27 C
Phnom Penh

ពល​​រដ្ឋ​​កម្ពុជា​៣៩នាក់​ត្រូវបា​ន​អាជ្ញាធរថៃ​ចាប់​ខ្លួន​​បន្ទាប់​ពី​ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ​​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​មួយ​រូប​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា​​ ​​ពល​រដ្ឋ​​កម្ពុជា​​ចំនួន​​៣៩​នាក់​កំពុង​ជាប់​ឃុំ​​នៅ​ក្នុង​ប្រទេស​ថៃ ​​បន្ទាប់​​ពី​ឆ្លង​​​​​ដែន​​ចូល​ប្រទេស​នេះ​ដោយ​ប្រើ​ប្រាស់​កាត​ឆ្លង​ដែន​ក្លែង​ក្លាយ​​។

លោក​ អ៊ុក​ ​កែវ​រតនៈ​​​ អ្ន​ក​នាំ​ពាក្យ​​​​អភិបាល​​​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​មាន​ប្រសា​សន៍​ថា​​ លោក​បាន​​​ទទួល​ព័ត៌មាន​​​​ពី​​​​​​អាជ្ញា​​ធរ​​​ថៃ​ថា ​​ពល​រដ្ឋ​​​កម្ពុជា​ជា​​​ទាំង​នេះ​​ត្រូវ​បាន​​ចាប់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន​​​ ដោយ​នគរ​បាល​​ថៃ​បាន​​​និយាយ​​ថា ឯក​សារ​អន្តោប្រវេសន៍​របស់​ពួក​គេ​ក្លែង​ក្លាយ​​។​ លោក​ អ៊ុក​ កែវ​រតនៈ​មាន​​​ប្រសាសន៍​ថា​ ​​​អាជ្ញា​ធរ​ថៃ​បាន​ឲ្យ​ដឹង​ថា​ ពលករ​​​​ទាំង​​៣៩​នាក់​​នេះ​​ ត្រូវ​បាន​ចាប់​ខ្លួន​​កាល​ពី​ថ្ងៃ​ច័​ន្ទ​​ ហើយ​កំពុង​ជាប់​ឃុំ​នៅ​ឡើយ។

លោក​បាន​បន្ថែម​ថា​ មន្ត្រី​ស្ថាន​កុង​ស៊ុល​​កម្ពុជា​មួយ​រូប​​នៅ​ខេត្ត​ស្រះ​​កែវ ​​​ប្រទេស​ថៃ​ ជា​ទី​ដែល​​​​ពល​ករ​ទាំង​អស់​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​​នោះ​​​​​ កំពុង​ដោះស្រាយ​បញ្ហា​នេះ​​។​​ លោក​ កែវ​ រតនៈ​​បាន​​បន្តថា​ “ ករណី​បែប​នេះ​កើត​ឡើង​ជា​ញឹកញាប់​​”។​ លោក​បាន​មាន​ប្រសាសន៍​បន្តទៀត​ថា​​ ​​​​ប្រសិន​បើ​​​​វា​ត្រូវ​បាន​បញ្ជាក់​ថា​ កាតឆ្លង​ដែន​​ដែលពលករ​​​ទាំង​នេះ​​ប្រើ​​​​ក្លែង​ក្លាយ​​​​មែន​នោះ​​ ពួក​គេ​នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​របស់ប្រទេស​​ថៃ​។​

​លោកឧត្តម​សេនី​យ​៍​ត្រី​​ ពេ​ជ្រ​​​ វណ្ណា ប្រធាន​​​​ការិយា​​ល័យ​ទំនាក់​ទំនង​​​ព្រំ​ដែន​​កម្ពុជា-ថៃ​បាន​ថ្លែង​ថា​ លោក​កំពុង​ តាម​ដាន​​ករណីនេះ​ ប៉ុន្តែ​លោក​មិន​ទាន់​បាន​ទទួល​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​​​​អាជ្ញា​ធរ​​​​ថៃ​នៅ​ឡើយ​ទេ៕​

    ប្រែ​សម្រួល​ដោយ​  សុខ​ ស៊ី​ដន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស