28.4 C
Phnom Penh

ការ​ព្យាករ​​​​អំឡុង​ពិធី​ច្រត់​ព្រះនង្គ័ល​​ថា ​​​​​ពោត​និង​សណ្តែកនឹង​​​​ទទួលបាន​​​ទិន្ន​​ផលខ្ពស់​នៅ​​​ឆ្នាំ​​នេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​​ស្នែង​​​​​ស្រោប​​​សូតក្រហម​​ ​​​និង​​​មាន​​អាន​​ពណ៌​មាស​លើ​​​ខ្នង​​​​​​សម្បុរ​​ត្នោត​នោះ ​​​គោ​​ឧសភ​​រាជ​​​​​មួយ​​នឹម ​​​​​​​​​ត្រូវ​​​​បាន​​នាំ​​សំដៅ​​​​​ទៅ​​​​​រក​​ជើង​ពាន​​​​​​​ប្រាក់​ចំនួន​​ប្រាំ​ពីរ​​​​ពេញ​​ទៅ​ដោយ​​​​អាហារ​​​ ព្រមទាំង​ស្រា​និង​ទឹក​ ដោយ​​​គោ​​​ឧសភ​​​រាជ​​ទី​១បាន​​​​​​​​​​​​បរិភោគ​​​​​​​​ពោត ហើយ​​​គោ​​​ឧ​​សភ​​រាជ​​ទី​​​​២បាន​បរិភោគ​សណ្តែក។ គោឧស​ភ​​រាជ​​​ទី​១បាន​​​​​បរិភោគ​​​​​​ពោត​​ច្រើន ​​​​ប៉ុន្តែ​​គោ​ឧស​​ភ​​រាជ​ទី២ក្រោយ​​ពី​​​​​​​​បរិភោគ​​​​​​សណ្តែក​​រួច​​​​​​ ​​​​ក៏​​បាន​​​​​​​​​​​ងាក​​ទៅ​​​​​​​បរិភោគ​​​​ស្មៅ​ទើប​ច្រូត​​ថ្មីៗ​​​ពីរ​​បី​ម៉ាត់​។

ខ្សែ​​​ភ្នែក​​​របស់​មនុស្ស​​​គ្រប់​គ្នា​​​បានសម្លឹង​​​មើល​​យ៉ាង​​​យក​​ចិត្ត​​ទុក​​ដាក់​​​​​ថា ​​តើ​​​គោ​​​​​​ឧ​សភ​រាជ​​​ចូល​ចិត្ត​​បរិភោគ​​អ្វី​ជាងគេ​​ក្នុង​​ពិធី​​​​ច្រត់​ព្រះ​នង្គ័ល​​​​កាល​ពី​​​ម្សិល​​មិញ ​​ដែល​មាន​​​​​អ្នក​​ចូល​រួម​​​​យ៉ាង​​​​ច្រើន​កកកុញ​ចាប់​​ពី​ប្រ​ជា​​​​​​កសិករ​​​ជន​បទ​​​​​រហូត​​​ដល់​​​​​​ថ្នាក់​ដឹកនាំ​ប្រទេស ​​​​​ និងការ​​​​​​​យាងធ្វើ​​​ជា​​​​ព្រះ​​​​​​​អធិបតី​​​ពី​សំណាក់​ព្រះ​មហា​​ក្សត្រ​​ នរោត្តម​​​សីហ​មុនី ​​​នៅ​​​វាល​​មេរុ​ ជាប់​ព្រះ​​​បរម​​រាជ​​វាំង។​​​​

ពិធី​​​បុណ្យ​​ប្រ​ចាំ​​ឆ្នាំ​​នេះ​បង្ហាញពី​ការ​​​ចាប់​ផ្តើម​​​រដូវ​​​​បង្ក​​បង្កើន​ផល​​ ដែល​នៅ​ពេល​​នោះ ​​គោ​​ឧស​​ភ​​រាជ​​ទាំង​បី​នឹម​​​ត្រូវ​​បាន​​ទឹម​​​​ឲ្យ​ភ្ជួរ​​​​ជុំ​​វិញ​​​ព្រះ​​ស្រែ​ ​​ដឹក​​នាំ​​ដោយ​​​​តំណាង​​​​​​​​ព្រះ​មហា​​ក្សត្រ​នៅ​ឆ្នាំ​​​នេះ​​​​​ គឺ​​ព្រះ​​អង្គ​ម្ចាស់​​​ នរោត្តម​​ ចក្រាវុទ្ធនិង​អ្នក​​​អង្គ​ម្ចាស់​ ​​នរោត្តមចាន់​ស៊ីថា ​និង​​មាន​​​ស្ត្រី​​​​មួយ​​ចំនួន​​ផ្សេង​​ទៀតដើរ​​តាម​ពី​​ក្រោយ​​​​​​បាច​ស្រូវ​​លើ​​ដី​​​ដែល​​ទើប​​​​ភ្ជួរ​​រួច​ថ្មីៗ។

បន្ទាប់​ពី​​ភ្ជួរ​​ជុំ​​វិញ​ព្រះ​​ស្រែ​​​ ​គោ​ឧស​​ភ​រាជ​​ត្រូវ​​​នាំ​ទៅ​កាន់​​ជើង​ពាន​ប្រាក់​​ដាក់​​អាហារ​​​​ហើយ​​អ្វី​​ដែល​​គោ​ឧស​​ភ​រាជ​​បាន​​​​​​​​បរិភោគ​​​គឺ​​ ស្រូវល្ង ​ ស្មៅ​​​​​ ​​ពោត​​ សណ្តែកទឹក​និង​​ស្រា​ហើយ​អ្វី​ដែល​គោ​បរិភោគ​ ត្រូវ​បាន​​ប្រើ​ប្រាស់ដើម្បី​ព្យា​​ករ​​​ពី​ឆ្នាំ​​បង្ក​បង្កើន​​ផល​កសិ​កម្ម​​​​​នា​​​ពេល​ខាង​មុខ។

លោក ​​គង់កេង ​​​​​​ព្រះ​​គ្រូ​ហោរា​​​​​​​​ប្រ​​ចាំ​ព្រះ​​បរម​​រាជ​វាំង​​ បាន​​ប្រ​​កាស​​ថា ​ផ្អែ​ក​​​​​តាម​​ការ​​​​​​ជ្រើស​​រើស​​អាហារ​របស់​គោ​​ឧស​​ភ​រាជ​​​បង្ហាញ​​ថា ​​ក្នុង​​ឆ្នាំ​​​២០១២​​នេះ​​ សណ្តែក​​និង​​​​​​ពោត​​នឹង​ទទួលបាន​ទិន្ន​ផល​​​ខ្ពស់​​ ​ជា​​​​​ពិ​សេស​​​ពោត ​​​​​​ពី​​​ព្រោះ​​​គោ​​ឧ​ស​ភ​​រាជ​​​​​ មួយ​​​​បាន​​បរិភោគ​​​​​ពោត​​ជិត​អស់។លោក​​បាន​​បន្ថែម​​​ទៀត​​ថា ​ទោះ​​ជា​យ៉ាង​ណាស្មៅ​​​គឺ​ជានិមិត្ត​​អា​​ក្រក់។ “វា​​មាន​​ន័យថា ​ឆ្នាំ​​នេះ​នឹង​​ផ្ទុះ​ជំងឺ​​គោ​​ក្រ​​បី​​មួយ​​ចំនួន”​។

យោង​​​​​​​​​​តាម​​មគ្គុទេ្ទសក៏​​​​​​ផ្លូវ​​ការ​​​​​​​សម្រាប់​ព្រះ​​រាជ​​ពិធី​នេះ ​​​​​​​​​​​បាន​​ឲ្យ​ដឹង​ថាប្រសិនបើ​គោ​ឧស​​ភ​​រាជ​​​ផឹក​​​​ស្រា​​​ មានការ​ព្យាករ​ថា ​​នឹង​​មាន​​​​​​​​​​​រឿង​​​​អា​​ក្រក់ៗ​​​កើត​​ឡើង​​ ពីព្រោះ​​​​​ស្រា​​​​​​​មាន​ន័យ​ថា“ នឹង​មាន​ជន​​អន្ធ​ពាល​ចោរលួច​ និង​​ចោរ​ប្លន់​​បង្ក​​ចលា​ចល​​​​​តាម​ផ្លូវ”​។ មគ្គុទេ្ទស​ក៏​​​​រូប​នេះ​​បាន​​​​បន្ត​ថា ​​​ប្រសិន​បើ​​គោ​​ឧស​​ភ​រាជ​​​​​​ផឹក​​​​​ទឹក “ ប្រទេស​​​​​​ទាំង​​មូល​​នឹង​​ទទួល​បាន​​​​ទឹក​ភ្លៀង​​​​​​​​ប្រ​​ចាំ​​ឆ្នាំ​​​​​ច្រើន”។

ក្នុង​​​​ពិធី​​​​​ច្រត់​ព្រះនង្គ័ល​កាល​​ពី​​ឆ្នាំ​មុន ​​​គោ​​ឧស​​ភ​រាជ​​​​​​​​បាន​​​​​បរិភោគ​​​​​​អាហារ​​​​​បី​​មុខ​​ដូច​គ្នា​​​​​​​​​កាល​​ពី​​ម្សិល​មិញ​​ដែរ ​​​​​​​ហើយ​​​​​​ខណ:ពេល​​ដែល​​​គោ​ឧស​​ភ​រាជ​​មិន​​​ផឹក​ទឹក​សោះ​​​​​​​​​កាល​ពី​​ឆ្នាំ​​មុន​​​នោះ ​​​​​​កម្ពុជា​​​​បាន​ជួប​​​គ្រោះ​​ទឹក​​ជំនន់​​​​​កំណាច​​បំផុត​​​រយ:ពេល​​​​ជាង​​មួយ​​ទស​​វត្សរ៍​មក​នេះ។

កាល​​ពី​​ម្សិល​មិញ ​ពេល​សួរ​​ថាតើ​​ហេតុ​អ្វី​បាន​ជា​គោ​ឧស​​ភ​រាជ​​ព្យា​ករ​​ខុស ​​​ចំពោះ​​​គ្រោះ​​ទឹ​ក​ជំនន់​​កាល​ពី​​ឆ្នាំ​​មុន​នោះ លោកគង់ កេង បាន​​​ឆ្លើយ​​ថា ​ទឹក​​ភាគ​​ច្រើន​​បាន​​ហូរ​ធ្លាក់​ពី​​​បណ្តា​​ប្រទេស​​ជិត​ខាង​​ចូល​មក​កម្ពុជា។

លោក​​​​​បាន​​មាន​​ប្រ​សាសន៍​ថា “ ឆ្នាំ​​​នេះ​​​​ ខ្ញុំ​​​​​បាន​​​បន់ស្រន់​​ឲ្យ​​មាន​​​ភ្លៀង​ធ្លាក់​​​​​​​​​ និង​​អាកាស​​ធាតុ​​​ទៀង​ទាត់…។​​ ឆ្នាំ​​​នេះ​​ ខ្ញុំ​​មិនជឿ​ថា ​​នឹង​​មាន​​​ទឹក​​​ជំនន់​​នោះ​​ទេ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះ​ជា​យ៉ាង​ណាលោក ​យ៉ងសាំង​​​ កុមារ​ប្រធាន​មជ្ឈ​មណ្ឌល​សិក្សានិង​អភិវឌ្ឍន៍​​កសិកម្ម​កម្ពុជាហៅកាត់​ថាសេដាកបាន​មាន​ប្រ​សា​​​​ស​​​​ន៍ថាការ​​សិក្សា​​ផ្នែក​ឧតុ​​និយម​បាន​បង្ហាញ​ថានឹង​មាន​ភ្លៀង​ធ្លាក់​​​ច្រើន​​​ ​​ហើយទំនងជា​​​​មាន​​គ្រោះ​ទឹក​ជំនន់​ទៀត​​នៅ​​ឆ្នាំ​​នេះ​​។

​បើ​យោង​តាម​​លោកយ៉ងសាំង​កុមារឆ្នាំមុន​​​​ជា​រដូវ​​អំណោយ​​ផល​​សម្រាប់​ប្រជា​​កសិករ​​ដាំ​សណ្តែក​​ ប៉ុន្តែ​​មិនសូវ​ល្អ​​ប៉ុន្មាន​ទេ​​សម្រាប់​អ្នក​ដាំ​​ពោត។​លោកបាន​​​មា​ន​​ប្រ​​សា​​​សន៍​ទៀតថាឆ្នាំ​​នេះ​ពោត​​និង​សណ្តែក​អាច​ទទួល​បាន​ទិន្ន​ផល​ខ្ពស់​នៅរដូវ​ប្រមូលផល។

លោក​​ថ្លែង​ថា “តម្លៃ​​ដំឡូងមី​​កំពុង​​​ធ្លាក់​ចុះដូច្នេះ​​​​ប្រ​​ជា​ពល​រដ្ឋ​នឹង​​ងាក​ទៅ​ដាំ​សណ្តែក​កាន់​តែ​​ច្រើន ​និង​​ដំណាំ​​​​​​​​​​​​ផ្សេងៗទៀត​​​​​​​​ ដូច​ជា​​សណ្តែក​ដី​​ជា​​ដើម។វា​​អាស្រ័យ​​​លើទី​ផ្សារ”៕

ប្រែសម្រួល​ដោយតែមសុខុម​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស