លោក ជា មុនី ប្រធានសហជីពសេរីកម្មករបានលើកឡើង កាលពីម្សិលមិញថា សាលារាជធានីភ្នំពេញ បានបង្កើតក្រុមការងារមួយ រួមមានមន្ត្រីសាលារាជធានីភ្នំពេញចំនួនប្រាំពីររូប និងសមាជិកសហជីពសេរីកម្មករមួយចំនួន ដើម្បីរៀបចំសាងសង់រូបសំណាករបស់លោក ជា វិជ្ជា ដែលត្រូវបានឃាតករ បាញ់សម្លាប់។
លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករដ៏ល្បីឈ្មោះត្រូវបានឃាតករបាញ់សម្លាប់ទាំងថ្ងៃនៅក្បែរវត្តលង្កា កាលពីខែមករា ឆ្នាំ២០០៤។ ជនសង្ស័យពីរនាក់ត្រូវបានតុលាការចោទប្រកាន់ពីបទមនុស្សឃាត ប៉ុន្ដែគេចាត់ទុកថា ជាអ្នករងគ្រោះជំនួសគេ ហើយចាប់តាំងពីនោះមក អ្នកទាំងពីរត្រូវបានតុលាការដោះលែង ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីរងចាំលទ្ធផលនៃការស៊ើបអង្កេតសាជាថ្មី។
ប្រធានសហជីពសេរីកម្មករបានព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាល អស់រយៈពេលប្រាំបីឆ្នាំមកហើយ ដើម្បីសុំការអនុញ្ញាតសាងសង់រូបសំណាករបស់លោក ជា វិជ្ជា ហើយទីបំផុត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមតាមសំណើនេះ កាលពីខែមករា គឺប៉ុន្មានខែមុនការបោះឆ្នោតឃុំ-សង្កាត់ក្នុងឆ្នាំនេះមកដល់។
លោក ជា មុនី ប្អូនប្រុសរបស់លោក ជា វិជ្ជា បានមានប្រសាសន៍ថា ក្រុមការងារត្រូវបានបង្កើតឡើងបន្ទាប់ពីមានកិច្ចប្រជុំចំនួនពីរលើកជាមួយលោក កែប ជុតិមា អភិបាល រាជធានីភ្នំពេញ កាលពីខែមករា និងខែកុម្ភៈក្នុងឆ្នាំ២០១២នេះ។ លោកបានលើកឡើងថា “ការសាងសង់នេះនឹងចាប់ផ្ដើមមិនឲ្យហួសឆ្នាំនេះទេ។ រូបសំណាកនេះនឹងក្លាយជារូបសំណាកប្រវត្តិសាស្ត្រសម្រាប់ជាតិ កម្មករ កម្មការិនីកាត់ដេរ និងសម្រាប់សាធារណជនទាំងអស់”។
លោក ជា មុនី បានមានប្រសាន៍ថា រូបសំណាកនេះនឹងត្រូវបង្កើតឡើងដូចរូបរាងបងប្រុសរបស់លោកបេះបិទ ដែលមានកម្ពស់១,៦៨ម៉ែត្រនោះ។ លោកក៏បានបន្ដដែរថា រូបសំណាកនេះនឹងដាក់ពីលើជើងទម្រធ្វើអំពីថ្មម៉ាប ឬក៏លោហៈ មានកម្ពស់មួយម៉ែត្រ។ ប្រធានសហជីពសេរីកម្មករនឹងអំពាវនាវដល់កម្មករ កម្មការិនីរោងចក្រកាត់ដេរ សមាជិកសង្គមស៊ីវិល និងរដ្ឋាភិបាល ដើម្បីសុំជំនួយជាថវិកា ដែលមានទឹកប្រាក់ប្រមាណ៤.០០០ដុល្លារសហរដ្ឋអាមេរិកសម្រាប់ការសាងសង់រូបសំណាកនេះ។
លោក ជា មុនី បានលើកឡើងថា តាំងពីយូរមកហើយ ទឹកប្រាក់ប្រមាណ៣៥០ដុល្លាសហរដ្ឋមេរិកត្រូវបានជួយចូលរួមចំណែក ដោយគណបក្ស សម រង្ស៊ី និងលោក សារ៉ូ ស៊ីវុត្ថា អតីតប្រធានចលនាយុវជន ដើម្បីលទ្ធិ ប្រជាធិបតេយ្យ។ លោកបានបន្ដទៀតថា “ យើងនៅមិនទាន់និយាយជាមួយសាលារាជធានីភ្នំពេញនៅឡើយទេថាតើសាលារាជធានីភ្នំពេញអាចជួយចូលរួមចំណែកបានចំនួនប៉ុន្មាននោះទេ ដើម្បីជួយដល់ខ្ទង់ចំណាយនេះ”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានមានប្រសាសន៍ថា មិនចាំបាច់មានក្រុមការងារមកជួយនោះទេ ដោយលោកបានលើកឡើងថា ក្រុមការងារនឹងធ្វើឲ្យដំណើរការនៃការសាងសង់អូសបន្លាយពេលវេលាទៅវិញទេ។ លោកបានបន្ដថា “ ប្រសិនបើគេមានឆន្ទៈនយោបាយពិតប្រាកដ ដើម្បីសាងសង់រូបសំណាកនេះពិតមែននោះ វាពិតជាត្រូវបានសាងសង់ឡើងយ៉ាងឆាប់រហ័ស”៕
(រាយការណ៍បន្ថែមដោយ Dene-Hern Chen)
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង