាយក៏បាន”។ មកទល់ពេលនេះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកមិនទាន់និយាយជាមួយក្រុមអ្នកផ្ដល់ជំនួយបរទេសក្នុងការស្វែងរកជំនួយសម្រាប់ការចំណាយទៅលើការបោះឆ្នោតនៅឡើយទេ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ វប្បធម៌នៃការពឹងផ្អែកទៅលើអ្នកដទៃគួរតែកាត់បន្ថយ ដើម្បីពង្រឹងខ្លួនឯងក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យឲ្យបានទៀងទាត់ក្នុងប្រទេសកម្ពុជា”។ លោកបានបន្ថែមថា ការចំណាយទៅលើការបោះឆ្នោត គ្រោងនឹងចំណាយពី១៨ទៅ១៩លានដុល្លារ សម្រាប់ទាំងការបោះឆ្នោតឃុំ-សង្កាត់នៅពេលខាងមុខ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៣។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ ទឹកប្រាក់នេះ យើងអាចរកបាន។ គ្មានបញ្ហាទេ។ ប៉ុន្ដែ ប្រសិនបើជាមិត្តយើងឲ្យ យើងនឹងអរគុណ”។
កាលពីពេលកន្លងទៅ ការចំណាយទៅលើការបោះឆ្នោតភាគច្រើននៅកម្ពុជាបានទទួលការឧបត្ថម្ភពីជំនួយបរទេស។ ការបោះឆ្នោតឆ្នាំ១៩៩៣ ត្រូវបានផ្ដល់មូលនិធិទាំងស្រុងដោយអង្គការសហប្រជាជាតិ តាមរយៈអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិសម្រាប់កម្ពុជា រីឯការបោះឆ្នោតផ្សេងទៀត ត្រូវបានផ្ដល់មូលនិធិដោយប្រទេសជប៉ុន សហគមន៍អឺរ៉ុប និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា ត្រឹមឆ្នាំ២០០៣ រដ្ឋាភិបាលកម្ពុជាបានជួយចំណាយទៅលើការបោះឆ្នោត៤០ភាគរយ ហើយប្រាំឆ្នាំក្រោយមក អំឡុងការបោះឆ្នោតឆ្នាំ២០០៨ រដ្ឋាភិបាលបានចំណាយរហូតដល់៦០ភាគរយ។ លោក ហ៊ុន សែន បន្ថែមថា “ ពេលនេះយើងមានប្រាក់ខ្លះ។ យើងនឹងមិនផ្អាកការបោះឆ្នោតទេ ប្រសិនបើគ្មានជំនួយនោះ។ខ្ញុំបានចុះហត្ថលេខាឲ្យផ្ទេរប្រាក់រួចហើយ”។
លោក ហ៊ុន សែន ក៏បានប្រកាស កាលពីម្សិលមិញថា ការបង្ហាញមុខជាសាធារណៈចុងក្រោយរបស់លោក នឹងចប់ត្រឹមថ្ងៃទី១៤ ខែឧសភា ដើម្បីចាប់ផ្ដើមយុទ្ធនាការបោះឆ្នោតឃុំ-សង្កាត់ ក៏ប៉ុន្ដែបន្ទាប់នោះ លោកនឹងនៅស្ងៀមទៀត នៅពេលជិតដល់ថ្ងៃបោះឆ្នោតថ្ងៃទី៣ ខែមិថុនា។ កន្លងមក លោក ហ៊ុន សែន បានប្ដេជ្ញានៅស្ងៀមជាច្រើនសប្ដាហ៍មុនថ្ងៃបោះឆ្នោត ដើម្បីបង្ហាញអំពីការមិនជ្រៀតជ្រែករបស់លោកក្នុងការបោះឆ្នោត។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ ពេលនេះជិតដល់ពេលធ្វើយុទ្ធនាការបោះឆ្នោតហើយ ក៏ប៉ុន្ដែមានអ្នកខ្លះចាប់ផ្ដើមធ្វើយុទ្ធនាការខ្លះហើយ ដើម្បីរិះគន់រដ្ឋាភិបាល។ ល្អហើយ ពីព្រោះវាជាប្រទេសមួយមានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស”។ លោក ហ៊ុន សែន ក៏បានអំពាវនាវផង
ដែរឲ្យមានបរិយាកាសអព្យាក្រឹត អំឡុងការបោះឆ្នោត ដើម្បីធានាថា ការបោះឆ្នោតមានលក្ខណៈសេរី និងយុត្តិធម៌។ លោកបានថ្លែងថា “ ខ្ញុំសូមអំពាវនាវឲ្យរាល់គណបក្សនយោបាយទទួលយកលទ្ធផលការបោះឆ្នោត”។ លោកបន្ថែមថា បណ្ដាគណបក្សនយោបាយបានអះអាងថា “ ខ្លួនខ្លាំង ដូច្នេះត្រូវតែទទួលស្គាល់លទ្ធផល នៅពេលពួកគេហ៊ានទៅបោះឆ្នោត។កុំស្ដីបន្ទោសអំពីអ្វីមួយនៅពេលខ្លួនចាញ់នោះ”។ លោក ហង្ស ពុទ្ធា ប្រធានគណៈកម្មាធិការអព្យាក្រឹត និងមិនលម្អៀងសម្រាប់ការបោះឆ្នោតសេរីនៅក្នុងប្រទេសកម្ពុជា បានថ្លែងថា វាពិបាកនឹងនិយាយ ថាតើការបោះឆ្នោតនៅពេលខាងមុខនេះ នឹងមានលក្ខណៈសេរី និងយុត្តិធម៌ ឬយ៉ាងណាទេ ពីព្រោះគណបក្សកាន់អំណាចគ្រប់គ្រងផ្នែកច្រើនណាស់នៃសង្គម។ លោក ហង្ស ពុទ្ធា ថ្លែងថា “ ប្រសិនបើយើងប្រៀបធៀបទៅនឹងនិយតកម្មទាំងនេះ គណបក្សគ្រប់គ្រងមានលទ្ធភាពច្រើនក្នុងការធ្វើយុទ្ធនាការ។ គណបក្សប្រជាជនកម្ពុជា អាចប្រើបណ្ដាញមន្ត្រីរដ្ឋាភិបាល បណ្ដាញទ័ព ប្រើបណ្ដាញព័ត៌មានសម្រាប់ការធ្វើយុទ្ធនាការ។ ដូច្នេះ យើងអាចឃើញភាពមិនប្រក្រតីខ្លះ”៕
(រាយការណ៍បន្ថែមដោយ Abby Seiff)
ប្រែសម្រួលដោយ ចេវ ប៊ុននី