29 C
Phnom Penh

ភាព​​​អាក្រាត​​​គឺជាស្នៀត​​​ថ្មី​​​សម្រាប់​​​អ្នក​​​តវ៉ា​​​មកពី​​​សហគមន៍​​​បឹង​​​កក់​​​ក្នុង​​​ការ​​​ទាម​​​ទារ​​​ប័ណ្ណ​​​​​​កម្មសិទ្ធិ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្វី​​​ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​ល្បី​​​លឿន​​​បំ​​​ផុត​​​ និង​​​ជា​​​ស្នៀត​​​ថ្មី​​​សម្រាប់​​​អ្នក​​​តវ៉ា​​​ដែល​​​បានបាត់​​​បង់​​​សិទ្ធិ​​​កាន់​​​កាប់​​​ដី​​​ធ្លីក្នុង​​រាជធានីភ្នំពេញនោះ​​​ គឺស្ត្រី​​​ជា​​​ច្រើន​​​នាក់​​​បាន​​​ដោះ​​​សម្លៀក​​​បំពាក់​​​បង្ហាញខោទ្រនាប់ និង​​​អាវទ្រនាប់​​​ក្នុង​​​ពេល​​​​​​ធ្វើ​​​បាតុ​​​កម្ម​​​ទាម​​​ទារ​​​សិទ្ធិ​​​កាន់​​​កាប់​​​ដី​​​ធ្លី ដែល​​​បាន​​​ប្រែ​​​កា្លយ​​​ជា​​​អំពើ​​​ហិង្សា​​​នៅ​​​ក្បែរ​ការិយា​ល័យ​​​ធនាគារ​​​ពិភព​​​លោក​​​ កាល​​​ពី​​​ម្សិល​​​មិញ។

ក្រុម​​​អ្នក​​​តវ៉ា​​​ប្រ​​​មាណ​​​ជា​​​១០០​​​នាក់​​​ភាគ​​​ច្រើន​​​ជា​​​ស្ត្រី បាន​​​រុញ​​​របាំង​​​ការ​​​ពារ​​​របស់​​​នគរ​​​បាល​​​ពី​​​រលើក​​​ មុន​​​ពេល​​​​​​ពួក​​​គេ​​​​អាច​​រុលចូល​​​ដល់ការិយាល័យ​​​ធនាគារ​​​នេះ ស្ថិត​នៅ​តាម​បណ្ដោយ​​មហាវិថី​​​ព្រះ​នរោត្តម។​​​ នគរ​​​បាល​​​បាន​​​វាយ​​​ពួក​​​អ្នក​​​តវ៉ា​​ឲ្យ​​រងរបួស យ៉ាង​​​ហោច​​​ណាស់​​​ប្រាំមួយ​​​នាក់​​​ដែរ ​​​។ អ្នកស្រី ស្រី សុផល អាយុ​​​៣០ឆ្នាំ​​​បាន​​​និយាយ​ថា “ ខ្ញុំត្រូវ​​​នគរ​​​បាល​​​ដាល់​​​ចំ​​​មុខ និង​​​ខ្លួន​​​ជា​ច្រើន​​​ដង។ ពួកគេ​​​សាហាវ​​​ណាស់”។

នគរ​​​បាល​​​បាន​វាយ​​​​​​ចំ​​​មាត់​​​ស្ត្រី​​​អ្នក​​​តវ៉ា​​​​​​ម្នាក់ឲ្យហូរឈាម។ ទោះ​​​ជា​​​យ៉ាង​​​ណា អ្នក​​​តវ៉ា​​​ម្នាក់​ទៀត​​​និយាយថា នគរបាល​​​បាន​​​ធ្វើ​​​ឲ្យ​​​ម្រាម​​​ដៃ​​​ឆ្វេង​​​របស់​​​គាត់​​​បាក​​់​​​ស្ទើរ​​​តែ​​​ទាំង​​​អស់។

​​​ក្នុង​​​អំឡុង​​​ការ​​​ប៉ះទង្គិច​​​នៅ​​​ថ្ងៃ​​​ទី​​​៣នៃ​​​ការ​​​តវ៉ា​​​របស់អ្នក​​​ភូមិ​​ ​មក​​​ពី​​​សហគមន៍​​​បឹង​​​កក់នោះ មាន​​​ស្ត្រី​​​យ៉ាង​​​តិច​​​បី​​​នាក់​​​ ​​​ដោះសម្លៀកបំ​​​ពាក់​​​ ទុកតែខោ​​​ទ្រនាប់ ​​​និង​​​អាវ​​​ទ្រនាប់​​​ ទុក​ខ្លួន​​​​​​អាក្រាតននលគកដើម្បីជា​​​ការ​​​តវ៉ា។

នៅ​​​ទី​​​បំផុត ​​​នគរ​​​បាល​​​បាន​​​វាយ​​​អ្នក​​​តវ៉ា​​​ឲ្យ​​​ត្រឡប់​​​ក្រោយ​​​តាម​​​ផ្លូវ​​​លេខ​​​៥១​​​ មុន​​​ពេល​​​អនុញ្ញាតឲ្យតំណាងប្រាំ​​​នាក់ ដាក់​ញត្តិទៅ​​​ធនាគារពិ​​​ភពលោក​​​ និង​​​ការិយាល័យ​​សហ​គមន៍​​​អឺរ៉ុប ​​​ដែល​​​នៅ​​​ទល់​​​មុខ​​​នោះ។ មន្ត្រី​​​នគរ​​​បាល​​​រាជធានី​​​បាន​​​បដិសេធ​​​មិនធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​ការ​​​ប៉ះ​​​ទង្គិច​​​ជា​មួយ​​​ក្រុម​​​អ្នក​​​តវ៉ា​​​ កាលពី​​​ម្សិល​​​មិញ​​​នោះ​​​ទេ។

ធនាគារ​​​ពិភព​​​លោក​​​ និង​​​សហគមន៍​​​អឺរុ៉បគឺជា​​​ម្ចាស់​​​ជំនួយ​​​ដ៏​​​ធំ​​​ដល់​​​ប្រទេសកម្ពុជា​​​ ដែល​​​ពឹងផ្អែក​​​ទាំង​​​ស្រុង​​​លើ​​​ជំនួយ​​​បរទេស​​​ ដើម្បី​​​កាត់បន្ថយ​​​ឱន​​​ភាព​​​ថវិកាជា​​​តិ។ ទោះជា​​​យ៉ាង​​​នេះ​​​ក្ដី​​​  ក៏​​​កាលពី​​​ឆ្នាំ​​​មុន ​ធនា​គារ​​​ពិ​​​ភព​​​លោក​​​បាន​​​បង្កក​​​​​​ប្រាក​​​់កម្ចី​​​ថ្មី​​ទាំង​​​អស់​​​ ដល់​រដ្ឋាភិបាល ដើម្បី​​​តវ៉ា​​​ទៅ​​​នឹង​​​ការ​​​បណ្ដេញ​​​​អ្នក​​​ភូមិ​​​សហគមន៍​​​បឹង​​​កក់​​​ជាច្រើ​​​នគ្រួសារ​​​​​​។

អ្នក​​​តវ៉ា​​​​​​មក​​​ពី​​​សហគមន៍​​​បឹង​​​កក់​​​ កាល​​​ពី​​​ម្សិលមិញ​​​ បាន​​​ទាម​​​ទារ​​​ឲ្យផ្តល់ប័ណ្ណ​​​កាន់​​​កាប់​​​ដីធ្លី ដល់អ្នក​​​ភូមិ​​​៩៤​​​គ្រួសារ​​​ ដែល​​​ត្រូវ​​​បានលុប​​​ឈ្មោះ​​​ចេញ​​​ពី​​​គម្រោង​​​ តែ​បាន​​​អនុញ្ញាត​​​ឲ្យ​​​​​អ្នក​​​ជិត​​​ខាង​​​របស់​​​ខ្លួន​​​រាប់​​​រយ​​​នាក់មាន​​​សិទ្ធិ​​​​​​កាន់​​​កាប់​​​ដីធ្លី ​​​ទោះ​​​បី​​​ជា​​​ការ​​​បណ្ដេញ​​​ចេញ​​​ជា​ទ្រង់​​​ទ្រាយ​​​ធំ​​​នោះ បាន​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ភូមិ​​​រាប់​​​ពាន់​​​នាក់​​​ផ្សេង​​​ទៀត បាត់​​​បង់​ទីលំនៅក៏ដោយ​​​។

ក្រុម​​​អ្នក​​​តវ៉ាទាំង​​​នោះ ​​​ត្រូវ​​​បាន​​​ចូល​​​រួម​​​ដោយ​​​អ្នក​​​ភូមិ​​​មក​​​ពី​​​បុរី​​​កី​​​ឡា ដែល​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​ពី​​​លំ​​​នៅ​​​ដ្ឋាន​​​របស់​​​ខ្លួន​​​កាលពី​​​ខែ​​​មករា និង​​​កំ​​​ពុង​​​ទាម​​​ទារ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ដែល​​​បាន​​​បណ្ដេញ​​​ពួកគាត់​​​​ចេញ​​​នោះ គោរព​​​តាម​កិច្ច​សន្យា​​​​​​ផ្ដល់​​​លំ​​​នៅ​​​ដ្ឋាន​​​ថ្មី​​​ឲ្យ​​​ពួកគាត់។

ការ​​​តវ៉ា​​​ដោយ​​​គ្មាន​​​សម្លៀក​​​បំពាក់​​​នោះ​ទំនង​​​ជាបាន​​​កើត​​​ឡើង​​​ដំ​​​ណាល​​​​​​គ្នា​​​ នឹង​​​ពេល​​​ដែល​​​អ្នក​​​ភូមិ​​​បឹង​​​កក់ដោះ​​​សម្លៀក​​​បំពាក់ក្នុង​​​អំ​​​ឡុង​​​ពេល​​​តវ៉ា ដែល​​​បង្ក​​​ឲ្យមាន​ការ​ប្រតាយ​ប្រតប់​គ្នា និង​​​ការ​​​សង្កត់​​​សង្កិន​​​ធ្វើបាបពីសំណាក់​នគរ​​​បាល​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា។

ចាប់តាំង​​​ពី​​​​​​ពេល​នោះ​​​មក ការ​បង្ហាញ​ភាព​​​អាក្រាត​​​នៅ​​​​​​ទី​​​សាធារណៈ បាន​​​ក្លាយ​​​ជា​ស្នៀត​​​ដ៏​​​ល្បី​​​ខ្លាំ​​​ងឡើងៗ ក្នុងចំណោម​ក្រុម​​​ស្ត្រី​​​អ្នក​​​​តវ៉ា។ ក្រុម​​​ស្ត្រី​​​​​​​​ដដែល​​​នោះ​​​ ​​​បាន​​​តវ៉ា​​​កាល​​​ពីម្សិល​​​មិញ​ នៅ​​​ខាង​ក្រៅ​​​​​​រដ្ឋសភា  និងបាន​​​ដោះ​អាវ​​​ ស្រាត​​​សារុង ​បង្ហាញខោទ្រនាប់​ និង​​​អាវ​​​ទ្រនាប់​​​ ដោយ​​​មាន​​​សរសេរ​​​​​ក្រ​​​វេម​​​​ក្រ​​​វាម​​​ថា “សាក្សីគ្មាន​​​សម្លៀក​​​បំ​​​ពាក់​​​​​​”​​​ទាំង​​​ភាសា​​​អង់​​​គ្លេស​​​ និង​​​ភាសាខ្មែរ​​​​​​លើកំ​​​ប៉េះ​​​គូទរបស់​​​ខ្លួន។

បើ​​​ទោះជា​​​រាង​​​កាយ​​​អាក្រាត ​​​របស់​​​ពួក​គាត់​មិន​​​អាច​​​ធ្វើ​​​អ្វី​​​បាន​​​ជា​​​ដុំកំភួន​​​ក៏​​​ដោយ ​ក៏​អាច​​​​ទាក់​​​ទាញ​​​ការ​​​យក​​​ចិត្តទុក​​​ដាក់​​​ពី​​​សំណាក់​​​ប្រ​​​ព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​អន្ដរជាតិ​​​ដែរ។

រឿង​​​រាវ​​​ថ្មីអំពីការ​​​តវ៉ា​​​ ដោយរាង​​​កាយ​​​អាក្រាត​​​នៅ​​​សប្ដាហ៍​​​នេះ ត្រូវបាន​​​ប្រ​​​ព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​អន្តរ​​​ជាតិយក​​​ចិត្ត​​​ទុកដាក់​​​​​​ រួម​​​ទាំង​ទូរ​ទស្សន៍ដ៏​​​ល្បី​​​របស់​អាមេរិក​ឈ្មោះ​ ហ្វក ញូស៍​​​(Fox News) ផង​​​ដែរ៕

   ប្រែ​​​សម្រួល​​​ដោយ  ហម សុផាណ្ណា​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស