24.9 C
Phnom Penh

ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​ថ្មី​​ក្នុង​​​រាជធានី​​​ភ្នំ​​​ពេញ​​​បង្កើត​ឡើង​សម្រាប់​​អ្នកកាសែតដែល​​ស្លាប់​ក្នុង​សង្គ្រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការសាងសង់​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​មួយ​សម្រាប់​អ្នក​កាសែត​​ជនជាតិ​កម្ពុជា ​និង​បរទេស​​​ ​ដែល​បាន​ស្លាប់​​ពេលចុះ​យក​ព័ត៌មាន​នៅ​សម័យ​​​​សង្គ្រាម​សីុវិល​ក្នុង​​ទសវត្សរ៍​ឆ្នាំ​១៩៧០​​​នោះ​ ជិត​បញ្ចប់​ហើយ​​ គឺ​​មាន​រយៈពេល​ពីរ​ឆ្នាំ​​​​ បន្ទាប់ពី​ត្រូវបាន​ស្នើសំុ​ជាលើក​ដំបូង​​។​    

ស្តូប​ធ្វើ​ពី​ថ្មខ្មៅ​ដ៏ធំ​មួយ ​រំលេច​ដោយ​​​ពណ៌​​​​ស្រស់​ថ្លា​ត្រូវ​​បាន​សាងសង់​​ឡើង​នៅ​លើ​សួនដ៏​ស្អាត​​​មុខ​សណ្ឋាគារ​ឡឺ​រ៉ូយា៉ល់​ក្នុង​រាជ​​​ធានី​​​​ភ្នំពេញ​ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​អ្នក​​​កាសែត​ដែល​បាន​បាត់បង់​ជីវិត​​។ ​សណ្ឋាគារ​នេះ​ត្រូវ​បាន​ប្រើ​​ជា​ទីស្នាក់ការ​កណ្តាល​ក្រៅ​​ផ្លូវការ​របស់ក្លឹប​អ្នក​កាសែត​​អន្តរជាតិ​ក្នុង​អំឡុង​សង្គ្រាម​សីុវិល។ ​មាន​ចារឹក​នៅ​​​លើ​​​​​​ផ្ទាំង​ថ្ម​នោះ​ជាភាសាខ្មែរ ​និង​អង់គ្លេស​​ថា​ “ស្តូប​​​​​​​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​និង​អ្នក​កាសែត​ដែល​បាន​ស្លាប់ ​និង​បាត់​ខ្លួន​ក្នុង​សម័យ​​​​សង្គ្រាម​នៅកម្ពុជា​ពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៥” និង​សរសេរ​​ឈ្មោះ​​​អ្នក​​​​កា​​​សែត​ទាំងនោះ​​ជា​​អក្សរ​ពណ៌​មាស​។

ចន្លោះ​ពី​ឆ្នាំ​១៩៧០​និង​១៩៧៥​មាន​អ្នក​​​កាសែត​កម្ពុជា​ និង​បរទេស​ចំនួន​៣៧​នាក់​បាន​ស្លាប់​​ឬ​បាត់ខ្លួន​ក្នុង​សង្គ្រាម​។ ប្រជាជន​កម្ពុជា​ជាច្រើន​នាក់​ធ្វើការ​នៅក្នុងផ្នែក​សារ​​​ព័ត៌មាន​បាន​បាត់បង់ជីវិត ​បន្ទាប់ពី​ការ​ដួល​រលំទីក្រុង​ភ្នំពេញ​នៅឆ្នាំ​១៩៧៥។

ក្នុង​ចំណោម​អ្នកកាសែត​ចំនួន​៣៧​នាក់​ដែល​​​បាន​​​ស្លាប់​​​ ហើយ​​​មាន​ឈ្មោះ​នៅ​លើ​ស្តូប​រំព្ញក​វិញ្ញាណក្ខន្ធ​​​ថ្មីនេះ មាន​ជនជាតិ​កម្ពុជា​​​​ចំនួន​ប្រាំនាក់​ ជន​​​ជាតិជប៉ុន​ចំនួន​​​១០​​​នាក់​ ​​​ព្រមទាំងជនជាតិ​​​បារាំងចំនួន​ប្រាំ​ពីរនាក់ ​និង​ជនជាតិ​​​​អាមេរិក​​​​ចំនួនប្រាំពីរនាក់​ និង​​មាន​​ជនបរទេស​ផ្សេងៗទៀត​ផងដែរ។

ស្តូប​រំព្ញក​វិញ្ញាណក្ខន្ធ​ ដែលកំពុង​​​សាង​​​សង់​​​​​​​​​ថ្មី​​​នេះ​ត្រូវ​​​បាន​​​ឧបត្ថម្ភ​ថវិកា ​​​ដោយ​​​លោក ​​​​ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​​​ព័ត៌មាន ព្រម​​​ទាំង​​​​​​​​អ្នក​ផ្តល់​ជំនួយ​ឯកជន​មួយ​​​ចំនួន​ផងដែរ ហើយ​​​​ស្តូប​នេះ​​មាន​តម្លៃ​ប្រហែល​១១.០០០​ដុល្លារ​​​សហរដ្ឋអា​​​មេរិក។​​​

លោក​រដ្ឋមន្ដ្រី​​​ ខៀវ​ កាញារីទ្ធ​ បាន​មាន​ប្រសាសន៍​​​កាល​ពី​ម្សិលមិញ​ថា​ ក្រសួង​ព័ត៌មាន ​និង​ក្លឹប​អ្នកកាសែត​កម្ពុជា ​ព្រម​ទាំង​អ្នក​​​កាសែត​​​​ជើងចាស់​ជនជាតិជប៉ុន​មួយ​​​ចំនួន​​​ផងដែរ បានធ្វើ​សំណើ​​​ ដើម្បី​​​សុំ​​ធ្វើ​​​ការ​​​សាង​​​សង់​ស្តូប​រំព្ញក​វិញ្ញាណក្ខន្ធនេះ៕

ប្រែសម្រួលដោយ អូន ភាព​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស