38 C
Phnom Penh

តំណាងមួយរូប​​របស់សហ​ជីព​សេរីកម្មករចោទ​ប្រកាន់​ម្ចាស់​រោង​ចក្រ​​កាត់ដេរ​ថា​បាន​វាយ​ដំខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​សហជីព​មួយ​រូប​ប្រចាំ​នៅ​រោង​ចក្រ​ផ្គត់​ផ្គង់​សម្លៀក​បំពាក់​ឲ្យ​ក្រុម​ហ៊ុន​​H&M ដែល​ជា​ក្រុមហ៊ុន​សម្លៀក​បំពាក់​​របស់​​ស៊ុយ​អែត​​ បាន​អះអាង​កាល​ពី​ម្សិល​មិញ​ថា​ លោក​​​បាន​ទទួល​រង​ការ​វាយ​ដំពី​សំណាក់​​អ្នក​គ្រប់​គ្រង​រោង​ចក្រ​កាលពី​ម្សិល​មិញ​ ដោយបណ្ដាលឲ្យ​​មាន​ការ​តវ៉ា​​នៅ​ខេត្ត​កណ្ដាល។​

លោក​ ញ៉ែម​ សម្ផស្ស​​ ​ តំណាង​សហ​ជីព​សេរី​កម្ម​​ករ​ (FTU) បាន​មាន​ប្រសាសន៍​ថា​​ លោក​បាន​ជួប​ជាមួយ​​  ហុង​ សៀទុង (Hong  Siu Tong)​​​ អ្នក​គ្រប់​​គ្រង​​រោងចក្រ​​ Archid មកពី​ទីក្រុង​ហុង​កុង ​​​ក្នុង​ស្រុក​អង្គ​ស្នួល ​នៅ​វេលា​​​ម៉ោង៦និង៣០​នាទី​​ព្រឹក រួមជាមួយ​នឹង​​​តំណាង​​សហជីព​នេះ​បី​នាក់​ទៀ​ត​​។

លោក​ សម្ផស្ស​ បាន​មាន​ប្រសាសន៍​ថា​ ពួក​គាត់​បាន​ទៅ​ជួប​លោក​ សៀ ទុង​​ ដើម្បី​​ស្នើសុំ​​ឲ្យ​លោក​​ផ្លាស់​​ទី​តាំង​​ស្រះ​​ចិញ្ចឹម​ត្រី​របស់​លោក​នៅ​​​ក្បែរ​នោះ​ចេញ ព្រោះ​​​​ក្លិន​មិន​ល្អចេញ​ពី​ស្រះនោះ ​​ធ្វើ​ឲ្យ​កម្ម​ករ​កម្ម​ការិនីរកកល​ចង់​ក្អួត។​លោក​បាន​បន្ថែម​ថា​​ ​លោក​ក៏​បាន​ស្នើ​សុំ​សោ​ហ៊ុយ​​ធ្វើ​ដំណើរ​១០​ដុល្លា​រ​ក្នុង​មួយ​ខែ ព្រមទាំង​ប្រាក់​លើក​ទឹក​ចិត្ត​​៣​ដុល្លារ​សម្រាប់​បុគ្គ​លិក​ណា​មិន​ដែល​ឈប់​ពី​ការ​ងារ​​ផង​ដែរ​។

លោក សម្ផស្ស​ បាន​មាន​ប្រសាសន៍ថា ​​ការ​ចរ​ចា​មិន​ទទួល​បាន​លទ្ធផល​អ្វីឡើយហើយ​​លោក​បាន​​អះអាង​ថា​ ​​ក្រោយ​មក​ ​លោក​​​​បាន​រង​​ការ​វាយ​ដំ​ពីលោក​ ​សៀ​ ​ទុង​​​ និង​បុរស​ជន​ជាតិ​ចិន​ពីរ​នាក់​​ផ្សេង​ទៀត​។ ​

លោក​ សៀ ទុង​ បាន​បដិ​សេធ​​ថា​​​ លោក​ ​និង​បុគ្គលិក​របស់​លោកមិន​​បាន​​វាយ​ដំ​លោក ​សម្ផស្ស​ ទេ។​  ​លោក​ ​សៀ​ ​ទុង ​បាន​មាន​ប្រ​សាសន៍​ថា  “​មិន​មាន​នរណា​ម្នាក់​រង​របួស​​ទេ​ ហើយ​ក៏​មិន​មាន​ការ​វាយ​ដំ​គ្នាដែរ​។​ យើង​មិន​បាន​វាយ​គាត់​ទេ​”។លោក​បាន​បន្ថែម​ថា មាន​​ការ​រុញ​ច្រាន​គ្នាខ្លះដែរ ​​បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា​បាន​រារាំង​ក្រុម​កម្មករ​ផ្សេង​​ទៀត​មិន​ឲ្យ​ចូល​ទៅ​ក្នុង​រោង​ចក្រនេះ​។

លោកបាន​មា​ន​ប្រ​សាសន៍បន្ដថា​ កន្លែង​​ចិញ្ចឹម​ត្រី​នោះ​ត្រូវ​បាន​ផ្លាស់​ចេញ​ឆ្ងាយ​ពី​​កម្មករ​រួច​ហើយ​ ហើយ​ថា រោង​ចក្រកំពុង​​ចរចា​ជាមួយ​​កម្មករ​ទាក់​ទិន​នឹង​បញ្ហា ដែលពួក​គេ​ស្នើសុំ​នោះ។ លោក កានវ៉ាព្រីត ស៊ីង (Kanwarpreet Singh) ​ប្រធាន​​ក្រុម​ហ៊ុន​ H&M ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា ​​លោក​ដឹង​អំពី​ហេតុការណ៍​​នេះ​ ហើយ​ថា នា​ពេល​ថ្មី​ៗនេះ​ក្រុម​ហ៊ុន​កំពុង​ស៊ើប​អង្កេត​ហេតុការណ៍​ ដែល​បាន​កើត​ឡើង​នោះ​។

លោកស៊ីង​ ថ្លែង​ថា“ខ្ញុំ​មិន​អាច​ប្រាប់​ឲ្យ​បាន​ច្បាស់​លាស់​អំពី​រឿង​នេះទេ​ រហូត​ដល់​យើង​​ទទួល​បាន​លទ្ធផល​​ពីការ​ស៊ើប​អង្កេត​សិន។[រោង​ចក្រ​ផ្គត់​ផ្គង់​ឲ្យ​ក្រុម​ហ៊ុន​របស់​យើង​]មិន​​ត្រូវជាប់​ពាក់​ព័ន្ធ​នឹង​​​អំ​ពើ​ហិង្សាជាមួយ​កម្មករ ​កម្មការិនីទេ ហើយ​កម្មករកម្មការិនី​ ក៏​មិន​ត្រូវ​ប្រើ​​​​អំពើហិង្សា​ដែរ”។

លោក យិុន​ វី អាយុ​៣០​ឆ្នាំ​ ជាកម្មករ​ដែល​បាន​ឃើញ​​ហេតុការណ៍​នេះ​ផ្ទាល់​ភ្នែក បាន​និយាយ​ថា​ បុគ្គលិក​ផ្សេង​ទៀត​នៅ​​រោង​ចក្រ​នេះ​​បានមក​ជួយ​តំណាង​សហជីព​រូប​នេះ។ គាត់​​បាន​និយាយ​ថា “​ខ្ញុំ​ និង​កម្មករ​ទាំង​អស់​បាន​ឃើញ​អំពើ​ហិង្សា​នេះ ហើយ​​ប្រសិន​​បើ​​យើង​មិន​ឃាត់​ម្ចាស់​​រោង​ចក្រ និង​បុរស​ទាំង​​ពីរ​នាក់​នោះ​ទេ ​យើង​មិន​​ដឹង​ថា​ នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​​លោក ​សម្ផស្ស ​នោះ​ទេ​៕

ប្រែ​សម្រួល​ដោយ ​សុខ​ ​ស៊ី​ដន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស